រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​GMAC​ឯកភាពគ្នា​៣​ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​

28-02-2019 10:35 am 589
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ បាន​ប្រជុំ​ពិភាក្សាគ្នា ពិគ្រោះ​យោបល់​អំពី​ការផ្លាស់ប្តូរ​ទីតាំង​រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ​បម្រើឱ្យ​វិស័យ​កាត់ដេរ​ទាំងអស់​ក្នុង​រាជធានី ក្នុងន័យ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​រាជធានី​ភ្នំពេញ ។ យ៉ាងណាក៏ដោយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន...

​បន្ទាប់​ពី​ការពិភាក្សា​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយនឹង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ត្រូវបាន​បញ្ចប់ ភាគី​ទាំងពីរ បាន​ឯកភាព​លើ​៣​ចំណុច​សំខាន់ៗ រួមមាន ៖ 

១. បង្កើត​ក្រុមការងារ​រួមមួយ​ដែល​មាន​សមាសភាព​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា ដើម្បី​ប្រជុំ​កំណត់​ប្រភេទ និង​ទំហំ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ តម្រាយ​ផ្លូវ​ហាមឃាត់ និង​កំណត់​ពេលវេលា​ម៉ោង​ចេញ​-​ចូល សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅ​រាជធានី​ភ្នំពេញ ។​

២. ក្រុមការងារ​រួម​នេះ នឹង​ធ្វើ​ការប្រជុំ​រៀងរាល់​មួយ​ខែម្តង ឬ​បី​ខែម្តង តាម​ការចាំបាច់ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​រាជធានី​ភ្នំពេញ និង​ដោះស្រាយ​បញ្ហា​កង្វល់​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

៣. ចំពោះ​ការសាងសង់​រោងចក្រ ដែល​មាន​ក្រឡា​ផ្ទៃ​ក្រោម ៣​ពាន់​ម៉ែត្រការ៉េ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្រួល​បែបបទ តាម​សេវា​ច្រកចេញចូល​តែ​មួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​ជួយ​កាត់បន្ថយ​ពេលវេលា ដើម្បី​ឆាប់​បាន​ដំណើរការ​សាងសង់ ៕

ព័ត៌មានផ្សេងទៀត