អា​ប៉េ ជា​ប្រភេទ​ល្ខោន​ជនបទ មាន​លក្ខណៈ​កំប្លុកកំប្លែង

01-03-2019 5:19 pm 1326
  ស្តាប់
ស្តាប់ជាសំឡេង

​បើ​តាម​សៀវភៅ​ទស្សនីយភាព​ខ្មែរ​បាន​លើកឡើង​ថា ល្ខោនអាប៉េ គឺជា​ទម្រង់​ល្ខោន​ដែល​ស្ទើរតែ​បាត់បង់​រូបរាង នៅក្នុង​សង្គម​កម្ពុជា ដោយសារតែ ទម្រង់​សិល្បៈ​នេះ បាន​អាក់ខាន​សម្តែង​ជាច្រើន​ឆ្នាំ ។ ក៏ប៉ុន្តែ សិល្បៈ​ល្ខោនអាប៉េ បាន​រស់​ឡើង​វិញ ដោយមាន​សិល្បករ​បាន​យក​មក​សម្តែង កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំនេះ ក្នុង​កម្មវិធី​មួយ​របស់​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ។ បើ​តាម​ការស្រាវជ្រាវ​បាន​លើកឡើង​ថា ល្ខោនអាប៉េ ត្រូវបាន​គ្រូ​ចាស់ៗ​លើកឡើង​នូវ​មតិ​ពីរ​ផ្សេងគ្នា មតិ​ទីមួយ​បានបញ្ជាក់​ថា អា​ប៉េ ជា​ខ្នែង​ដ៏​តូច​មួយ​របស់​របាំ​ព្រះ​រាជទ្រព្យ តែ​មតិ​ទី​ពីរ បានបញ្ជាក់​ថា អា​ប៉េ ជា​ទម្រង់​ល្ខោន​ជនបទ ដែល​ការសម្តែង មាន​លក្ខណៈ​កំប្លុកកំប្លែង សម្រាប់​បង្កើត​បរិយាកាស​សើច​សេង​សប្បាយ ។ យ៉ាងណាក៏ដោយ ល្ខោនអាប៉េ ក៏​ត្រូវបាន​មតិ​មួយ​ផ្សេង​ទៀត​លើកឡើង​ខុស​អំពី​មតិ​ទាំង​ពីរ​ខាង​លើ​ផង​ដែរ ...

​អា​ប៉េ គឺជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែរ ។ រហូតមកដល់​ឆ្នាំ​២០០៣ សិល្បៈ​ល្ខោនអាប៉េ ស្ទើរតែ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ នៅក្នុង​សង្គម​កម្ពុជា ។ ដោយសារ​តែ​ទម្រង់​សិល្បៈ​នេះ អាក់ខាន លែង​បាន​សម្តែង តាំងពី​យូរណាស់​មកហើយ និង​ម្យ៉ាងទៀត កាល​ពី​ទម្រង់​សិល្បៈ​នេះ នៅ​ធ្វើ​សកម្មភាព​សម្តែង​នៅ​ឡើយ​នោះ ក៏​មិនសូវ​បាន​សម្តែង​ច្រើន​ប៉ុន្មាន​ផង គឺ​សម្តែង​តែ​ក្នុង​តំបន់​ខ្លះៗ​ប៉ុណ្ណោះ ជាហេតុ​បណ្តាលឱ្យ​មាន​អ្នក​ស្គាល់ ឬ​ចេះ​ចាំ​អំពី​ទម្រង់​សិល្បៈ​នេះ​តិច ។​

​យ៉ាងណាក៏ដោយ ទម្រង់​សិល្បៈ​នេះ ត្រូវបាន​ក្រុម​សិល្បករ យក​មក​សម្តែង​ឡើងវិញ នៅក្នុង​កម្មវិធី «​ទាំងអស់គ្នា ដើម្បី​សិល្បៈ​បុរាណ​ខ្មែរ ល្ខោនអាប៉េ​» នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ ។​ ​កាល​គ្រានោះ សិល្បករ​បានជ្រើសរើស​រឿង អា​សព្វ​ជាតិ​និង​នាង​ពៅ យក​មក​សម្តែង ។ 

​ទម្រង់​សិល្បៈ​ល្ខោនអាប៉េ​នេះ ត្រូវបាន​បង្ហាញ​ឱ្យឃើញ​នូវ​មតិ​ពីរ​ខុសគ្នា ប៉ុន្តែ ទាមទារ​ឈ្មោះថា ជា​សិល្បៈ​អា​ប៉េ​ដូចគ្នា ។​

