ក្រោយ​​បញ្ចប់​​កិច្ចប្រជុំ​​នៅ​វៀតណាម​​កូរ៉េខាងជើង​​និយាយ​អ្វីខ្លះ​?

01-03-2019 9:46 am 1819
  ស្តាប់
រូបភាពនៃកិច្ចជំនួបលើកទីពីររវាងលោកគីមនិងលោកត្រាំ​នៅវៀតនាម
ស្តាប់ជាសំឡេង

​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន បាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ​កាលពី​ថ្ងៃទី​២៨​កុម្ភៈ ក្រោយ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៧​កុម្ភៈ​។ កិច្ចប្រជុំ​បិទ​បញ្ចប់​ប៉ុន្ដែ​គ្មាន​ការចុះ​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ អាច​និយាយបានថា​ជា​រឿង​ខកចិត្ដ​មួយ​ដែរ​។ ជុំវិញ​បញ្ហា​នេះ​លោក​ដូណាល់ ត្រាំ​បាន​និយាយថា គ្មាន​កិច្ចព្រមព្រៀង​ដោយសារតែ​កូរ៉េខាងជើង​សុំឲ្យ​ដក​ទណ្ឌកម្ម​។ ក្នុង​សន្និសីទកាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក​ត្រាំ​ថា​កូរ៉េខាងជើង​ទទូច​សុំឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង តែ​លោក​មិនអាច​ធ្វើតាម​បានទេ​។ លោក​ថា​ចាំបាច់​ត្រូវការ​ពេលវេលា​ត្រូវ​បន្ដដំណើរ​ទៅមុខទៀត​។​

​ប៉ុន្ដែ​សម្រាប់​ភាគី​កូរ៉េខាងជើង​វិញ បាន​បកស្រាយ​ក្នុង​សន្និសីទកាសែត​ថា កូរ៉េខាងជើង​នឹងមិន​ផ្លាស់ប្ដូរ​គោលជំហ​រដាច់​ខាត ទោះបីជា​មាន​កិច្ចពិភាក្សា​នៅពេល​ក្រោយ​ក៏ដោយ​។ រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​លោក​រី យ៉ុង​ហូ​លើកឡើងថា កូរ៉េខាងជើង​គ្រាន់តែ​ស្នើសុំ​ឲ្យ​ដក​ទណ្ឌកម្ម​ផ្នែក​ខ្លះ​ប៉ុណ្ណោះ មិនមែន​ដកចេញ​ទាំងស្រុង​ទេ​។ លោក​បន្ថែមថា​ប្រទេស​របស់លោក​បាន​បង្កើត​ភាពប្រាកដនិយម ក្នុងនោះ​មាន​ការបញ្ចប់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​យ៉ុង​ប្យុន​(Yongbyon) ក្រោម​ការឃ្លាំមើល​ពី​អ្នកសង្កេតការណ៍​អាមេរិក​ផងដែរ​។​

​គម្រោងការ​នេះ​គឺជា​វិធានការ​ដ៏​ធំ​បំផុត​នៃ​ការរំលាយ​នុយក្លេអ៊ែ​រ ដែល​កូរ៉េខាងជើង​បាន​យកមក​បង្ហាញ​ដើម្បី​បញ្ជាក់ឲ្យ​ឃើញ​ពី​ទំនុកចិត្ដ​រវាង​កូរ៉េខាងជើង​និង​សហរ​ដ្ឋ​អាមេរិក​។ កូរ៉េខាងជើង​គ្រាន់តែ​ចង់បាន​ការដក​ទណ្ឌកម្ម​ផ្នែក​ខ្លះ គឺជា​ទណ្ឌកម្ម​រារាំង​ដល់​សេដ្ឋកិច្ច​ស៊ីវិល​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កូរ៉េខាងជើង​។ លោក​រី​បន្ដថា ទីក្រុង​ព្យុងយ៉ាង​បាន​ផ្អាក​ការ​ធ្វើតេស្ដ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ជា​អចិន្ដ្រៃយ៍​ហើយ ដូច្នេះ​គោលជំហរ​នៃ​ការចង់បាន​ការដោះដូរ​មកវិញ​មិន​ផ្លាស់ប្ដូរ​ដាច់ខាត ទោះបី​អាមេរិក​គ្រោង​នឹង​រៀបចំ​ការចរចា​ម្ដងទៀត​នៅពេល​អនាគត​ក៏ដោយ​។ វា​អាចជា​រឿង​លំបាក​ដែល​រំពឹងថា​នឹង​មានឱកាស​ម្ដងទៀត ដូច​កិច្ចប្រជុំ​នៅ​ទីក្រុង​ហាណូយ​៕

ព័ត៌មានផ្សេងទៀត