ប្រទេសប៉ាគីស្ថានបានសន្យាថា នឹងដោះលែងអ្នកបើកយន្ដហោះចម្បាំងឥណ្ឌាម្នាក់នៅថ្ងៃទី០១មីនានេះ ក្រោយចាប់ខ្លួននៅតំបន់កាស្មៀកាលពីថ្ងៃទី២៧កុម្ភៈ។ កាលនោះប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌាពីរគ្រឿង មួយគ្រឿងធ្លាក់ក្នុងទឹកដីប៉ាគីស្ថាននិងមួយគ្រឿងទៀតធ្លាក់ក្នុងទឹកដីឥណ្ឌា។ ការបាញ់ទម្លាក់ដោយសារតែយន្ដហោះទាំងពីរគ្រឿង ហោះក្នុងដែនអាកាសប៉ាគីស្ថាន ហើយក៏បន្ទាប់ពីឥណ្ឌាបើកការវាយប្រហារតាមជើងអាកាស លើទីតាំងក្រុមសកម្មប្រយុទ្ធមានមូលដ្ឋាននៅប៉ាគីស្ថានដោយគ្មានការអនុញ្ញាត។
ដើម្បីបង្ហាញពីឥរិយាបថស្វែងរកសន្ដិភាព ប៉ាគីស្ថាននឹងដោះលែងអ្នកបើកបរយន្ដហោះឥណ្ឌាទៅវិញ។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ដ្រីប៉ាគីស្ថាន។ ប៉ុន្ដែទោះបីជាមានការសន្យាបែបនេះក្ដី កងទ័ពឥណ្ឌានិងប៉ាគីស្ថានបានបន្ដបាញ់ប្រហារដាក់គ្នាទៅវិញទៅមក ឆ្លងកាត់បន្ទាត់ព្រំដែនបែងចែកតំបន់កាស្មៀ។ ភាគីឥណ្ឌាថាការយុទ្ធនាការរបស់ខ្លួន ដើម្បីប្រឆាំងភេរវកម្ម។ ឥណ្ឌាចោទថាប៉ាគីស្ថានជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ ប៉ុន្ដែត្រូវប៉ាគីស្ថានបដិសេធដាច់ខាត៕