​មតិ​ទីមួយ គឺជា​មតិ​របស់​អ្នកគ្រូ​ចាស់ៗ នៅ​ព្រះបរមរាជវាំង មាន​អ្នកគ្រូ ជា ខាន់​, អ្នកគ្រូ ឯម ឆាយ ជាដើម ដែល​សុទ្ធតែ​ជា​គ្រូ​របាំ​ក្បាច់បុរាណ​ដ៏​ចំណានៗ និង​ធ្លាប់​រស់នៅ សិក្សា​រៀនសូត្រ របាំ​ព្រះ​រាជទ្រព្យ ក្នុង​ព្រះបរមរាជវាំង តាំង​ពី​តូចៗ​មក​នោះ បាន​មានប្រសាសន៍ថា អា​ប៉េ គឺជា​ខ្នែង​ដ៏​តូច​មួយ​របស់​របាំ​ព្រះ​រាជទ្រព្យ ដែល​គេ​និយម​ហៅ​ឈ្មោះថា អា​ប៉េ ឬ​យីកេ​សាសន៍ ។​

​សិល្បករ​បានបញ្ជាក់​ថា ទម្រង់​ល្ខោន​នេះ ជា​ទម្រង់​ល្ខោន​ច្រៀង​រាំ និង​មាននិយាយ​ផង ដែល​អ្នក​សម្តែង សុទ្ធតែ​ជា​ស្រីៗ ។ ល្ខោន​នេះ បាន​យក​ក្បាច់​របាំ​បុរាណ គឺ​របាំ​ព្រះ​រាជទ្រព្យ ជា​បាត ប៉ុន្តែ មិនមែន​ក្បាច់​នួន ទន់ភ្លន់ ទេ និង​ច្រើន​តែ​ឡ​ក ក្រមិចក្រមើម សម្តែង​រឿង​បរទេស​ខ្លីៗ ដូចជា រឿង​ចិន ចាម ជ្វា អារ៉ាប់ ឥណ្ឌា ភូមា ដែល​ជា​ទូទៅ គឺជា​រឿង​កំប្លុក​កំប្លែង ដើម្បី​កម្សាន្ត សើច​លេង​សប្បាយ​ប៉ុណ្ណោះ ។ 

​ចំពោះ​បទ​ភ្លេង និង​ចម្រៀង ភាគច្រើន ច្រើន​តែ​មាន​ចង្វាក់​ញាប់ រន្ថាន់ ញាក់ៗ សំរាប់​ជំរុញ​កាយវិការ ឡ​ក ក្រមិចក្រមើម ព្រម​ដោយ​ពាក្យ​បន្ទរ​ចម្រុះ​ជាតិ​សាសន៍ ពោល គឺ​មាន​ពាក្យ ភាសា​ខ្មែរ​ខ្លះ​ផង និង​ជា​ភាសាបរទេស​ខ្លះ​ចម្រុះ​គ្នា ។​

​របៀប​ដូច​បាន​ពោល​ខាងលើ អ្នក​កត់ត្រា​ក៏​ធ្លាប់​បាន​ឃើញ​ខ្លះ​ដែរ ពី​ពេល​ប៉ុន្មាន​ឆ្នាំ​មុន ពេល​ដែល​សង្គ្រាម​ស៊ីវិល ឆ្នាំ​១៩៧០ បាន​ផ្ទុះឡើង ។ ដោយ​កាលនោះ ឃុន មាឃ ព្រះ​ម្នាង​ម្នាក់ នៃ​ហ្លួង​ស៊ីសុវត្ថិ​មុនី​វង្ស ដែល​ជា​គ្រូរបាំ​ធំ និង​ល្បីល្បាញ​បំផុត​នៅក្នុង​ព្រះបរមរាជវាំង​ក្រុង​ភ្នំពេញ លោក​បាន​សម្តែង​បង្ហាញ​ក្នុងឱកាស​នោះ ។​

​ឯ​ឧបករណ៍​តន្ត្រី ប្រគំ​ជូន​សិល្បៈ​អា​ប៉េ​វិញ ឃើញ​មាន​កូន​ស្គរ​យីកេ​តូចៗ​ជា​មេ​ចង្វាក់ មាន​រនាតឯក និង​ឧបករណ៍​តន្ត្រី​ផ្សេងៗ​ទៀត​ខ្លះ​ផង ។ វង់​តន្ត្រី​ប្រភេទ​នេះ ឃើញ​ស្រដៀង​គ្នា​នឹង​វង់​តន្ត្រី​មួយ​វង់ ដែល​យើង​ធ្លាប់​បានឃើញ​នៅក្នុង​ខេត្ត​កេឡា​ន់​តាន់ ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ ១៩៦៩ ។​

