នៅព្រឹកព្រលឹមថ្ងៃទី២៨ខែកុម្ភៈនេះ កងទ័ពឥណ្ឌានិងប៉ាគីស្ថាន បានផ្ទុះអាវុធដាក់គ្នារយៈពេលជាង១ម៉ោង នៅPoonch ជាស្រុកមួយ ស្ថិតនៅក្នុងរដ្ឋកាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា។ នេះបើតាមសេចក្តីថ្លែងការណ៍ទាហានឥណ្ឌា។ នៅក្នុងហេតុការណ៍នេះ កងទ័ពឥណ្ឌាបានបាញ់សងសឹក ទៅប៉ាគីស្ថានយ៉ាងកក្រើក។ តែពុំមានសេចក្តីរាយការណ៍ ពីចំនួនមនុស្សស្លាប់និងរបួសនោះទេ។ ជាមួយគ្នានោះ ឥណ្ឌា កំពុងសាងសង់លេនដ្ឋានជាង ១៤ ០០០កន្លែង នៅតាមបណ្តោយព្រំដែនឥណ្ឌាជាមួយប៉ាគីស្ថាន ស្ថិតនៅក្នុងរដ្ឋចាមមូនិងកាស្មៀ។ លេនដ្ឋាននេះ ទុកសម្រាប់ឲ្យក្រុមគ្រួសារ ដែលរស់នៅក្នុងតំបន់នេះ ចូលទៅពួនជ្រកដើម្បីរក្សាសុវត្ថិភាព ជំនួសឲ្យការជម្លៀសពួកគេចេញ នៅពេលដែលមានការប្រើប្រាស់កាំភ្លើងធំបាញ់គ្នាម្តងៗ។
ដោយឃើញស្ថានការណ៍បែបមិនស្រួល អាមេរិក ចិននិងប្រទេសមហាអំណាចក្នុងពិភពលោកផ្សេងទៀត បានចេញមកអំពាវនាវ ឲ្យឥណ្ឌានិងប៉ាគីស្ថានរក្សាភាពអត់ធ្មត់។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា និងប៉ាគីស្ថាន ដោយជំរុញ ភាគីទាំងពីរ ចៀសវាងបញ្ចេញសកម្មភាពយោធាបន្ថែមទៀត ហើយផ្តោតទៅលើការធ្វើយ៉ាងណា ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ប្រមុខការទូតកំពូលរបស់ចិនលោកវ៉ាង យីវិញបាននិយាយតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi និងបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ាន ខាន់បានប្រកាសពីបំណងបន្ថយភាពតានតឹងដែរ។ ដោយធ្លាប់មានប្រវត្តិធ្វើសង្គ្រាមបង្ហូរឈាមនឹងគ្នា លទ្ធផលទទួលបានតែការខាតបង់ លោកនិយាយថា យើងគួរតែនាំគ្នាអង្គុយចុះហើយជជែកគ្នា ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។ ការបាញ់ទម្លាក់យន្តហោះយោធាឥណ្ឌា គឺជាការបង្ហាញឲ្យឃើញ ពីសមត្ថិភាពរបស់ប៉ាគីស្ថាន ដែលមិនមែននរណាចេះតែបំពានដែនអធិបតេយ្យបានតាមតែចិត្តនោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់មានការឆ្លើយបែបណា ពីឥណ្ឌានៅឡើយទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧កុម្ភៈ ប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធារបស់ឥណ្ឌាពីរគ្រឿង និងចាប់បានអ្នកបើកយន្ដហោះម្នាក់។ យន្ដហោះត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសប៉ាគីស្ថាន ក្បែរតំបន់ព្រំដែនជាមួយប្រទេសឥណ្ឌា។ ការបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា ធ្វើឡើងបន្ទាប់ពីឥណ្ឌាបើកការវាយប្រហារតាមអាកាស លើមូលដ្ឋានក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ាគីស្ថានថា ឥណ្ឌាធ្វើបែបនេះជាការរំលោភបំពាន ដូច្នេះខ្លួននឹងចាត់វិធានការសងសឹក។ ឥណ្ឌាចោទថាប៉ាគីស្ថានជាអ្នកផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធ ទើបក្រុមនេះមានឱកាសវាយប្រហារលើទាហានឥណ្ឌាកាលពីពាក់កណ្ដាលខែកុម្ភៈ សម្លាប់មនុស្សជាច្រើននាក់។ ឥណ្ឌាក៏ចោទប៉ាគីស្ថានជាអ្នកនៅពីក្រោយការវាយប្រហារកាលនោះ ប៉ុន្ដែនាយករដ្ឋមន្ដ្រីប៉ាគីស្ថានបដិសេធ ហើយលោកក៏ព្រមសហការក្នុងការស៊ើបអង្កេតនេះផងដែរ បើឥណ្ឌាចង់៕