លោក​ត្រាំ​​មិន​ចុះ​​កិច្ចព្រមព្រៀង​​ជាមួយ​​លោក​គីម​​ដោយសារ​​ការទាមទារ​​ឲ្យ​ដក​​ទណ្ឌកម្ម​

28-02-2019 3:21 pm 2082
  ស្តាប់
លោកដូណាល់ ត្រាំពេលធ្វើសន្និសីទកាសែតក្រោយបញ្ចប់កិច្ចប្រជុំនៅវៀតណាម
ស្តាប់ជាសំឡេង

​កិច្ច​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នា​ថ្ងៃទី​២៨​កុម្ភៈ បាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ ប៉ុន្ដែ​ពុំមាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​ណាមួយ​ទេ​។ ទោះបីជា​គ្មាន​កិច្ចព្រមព្រៀង​រួម ប៉ុន្ដែ​កិច្ចប្រជុំ​ដំណើរការ​យ៉ាង​ល្អ​។ នេះ​បើតាម​ការបញ្ជាក់​ពី​សេត​វិមាន​ក្នុង​សេចក្ដីថ្លែងការណ៍​។ ទាក់ទង​នឹង​មូលហេតុ​ដែល​គ្មាន​កិច្ចព្រមព្រៀង លោក​ត្រាំ​ថា​ដោយសារតែ​ការទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​។​

​ក្នុង​សន្និសីទកាសែត​នៅ​ក្រុង​ហាណូយ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក​ត្រាំ​និយាយថា​គ្មាន​កិច្ចព្រមព្រៀង ព្រោះ​លោក​គីម​ស្នើសុំ​ឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង ប៉ុន្ដែ​លោក​មិនអាច​ធ្វើ​បានទេ​។ លោក​ថា​ត្រូវការ​ពេលវេលា​បន្ដដំណើរ​ទៅមុខទៀត  ដែល​ករណីនេះ​ជា​ពេលវេលា​មួយ​កំពុង​ត្រូវការ​នោះ​ហើយ​។ ការដាក់ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ គឺជា​ចំណុច​ជាប់គាំង​។ យ៉ាងណាមិញ​លោក​ពិតជា​មាន​សុទិដ្ឋិនិយម ដែល​បាន​ធ្វើឲ្យមាន​ដំណើរកា​រ​ល្អ​ទៅមុខ​ទាំង​មុន​និង​ក្នុង​កិច្ចប្រជុំ ហើយ​លោក​ជាមួយ​លោក​គីម ជុង​អ៊ុន​ស្ថិត​លើ​ទីតាំង​អាច​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ពេលអនាគត​។ លោក​ចង់​ធ្វើ​រឿងនេះ​ឲ្យបាន​ត្រឹមត្រូវ ជាជាង​ធ្វើ​វា​ដោយ​បង្ខំ​លឿន​ពេក​។​

​ក្នុង​សន្និសីទកាសែត​លោក​ត្រាំ​បានបញ្ជាក់​បន្ថែមថា លោក​គីម​នឹងមិន​ធ្វើតេស្ដ​មី​ស៊ី​ល​ឬ​នុយក្លេអ៊ែរ​ទៀត​ទេ ហើយក៏​គ្មាន​ការរៀបចំ​ផែនការ​សម្រាប់​កិច្ច​ជំនួប​លើក​ទី​បី​ដែរ ទោះបី​លោក​អះអាងថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ក៏ដោយ​។ “​យើង​ចូលចិត្ដ​គ្នា យើង​ពិតជា​មាន​ភាពកក់ក្ដៅ​ជាមួយគ្នា ហើយ​ខ្ញុំ​សង្ឃឹមថា​ភាពកក់ក្ដៅ​នេះ​នឹង​បន្ដ​ជា​រៀងរហូត​។​” នេះ​ជា​សម្ដី​លោក​ត្រាំ​។​

​ជា​ការកត់សម្គាល់​កិច្ចប្រជុំ​លើក​ទី​ពីរ​នេះ មាន​ក្ដី​រំពឹងថា​នឹង​អាច​ឈានដល់​កិច្ចព្រមព្រៀង​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ក្រោយ​ជាប់គាំង​តាំងពី​កិច្ចប្រជុំ​លើកទីមួយ​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​។ ប៉ុន្ដែ​គ្រប់យ៉ាង​មិន​ដូច​កា​រំពឹងទុក វា​បែរជា​ជួប​រឿង​បរាជ័យ​ទៅវិញ​។ មិន​ត្រឹមតែ​គ្មាន​កិច្ចព្រមព្រៀង​រួម ក៏មាន​ការផ្លាស់ប្ដូ​រកា​ល​វិភាគ​នៃ​កិច្ចប្រជុំ​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ជាមួយ​លោក​គីម ជុង​អ៊ុន លោក​ត្រាំ​បាន​ធ្វើដំណើរ​តាម​យន្ដហោះ​ចាកចេញ​ពី​អាកាសយានដ្ឋាន​ណូយ​បៃ ត្រឡប់​ទៅ​អាមេរិក​វិញ​ហើយ​។ លោក​ត្រាំ​បាន​ធ្វើដំណើរ​ទៅដល់​វៀតណាម​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​៕

ព័ត៌មានផ្សេងទៀត