អាជ្ញាធរ​ត្អូញត្អែរ​ពី​ការបង្ក្រាប​គ្រឿងញៀន​ខណៈ​រកឃើញ​ជាង​១​ពាន់​ទីតាំង​មាន​បទល្មើស​

28-02-2019 4:52 pm 945
  ស្តាប់
ស្តាប់ជាសំឡេង

​នាយការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ទាក់ទង​ទៅ​នឹង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេលកន្លងមក ខណៈ​រកឃើញ​ជាង​១​ពាន់​ទីតាំង ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ។ ការលើកឡើង​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​ការចេញផ្សាយ​ពី​គេហទំព័រ​នគរបាលជាតិ នៅ​រសៀល​ថ្ងៃ​ដដែល...

​នាយការិយាល័យ​គ្រឿងញៀន​បាន​លើកឡើង​ថា អាជ្ញាធរ​បាន​រកឃើញ​ក្លឹប​កម្សាន្ត ខារ៉ាអូខេ​បរទេស ចំនួន​២៩៧​ទីតាំង មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​បាន​បង្ក​ការលំបាក ស្មុគស្មាញ ទោះបីជា​មាន​ការធ្វើ​កិច្ចសន្យា​រួច​ហើយ​ក្តី ក៏​ម្ចាស់​ទីតាំង​មួយចំនួន នៅតែ​ឃុបឃិត​គ្នា​ផ្តល់​ទីតាំង និង​សម្រួល​ដល់​ការលក់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។​

​លោក​បញ្ជាក់ថា ជាក់ស្តែង ករណី​ថ្មីៗ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​កម្សាន្ត​មួយចំនួន គឺ​ខារ៉ាអូខេ​ប្រូ ឃាត់​មនុស្ស​៨​នាក់ និង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ឃាត់​មនុស្ស​ជាង​៣០០​នាក់ ដែល​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​គួរឱ្យ​ព្រួយបារម្ភ ។​

​នាយការិយាល័យ​គ្រឿងញៀន​រូបនេះ បញ្ជាក់​បន្តថា ការលក់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​គោលដៅ ទីតាំង​តំបន់​មិន​រៀបរយ ចំនួន​៤៥​គោលដៅ ក្នុងនោះ ការជួញដូរ​និង​ចែកចាយ​គ្រឿងញៀន ពុំ​មាន​លក្ខណៈ​ធំដុំ តែ ចែកចាយ​យ៉ាងសកម្ម ដែល​ភាគច្រើន ជនល្មើស​ប្រើ​ក្មេង​មិន​គ្រប់​អាយុ​ឱ្យ​ឈរ​លក់​ថ្នាំញៀន ចាប់ពី​អាយុ​១២​ទៅ​១៣​ឆ្នាំ ជា​អ្នក​កាន់​ថ្នាំញៀន​លក់​ទៅ​ឱ្យ​អ្នក​ចូល​មក​ទិញ យក​ទៅ​ប្រើប្រាស់ ។​

​គាត់​បាន​បញ្ជាក់ថា អ្វី​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ទៀត គឺ​បទល្មើស​គ្រឿងញៀន​ដែល​កើតមានឡើង​នៅ​តាម​ទីតាំង​ផ្ទះ​ជួល ផ្ទះសំណាក់ សណ្ឋាគារ និង​ទីតាំង​ផ្សេងៗ មាន​ចំនួន​៩៩៦​ទីតាំង ។ ទីតាំង​ទាំង​នេះ ជា​កន្លែង​ប្រមូលផ្តុំ​ទី​ជុំ​ស្នាក់នៅ​បណ្តោះអាសន្ន​របស់​ជនល្មើស សម្រាប់​ជួញដូរ ផលិត កែច្នៃ និង​ស្តុក​ទុក​គ្រឿងញៀន ។​

​យោងតាម​របាយការណ៍ និង​ការវាយតម្លៃ​សន្និដ្ឋាន​ឃើញថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៣ ត្រូវបាន​ជំរុញ​ខ្លាំងក្លា ដោយ​បង្ក្រាបបាន ២.០២៤​ករណី ឃាត់ខ្លួន​មនុស្ស​បាន ៣.៦៧០​នាក់ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​កន្លងទៅ ៕

ព័ត៌មានផ្សេងទៀត