សាលាក្រុង​រំឭក​ដល់​ពលរដ្ឋ​រស់​នៅ​សំណង់​ទល់មុខ​អគារ​ផ្សារ​ទំនើប​B.S​អំពី​ហានិភ័យ​នៃ​ការបាក់​ស្រុត​

02-03-2019 5:36 pm 1109

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ដែល​កំពុង​ស្នាក់​នៅ​លើ​អគារ​សហកម្មសិទ្ធិ ដែល​មាន​ទីតាំង​ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កម្ពុជា​ក្រោម ស្ថិត​នៅ​ខណ្ឌ​៧​មករា ថា អគារ​ដែល​ពលរដ្ឋ​កំពុង​ស្នាក់នៅ​បច្ចុប្បន្ន គឺ​មាន​ស្ថានភាព​ចាស់​ទ្រុឌទ្រោម និង​បាន​សាងសង់​ឡើង​តាំងពី​អំឡុង​ឆ្នាំ​១៩៥០ មកម្ល៉េះ ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១ ខែ​មីនា ។​

​ស្ថានភាព​នៃ​អគារ​ដែល​មាន​ទីតាំង​នៅ​ទល់មុខ​អគារ​ពាណិជ្ជកម្ម​ផ្សារ​ទំនើប B.S នេះ គឺ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង គួរឱ្យ​ព្រួយបារម្ភ ដោយសារ​តែ​សំណង់​នេះ ខ្វះ​ការថែទាំ ជួសជុល​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ពិសេស គ្រឿង​បង្គុំ​សំណង់​មាន​សភាព​ពុកផុយ ខូច​អស់​ប្រមាណ​៥០% អាច​បណ្តាល​ឱ្យ​រលំ​បាក់​ស្រុត​នៅពេល​ណា​មួយ ។​

​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ណែនាំ​នូវ​២​ចំណុច ៖

១. បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ស្នាក់​នៅ​លើ​អគារ​នេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិន​ត្រូវ​ផ្ទុក​សម្ភារៈ​ធ្ងន់​លើស​ទម្ងន់ ។​

២. បងប្អូន​ប្រជាពលរដ្ឋ​ស្នាក់​នៅផ្ទះ ដែល​មាន​សភាព​ប្រេះស្រាំ ខូចខាត​ខ្លាំង ត្រូវ​ស្វែងរក​ក្រុមហ៊ុន ឬ​វិស្វករ ដែល​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​ថែទាំ​ជួសជុល​ជា​បន្ទាន់ ។ ក្នុងករណី​ដែល​ផ្ទះ​របស់​បងប្អូន មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង មិន​អាច​ជួសជុល​បាន ត្រូវ​ផ្លាស់ប្តូរ​ទៅ​លំនៅឋាន​ថ្មី ដែល​មាន​សុវត្ថិភាព​ឱ្យបាន​ឆាប់រហ័ស ៕

ព័ត៌មានផ្សេងទៀត