សំរាម​នៅ​ខេត្ត​ព្រះសីហនុ​​នឹង​លែង​ចោទ​ជា​បញ្ហា​​បើ​.....​

28-02-2019 10:43 am 475
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា សំរាម​នៅ​ខេត្ត​ព្រះសីហនុ នឹង​លែង​ជា​បញ្ហា​ចោទ ប្រសិនបើ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចេញពី​ទីប្រជុំជន​ទាន់ពេលវេលា ហើយ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ខណៈ​បញ្ហា​សំរាម​នៅ​ខេត្ត​មួយ​នេះ ត្រូវបាន​សកម្មជន​ការពារ​បរិស្ថាន រិះគន់​អាជ្ញាធ​រថា គ្មាន​សមត្ថភាព​គ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។

​ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំ​តាមដាន ត្រួតពិនិត្យ និង​ផ្តល់​ការគាំទ្រ​បច្ចេកទេស ការអនុវត្ត​មុខងារ ដែល​ផ្ទេរ​ពី​ក្រសួងបរិស្ថាន ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្តោត​សំខាន់​លើ​ការតាមដាន​ការណែនាំ​អនុវត្ត​អនុក្រឹត្យ​លេខ​១១៣ អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង នៅ​ទីប្រជុំជន​ក្រុង ស្រុក​និង​តាម​ដង​ផ្លួវជាតិ នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ធ្វើ​ប្រតិភូកម្ម​ជូន​មក​ថ្នាក់ក្រោម​ជាតិ​។​

​លោក ចាយ សា​មិត្ត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា ក្រសួង​បានធ្វើ​ប្រតិភូកម្ម​មកឱ្យ​ថ្នាក់ក្រុង ស្រុក ជា​អ្នកអនុវត្ត​ការប្រមូល​សំរាម​ចេញពី​ទីប្រជុំជន ដើម្បី​ធានា​បរិស្ថាន​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​លើកកម្ពស់​សោភ័ណភាព​ទីក្រុង ទីប្រជុំជន​ក្រុង ស្រុក​។ លោក ចាយ សា​មិត្ត បាន​លើកឡើងថា សំរាម​នឹង​លែង​ជា​បញ្ហា​ចោទ ប្រសិនបើ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចេញពី​ទីប្រជុំជន​បាន​ទាន់ពេលវេលា ហើយ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​។​

​យ៉ាងណាក៏ដោយ​ចំពោះ​បញ្ហា​សំរាម​នៅ​ខេត្ត​ព្រះសីហនុ​នេះ ត្រូវបាន​សកម្មជន​ការពារ​បរិស្ថាន លោក ថុន រដ្ឋា រិះគន់​លើ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ថា គ្មាន​សមត្ថភាព​គ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ ខណៈ​ខេត្ត​ព្រះសីហនុ​កំពុង​បាត់បង់​សោភ័ណភាព​របស់ខ្លួន​បន្តិចម្តងៗ ដោយសារតែ​ការ​បំពុលបរិស្ថាន បង្កឡើង​ដោយ​បញ្ហា​សំរាម និង​ការ​បង្ហូរទឹក​កខ្វក់​ចូលទៅក្នុង​សមុទ្រ​។ សកម្មជន​បរិស្ថាន​ស្នើ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​រក្សាបាន​នូវ​សក្ដានុពល​ទេសចរណ៍​នៅក្នុង​ខេត្ត​មួយ​នេះ​ផងដែរ​។​

​សកម្មជន​បរិស្ថាន​លោក ថុន រដ្ឋា អះអាងថា ការគ្រប់គ្រង​សំរាម​មិន​បានល្អ បាន​ចោទ​ជា​បញ្ហា​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ​យ៉ាងខ្លាំង​។​សកម្មជន​រូបនេះ​កត់សម្គាល់ថា ការគ្រប់គ្រង​សំរាម​មិនបាន​ត្រឹមត្រូវ កើតឡើង​ក្រោយពេល​មាន​ការរីកដុះដាល​ខាង​វិស័យ​សំណង់ និង​ហេដ្ឋារចនាសម្ពន្ធ ព្រមទាំង​ការកើនឡើង​នៃ​ជន​ជាតិចិន​ក្នុង​ខេត្ត​ព្រះសីហនុ​៕

ព័ត៌មានផ្សេងទៀត