ប៉ា​គី​ស្ថាន​​ធ្វើតាម​​សន្យា​បញ្ជូន​​អ្នកបើក​យន្ដហោះ​​ចម្បាំង​​ឥណ្ឌា​​ត្រឡប់​ទៅវិញ​

02-03-2019 8:40 am 652
រូបភាព​អ្នកបើកយន្ដហោះចម្បាំងឥណ្ឌា​ដែលប៉ាគីស្ថាន​ចាប់ខ្លួនបាន

​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃទី​០១​មីនា បាន​ធ្វើតាម​ការសន្យារ​បស់​ខ្លួន​ដោយ​ដោះលែង​អ្នកបើក​យន្ដហោះ​ចម្បាំង​ឥណ្ឌា​ម្នាក់​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ អ្នកបើក​យន្ដហោះ​រូបនោះ​ត្រូវ​ចាប់ខ្លួន​ក្នុង​តំបន់​កា​ស្មៀ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន បន្ទាប់ពី​យន្ដហោះ​របស់​គេ​ត្រូវបាន​កងកម្លាំង​ប៉ា​គី​ស្ថាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃទី​២៧​កុម្ភៈ ព្រោះតែ​ហោះហើរ​ក្នុង​ដែនអាកាស​ប៉ា​គី​ស្ថាន​គ្មាន​ការអនុញ្ញាត​។ តាមពិត​ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ឥណ្ឌា​ពី​រគ្រឿង ប៉ុន្ដែ​មួយគ្រឿង​ទៀត​ធ្លាក់​ក្នុង​ទឹកដី​ឥណ្ឌា​។ 

​ការបាញ់ប្រហារ​កើតឡើង​បន្ទាប់ពី​ប្រទេស​ទាំងពីរ ផ្ទុះ​កំហឹង​ជុំវិញ​ករណី​ឥណ្ឌា​ធ្វើ​ប្រតិ​បត្ដិការក​ម្ទេច​ក្រុមស​កម្មប្រយុទ្ធ​មាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ដែល​ប៉ា​គី​ស្ថាន​ថា​ជា​ទង្វើ​ខុសច្បាប់​ព្រោះ​គ្មាន​ការអនុញ្ញាត​។ កងកម្លាំង​នៅ​ព្រំដែន​កា​ស្មៀក៏​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​មួយ​ប្រាវ​ដែរ​។ ប៉ុន្ដែ​ជា​ចេតនា​មួយ​ក្នុងន័យ​ផ្សះផ្សារ​និង​ស្វែងរក​សន្ដិភាព ប៉ា​គី​ស្ថាន​យល់ព្រម​បញ្ជូន​អ្នកបើក​យន្ដហោះ​ចាប់ខ្លួនបាន​ត្រឡប់​ទៅវិញ តាម​ការទាមទារ​របស់​ភាគី​ឥណ្ឌា​។ 

​គួរ​បញ្ជាក់ថា ស្របពេល​កម្ដៅ​នៃ​ភាព​តានតឹង​កើតឡើង​ជាថ្មី​រវាង​ប្រទេស​នុយក្លេអ៊ែរ​ទាំងពីរ អន្ដរជាតិ​បាន​ទទូច​សុំឲ្យ​មាន​ការអត់ធ្មត់ បើ​មិន​អ៊ីចឹង​ទេ​នឹង​បង្ក​ផលវិបាក​រៀងៗ​ខ្លួន​។ ប្រទេស​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​បាន​ធ្វើសង្គ្រាម​ជាមួយគ្នា​បី​លើក​មកហើយ តាំងពី​ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ហើយ​បាន​បែកបាក់​គ្នា​ក្នុង​ឆ្នាំ​១៩៤៧​។ ក្នុងចំណោម​សង្គ្រាម​ទាំងបី​លើក​នោះ មាន​ម្ដង​ជា​សង្គ្រាម​ព្រំដែន​កា​ស្មៀ​។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​នៅតែ​រក្សាទុក​កងទ័ព​រាប់ពាន់នាក់ នៅ​តំបន់​ព្រំដែន​ដែលមាន​ជម្លោះ​ដដែល​៕

ព័ត៌មានផ្សេងទៀត