លោក​ផៃ ស៊ី​ផាន​​ចាត់ទុក​សមាជិក​ព្រឹទ្ធសភា​អាមេរិក​២​រូប​​ជា​ខ្មាំង​នឹង​កម្ពុជា​​

01-03-2019 3:19 pm 2929
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ២​រូប ដែល​បាន​ដាក់សំណើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យមើល​ឡើងវិញ​នូវ​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ដែល​បាន​ផ្តល់ឲ្យ​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ថា ជា​ខ្មាំង​ជាមួយ​កម្ពុជា​។

​សមាជិក​ព្រឹទ្ធសភា សហរដ្ឋអាមេរិក ២​រូប កាលពី​ថ្ងៃ​ពុធ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៩ បាន​ដាក់សំណើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យមើល​ឡើងវិញ​នូវ​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ដែល​បាន​ផ្តល់ឲ្យ​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ខណៈ​ដំណាក់កាល​នៃ​ការស្នើច្បាប់​នេះ​ទៅដល់​ការអនុម័ត​ច្បាប់​នឹងត្រូវ​ឆ្លងកាត់​នីតិវិធី​ជាច្រើន ហើយ​ត្រូវ​ការចាំបាច់​ការយល់ព្រម​ជាច្រើន​ដំណាក់​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវបាន​ដាក់​ស្នើ វា​ចាំបាច់​ត្រូវ​បញ្ជូនទៅ​គណៈកម្មាធិការ ដើម្បី​បោះឆ្នោត​យល់ព្រម​ឬ​បដិសេធ​មុនពេល​បញ្ជូនទៅ​ព្រឹទ្ធសភា​។ វា​ត្រូវ​ឆ្លងកាត់​ការតស៊ូ​មតិ​នៅ​សភា និង​ចាំបាច់​ត្រូវ​ទទួល​ការយល់ព្រម​ពី​ប្រធាន​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​សំណើ និង​ចាត់ទុក​ការស្នើ​របស់​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ២​រូប ថា ជាការ​រុញឱ្យ​កម្ពុជា ឃ្លាតឆ្ងាយ​ពី​កិច្ចសហការ និង​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អាមេរិក​។ ក្នុងនោះដែ​រលោក ផៃ ស៊ី​ផាន ក៏​បានចាត់ទុក​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ២​រូប គឺជា​ខ្មាំង​ជាមួយនឹង​កម្ពុជា​ផងដែរ​…………

​សំឡេង​៖

​ជាមួយគ្នា​នោះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា​រដ្ឋាភិបាល​កម្ពុជា មិនមាន​ការព្រួយបារម្ភ​ចំពោះ​ការ​ដកប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) របស់​សហរដ្ឋអាមេរិក​ឡើយ​។ មិនមាន​ការព្រួយបារម្ភ ត្រូវបាន​លោក ផៃ ស៊ី​ផាន អះអាងថា រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលមាន​សិទ្ធិ និង​សេរី​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត​។​

​សូមបញ្ជាក់ថា អាមេរិក ជា​ទីផ្សារ​មួយ​ស្ថិតក្នុង​ចំណោម​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា បន្ទាប់ពី​សហភាព​អឺរ៉ុប​។ យ៉ាងណាក៏ដោយ​បើតាម​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ឲ្យដឹងថា អាមេរិក បានផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ដល់​ប្រទេស កម្ពុជា សម្រាប់ ៨៥ ភាគរយ​នៃ​បន្ទាត់​ពន្ធគយ ខណៈ​មាន​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ​មិនត្រូវ​ដាក់បញ្ចូល​ក្នុង​បញ្ជី​។​

​លោក​បន្តថា​ផលិតផល​កម្ពុជា​ដែល​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​អាមេរិក​ដូចជា​សម្លៀកបំពាក់ និង​ស្បែកជើង ស្ថិតក្នុង​ចំណោម ១៥ ភាគរយ​នៃ​បន្ទាត់​ពន្ធគយ ដែល​តម្រូវឲ្យ​បង់​ពន្ធគយ​។ បន្ទាប់ពី​ខែកក្កដា ឆ្នាំ​២០១៦ នៅពេល​រដ្ឋាភិបាល​អាមេរិក​ត្រួតពិនិត្យ​ប្រព័ន្ធ​អនុគ្រោះ GSP ដល់​កម្ពុជា បានធ្វើឲ្យ​ទំនិញ​ធ្វើដំណើរ​ពី​កម្ពុជា នាំទៅ​ទីផ្សារ​អាមេរិក​ដោយ​រួច​ពន្ធ​៕

 ពាក្យគន្លឹះ  លោកផៃស៊ីផានGSPអាមេរិក

ព័ត៌មានផ្សេងទៀត