​មតិ​ទី​ពីរ គឺ​តាម​គ្រូ​ក្រៅ​វាំង មាន​អ្នកគ្រូ ម៉ែ ម៉ឺន សិល្បការិនី​លើ​ឆាក​ដ៏​ល្បីល្បាញ និង​ជា​តារាភាពយន្ត​ដ៏​មាន​ប្រជាប្រិយភាព​ផង បាន​ពោល​ថា អា​ប៉េ គឺជា​ប្រភេទ​ល្ខោន​នៅ​ជនបទ ជា​ទម្រង់​ល្ខោន ច្រៀង​រាំ និង​និយាយ​ផង ដែល​អ្នក​សម្តែង សុទ្ធតែ​ប្រុស​ទាំង​អស់ សូម្បី​តែ​តួអង្គ​ស្រី ក៏​ត្រូវ​យក​សិល្បករ​ប្រុស​មក​តែង​តួ​ជា​ស្រី​ផងដែរ ហើយ​សម្តែង​តែ​រឿង ដែល​មាន​លក្ខណៈ​កំប្លុកកំប្លែង សម្រាប់​បង្កើត​បរិយាកាស​សើច​សេង​សប្បាយ ។​
​សម្រាប់​ឧបករណ៍​តន្ត្រី គេ​ឃើញ​ដូច​តន្ត្រី​នៃ​វង់​សិល្បៈ​អា​យ៉ៃ ដែល​មាន​ដូចជា ទ្រ ឃឹម ខ្លុយ ស្គរ​ដៃ ហើយ​មាន​ថែម​ទ្រអ៊ូ​ធំ​មួយ ធ្វើ​ពី​ប៉ោត​ប្រេងកាត​ថែមទៀត​ផង ។ 

​កាល​គ្រា​ដែល អ្នកគ្រូ ម៉ែ ម៉ឺន បញ្ជាក់​អំពី​ទិន្នន័យ​នោះ អ្នកគ្រូ​ក៏​បាន​យក​សិល្បករ​ផ្នែក​អា​យ៉ៃ នៃ​នាយកដ្ឋាន​សិល្បៈ​មក​សម្តែង​ជូន​ទស្សនិកជន ក្នុង​រយៈកាល​នោះ​ផង ។ តាម​ការសង្កេត​របៀប​សម្តែង​នេះ ឃើញ​មាន​លក្ខណៈ​ដូចគ្នា​បេះបិទ ទៅ​នឹង​ការសម្តែង​អា​យ៉ៃ​រឿង​ដែរ ។​

​តាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកស្រាវជ្រាវ ក្នុង​សៀវភៅ​ទស្សនីយភាព​ខ្មែរ ដដែល បាន​លើកឡើង​ថា ក្រុម​ស្រាវជ្រាវ​បាន​លើកយក​មក​បង្ហាញ​តែ​ពីរ​មតិ​ប៉ុណ្ណោះ ដោយ​មិន​បាន​និយាយ​ដល់​មតិ​ទី​បី ដែល​យក​ទម្រង់​សិល្បៈ​យីកេ​សុទ្ធសាធ ដោយ​គ្រាន់តែ​មាន​តួ​ត្លុក កាន់​ឧបករណ៍ «​ក្រា​ប់​» បន្ថែម​សម្រាប់​ឡក ហើយ​ប្រកាស​ថា អា​ប៉េ ដែរ​ផង​នោះទេ ។​

​ជារួម ការស្រាវជ្រាវ​មកទល់​ត្រឹម​ឆ្នាំ​២០០៣ ក្រុម​អ្នកស្រាវជ្រាវ មិនទាន់​មាន​មតិស្រប​គ្នា តើ​អា​ប៉េ គឺជា​ទម្រង់​ណាមួយ ក្នុង​រូបភាព​ល្ខោន​ទាំងពីរ ដូច​បាន​អធិប្បាយ​ក្នុង​អត្ថបទ​ខាងលើ​? ហើយ​សិល្បៈ​អា​ប៉េនេះ មាន​ប្រភព​មកពីណា កើតមាន​នៅពេល​ណា ក្នុងប្រទេស​កម្ពុជា​ទេ ៕

 ពាក្យគន្លឹះ  បទយកការណ៍ល្ខោនអាប៉េ

ព័ត៌មានផ្សេងទៀត