ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក់ឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរិ៍ ចាប់ពីម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង៥:០០នាទីល្ងាច និងមានរយៈពេល ២ខែ ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត ផ្ទះលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១ ខែមីនា។
នៅក្នុងសេចក្តីជូនដំណឹងក៏បានបញ្ជាក់ដែរថា ការបើកវគ្គបណ្តុះបណ្តាលនេះ ដោយសារតែកន្លងមកបងប្អូនដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ ភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានបណ្ណបើកបរត្រឹមត្រូវនោះទេ៕