ឥណ្ឌា​ទាមទារ​ឲ្យ​ប៉ាគី​ស្ថាន ដោះលែង​អ្នកបើក​យន្តហោះ​យោធា​

28-02-2019 10:34 am 552
វីដេអូបង្ហាញពីយោធាឥណ្ឌាដែលចាប់ខ្លួនបាន

​ឥណ្ឌា​ទាមទារ​ឲ្យ​ប៉ាគី​ស្ថាន ដោះលែង​អ្នកបើក​យន្តហោះ​យោធា​របស់ខ្លួន​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅពេល ប៉ា​គី​ស្ថាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​ឥណ្ឌា​។  យោងទៅតាម​រូបភាព នៅក្នុង​វីដេអូ បង្ហាញឲ្យឃើញ មុខ​របស់លោក​Abhinandan ប្រឡាក់​សុទ្ធតែ​ឈាម​ក្រហមឆ្អៅ ភ្នែក​របស់គាត់​ត្រូវបាន​គេ​យក​ក្រណាត់​បិទ​ជិត ហើយ​រាងកាយ​កងទ័ពអាកាស​ឥណ្ឌា​ម្នាក់នេះ មាន​សភាព​ទ្រុឌទ្រោម ដោយសារតែ​ត្រូវ​អ្នកស្រុក​រស់នៅ​តំបន់​កា​ស្មៀ គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​វាយដំ​។ 

​នៅក្នុង​វីដេអូ​នោះ គេ​ក៏​លឺ​សំឡេង​លោក​Abhinandan ស្នើសុំ​ទឹក​ផឹក​ផងដែរ ក្រោយពី​ត្រូវបាន​ចាប់ខ្លួន​។ ឥណ្ឌា ថា​មិន​សមរម្យ​ទេ ដែល​បង្ហាញ​រូបភាព​កងកម្លាំង​របស់ខ្លួន មាន​របួស​បែបនេះ​។ ក្រោយ​ចាប់ខ្លួន លោក​Abhinandan ត្រូវបាន​គេ​សួរ​សំណួរ​មួយចំនួន ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ អង្គភាព និង​បេសកកម្ម​របស់គាត់​។ តែ​លោក​មិនបាន​ឆ្លើយ​លម្អិត​គ្រប់​សំណួរ​ឡើយ ជាពិសេស ពាក់ព័ន្ធ​នឹង​បេសកកម្ម​ដែល​លោក​Abhinandan បំពេញ​រហូត​ត្រូវ​ចាប់ខ្លួនបាន​។​

​យ៉ាងណា​ក្រោយមក វីដេអូ​ដែល​បង្ហោះ​ដោយ​ក្រសួង​ព័ត៌មាន​ប៉ា​គី​ស្ថាន ត្រូវបាន​លុបចេញ​វិញ​ផងដែរ​។ បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​យោធា​ប៉ា​គី​ស្ថាន​លោក Asif Ghafoor​ថា ​អ្នកបើក​យន្តហោះ​យោធា​ឥណ្ឌា​រូបនោះ ត្រូវបានទទួល​ការ​ព្យាបាល ទៅតាម​បទដ្ឋាន​របស់​យោធា​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៧​កុម្ភៈ ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្ដហោះ​យោធា​របស់​ឥណ្ឌា​ពី​រគ្រឿង និង​ចាប់បាន​អ្នកបើក​យន្ដហោះ​ម្នាក់​។ យន្ដហោះ​ត្រូវបាន​បាញ់​ទម្លាក់​នៅក្នុង​ដែនអាកាស​ប៉ា​គី​ស្ថាន ក្បែរ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា​។ នៅក្នុង​នោះ​មួយគ្រឿង​ធ្លាក់​ក្នុង​តំបន់​កា​ស្មៀ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន និង​មួយគ្រឿង​ទៀត​ធ្លាក់​ក្នុង​តំបន់​កាន់កាប់​ដោយ​ឥណ្ឌា​៕

 ពាក្យគន្លឹះ  ឥណ្ឌាប៉ាគីស្ថាន

ព័ត៌មានផ្សេងទៀត