លោក​ប្រាក់ សុខុន​ ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​ថា​ បស្ចិមប្រទេស​​មាន​ចេតនា​​ជ្រៀតជ្រែក​​ផ្ទៃក្នុង​​កម្ពុជា​

28-02-2019 10:59 am 996
  ស្តាប់
លោក​ប្រាក់ សុខុន​នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​សម័យប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែ​វ
ស្តាប់ជាសំឡេង

«​បច្ចុប្បន្ននេះ កម្ពុជា កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​នៃ​ទស្សនៈ​ពីរ​ផ្ទុយគ្នា​ស្រឡះ​គួរឲ្យ​សោកស្តាយ​។ មតិ​ជាច្រើន ចាត់ទុក​កម្ពុជា​ជា​រឿង​ជោគជ័យ នៃ​ប្រទេសមួយ​ដែល​បាន​បំផ្លាញ​ទាំងស្រុង ដុត​កម្ទេច​រាប​ដល់​ដី​ដោយ​ភ្លើងសង្គ្រាម ...​ហើយ​បាន​ងើប​ពី​ផេះផង់ .... សម្រេចបាន​នូវ​ការវិវត្ត​ប្រែប្រួល​នៃ​សេដ្ឋកិច្ចសង្គម​ដ៏​ធំធេង តែ​បែរជា​ទាមទារ​ឲ្យមាន​លក្ខណៈ​ឥតខ្ចោះ ជា​ប្រជាធិបតេយ្យ​គំរូ ដែល​សូម្បីតែ​ប្រទេស​ដែល​កំពុងតែ​រិះគន់​កម្ពុជា ក៏​មិនអាច​សម្រេចបាន​...»​។ 

​នៅក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​សម័យប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​២៥ កុម្ភៈ កន្លងទៅ លោក​ប្រាក់ សុខុន បាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា បស្ចិមប្រទេស​មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​កម្ពុជា​។​

​លោក​បានលើកឡើង​នៅក្នុង​បទ​អន្តរាគមន៍​នៃ​កិច្ចប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ​ថា នៅពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង​ប្រកាស​ជា​សាធារណៈ​ថា ពួកគេ​និង​គណបក្ស​របស់​ពួកគេ បានទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បចេ្ចកទេស​ពី​អំណាចប​រទេស ដើម្បី​ផ្តួលរំលំ​តាមរយៈ​មធ្យោបាយ​ខុសច្បាប់ នូវ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​ស្ថាប័ន សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេស​យើង​នោះទេ​។​

​លោក​ប្រាក់ សុខុន ថ្លែងថា បើទោះជា​មាន​ភស្តុតាង​ច្បាស់លាស់​យ៉ាងណាក៏ដោយ ក៏មាន​រដ្ឋាភិបាល​បស្ចិម​ប្រទេស​មួយចំនួន បាន​តវ៉ា​ដេញដោល​លើ​អង្គហេតុ ដែល​យើង​យកមក​បញ្ជាក់​អំពី​ការសម្រេចចិត្ត​នេះ​។ លោក​ចោទ បច្ចឹម​ប្រទេស​ទាំង​នោះថា មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដែល​នេះ​ជា​អាកប្បកិរិយា ដែល​កម្ពុជា​មិនអាច​ទទួលយកបាន​ទាល់តែសោះ​។​

​ប៉ុន្តែ យ៉ាងនេះ ក្តី លោក​ប្រាក់ សុខុន អះអាង​ប្រាប់​អង្គប្រជុំ​ថា កម្ពុជា​បាន​ខិតខំ​ធ្វើ​ការចរចា​ជាមួយ​អ្នក​ទាំងឡាយណា​ដែល​គាំទ្រ​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ​ប្រក​បដោយ​សន្តិភាព ដើម្បី​ស្វែងរក​មធ្យោបាយ​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​អាចដំណើរ​ការទៅបាន ជាមួយ​ស្ថិរភាព​នយោបាយ និង​ធ្វើឲ្យ​ប្រព័ន្ធ​ពហុបក្ស និង​សន្តិភាព​សាធារណៈ ដើរ​ស្របគ្នា​បាន​។ លោក​ថា ក្នុង​ស្មារតី​នេះ កម្ពុជា​បាន​ចាត់វិធានការ​តាម​បញ្ញត្តិ​ច្បាប់ ដើម្បី​អនុញ្ញាតឲ្យ​អតីត​ថ្នាក់​ដឹកនាំ​បក្សប្រឆាំង​ទាំង​១១៨​រូប ធ្វើ​សមាហរណកម្ម​ពេញលេញ ទៅក្នុង​ជីវិត​នយោបាយ​ឡើងវិញ ផងដែរ​។​បន្ថែម​លើ​នេះ រដ្ឋាភិបាល​ក៏បាន​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស​ផងដែរ​។​

​លោក​បាន​លើកយក​ការអះអាង​របស់ លោក​ហ៊ុន សែន ថ្លែង​ចំពោះ ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប​. ថ្មីៗ​នេះ​ថា កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយក៏​ប្តេជ្ញា​ការពារ​សន្តិភាព ដែល​បានមក​ដោយ​លំបាក​នេះ ជា​សន្តិភាព​ដែល​មានតម្លៃ​ធំធេង​បំផុត ចំពោះ​ប្រជាជន ដែល​បាន​ឆ្លងកាត់​អតីតកាល​ដ៏​ខ្លោចផ្សា ដូចដែល​អ្នក​ទាំងអស់​គ្នា​បាន​ដឹងលឺ​យ៉ាង​ច្បាស់លាស់​។​

​ទាំងនេះ គឺជា​ខ្លឹម សារ​មាន​នៅក្នុង​បទ​អន្តរាគមន៍​របស់លោក​ប្រាក់ សុខុន ថ្លែង​ក្នុង​សម័យប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​២៥ កុម្ភៈ កន្លងទៅ​៕

 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត