សម្ដី​​ដ៏​មាន​​អត្ថន័យ​​របស់​លោក​ត្រាំ​​និង​លោក​គីម​​ក្នុង​កិច្ចប្រជុំ​​ថ្ងៃ​ដំបូង​​នៅ​វៀតណាម​

28-02-2019 8:31 am 1337
  ស្តាប់
លោកគីម ជុងអ៊ុន(ស្ដាំ)​និងលោកដូណាល់ ត្រាំពេលជួបគ្នា​នៅវៀតណាម
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ថ្ងៃទី​មួយ​នៅក្នុង​ប្រទេស​វៀតណាម​ហើយ​។ កិច្ចប្រជុំ​ថ្ងៃទី​ពីរ​ត្រូវ​បន្ដ​នៅ​ថ្ងៃទី​២៨​កុម្ភៈ​នេះ​ទៀត​។ អន្ដរជាតិ​កំពុង​តាមដាន​យ៉ាង​យក​ចត្ដ​ទុកដាក់ រង់ចាំ​មើលថា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ទាក់ទង​នឹង​ការរំលាយ​នុយក្លេអ៊ែរ​ឬទេ​។ នេះ​ក៏​ជា​កិច្ចប្រជុំ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​ឆ្នាំមុន​ផងដែរ​។ 

​នៅពេល​ចាប់ផ្ដើម​កិច្ចប្រជុំ​ថ្ងៃ​ទីមួយ​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៧​កុម្ភៈ​នេះ លោក​គីម ជុង​អ៊ុន​បាន​និយាយ​ដូច្នេះ​ថា “​យើង​ស្ថិតនៅ​ទីនេះ​រយៈពេល​២៦១​ថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំ​លើកទីមួយ ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​។ យើង​អាចមាន​កិច្ចប្រជុំ​ដ៏​អស្ចារ្យ​នេះ ក៏​ដោយសារតែ​ការសម្រេចចិត្ដ​ផ្នែកន​យោបា​យ​យ៉ាង​ពិសេស​របស់​អ្នក​។ អស់​រយៈពេល​២៦១​ថ្ងៃ​កន្លងមក យើង​បាន​ទទួលរង​នូវ​ការឈឺចាប់​ដោយសារតែ​រឿង​មិន​ទុកចិត្ដ​គ្នា និង​ការយល់ច្រឡំ​ទៅវិញទៅមក​។ ភាព​តានតឹង​ជា​ប្រវត្ដិសាស្ដ្រ​របស់​យើង បាន​គំរាមកំហែង​ផ្លូវ​ដើរ​របស់​យើង​។ ប៉ុន្ដែ​យើង​បាន​យកឈ្នះ​លើ​ឧបសគ្ក ហើយ​បានមក​ជួបគ្នា​ម្ដងទៀត​នៅក្នុង​ប្រទេស​វៀតណាម​។ ក្នុងអំឡុងពេល​នេះ​វា​ពិតជា​ទាមទារ​ភាព​អត់ធ្មត់ រួមជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​ច្រើនជាង​ពេលណា​ទាំងអស់​។ កិច្ចប្រជុំ​ជាមួយ​អ្នក​នៅទីនេះ ខ្ញុំ​ជឿជាក់ថា​យើង​អាចបង្កើត​លទ្ធផល​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព​ដើម្បី​ទទួលជោគជ័យ​។​”

​ចំណែក​លោក​ត្រាំ​វិញ​បានលើកឡើង​បែបនេះ​ដែរថា “​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​ជួប​ជាមួយ​អ្នក​។ យើង​មាន​កិច្ចប្រជុំ​ដ៏​ជោគជ័យ​លើកទីមួយ​ជាមួយគ្នា​។ ខ្ញុំ​យល់ថា​នោះ​ជា​ជោគជ័យ​យ៉ាង​អស្ចារ្យ​បំផុត​ហើយ​។ មនុស្ស​ជាច្រើន​កំពុង​ចង់ឃើញ​វា​ដំណើរការ​ទៅមុខ​បាន​ឆាប់រហ័ស​។ ខ្ញុំ​ក៏​ពេញចិត្ដ ហើយ​អ្នក​ក៏​ពេញចិត្ដ​។ យើង​ចង់​មាន​ភាព​រីករាយ​ទាំងអស់គ្នា ជាមួយ​អ្វីដែល​យើង​កំពុង​ធ្វើ​។ ប៉ុន្ដែ​ខ្ញុំ​គិតថា​កិច្ចប្រជុំ​លើកដំបូង​គឺជា​ជោគជ័យ​ធំ​បំផុត រីឯ​កិច្ចប្រជុំ​លើក​នេះ​ក៏​មិន​ខុសពី​លើក​មុន​ដែរ ឬ​អាច​ល្អ​ជាង​លើកទីមួយ​ផង​ក៏​ថា​បាន​។ យើង​បាន​ធ្វើឲ្យមាន​ការរីក​ចម្រើន​យ៉ាងច្រើន ហើយ​ខ្ញុំ​គិតថា​ដំណើរការ​ដ៏​ធំ​បំផុត​មួយ គឺជា​ទំនាក់ទំនង​របស់​យើង​។ ខ្ញុំ​បាន​និយាយ​ច្រើនលើកច្រើនសារ ខ្ញុំ​ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន និង​ប្រាប់​មនុស្ស​ជាច្រើន​ទៀត​ដែល​ចង់​ស្ដាប់ ថា​ប្រទេស​របស់​អ្នកមាន​សក្ដានុពល​សេដ្ឋកិច្ច​យ៉ាង​សម្បើម​មិនគួរឲ្យ​ជឿ​និង​គ្មាន​ដែនកំណត់​។ ខ្ញុំ​គិតថា​អ្នកនឹង​មាន​អនាគត​ត្រចះត្រចង់​ជាមួយ​ប្រទេស​របស់​អ្នក ក្លាយជា​មេដឹកនាំ​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​ថ្ងៃនោះ​មកដល់ ក៏ដូចជា​ជួយ​ឲ្យ​វា​កើតឡើង​។​”

​បន្ទាប់ពី​កិច្ចពិភាក្សា​មួយ​ទល់នឹង​មួយ កិច្ចប្រជុំ​ត្រូវធ្វើ​នៅ​ថ្ងៃ​២៨​កុម្ភៈ​នេះ​បន្ដទៀត ជាមួយនឹង​ការរំលាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ជា​របៀបវារៈ​កំពូល​ក្នុង​កិច្ចប្រជុំ​។ គេ​រំពឹងថា​លោក​ត្រាំ​នឹង​ជំរុញ​ឲ្យ​លោក​គីម​ចាត់វិធានការ​ជាក់ស្ដែង ដូចជា​ការរុះរើ​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​Nyongbyon​ជាដើម​។ មុន​កិច្ចប្រជុំ​លើកទីមួយ​ចាប់ផ្ដើម អាមេរិក​បាន​អំពាវនាវ​ឲ្យមាន​ការដកហូត​អាវុធនុ​យ​ក្លេ​អ៊ែរ​ទាំងស្រុង ដើម្បី​បង្ហាញថា​អាច​ជឿជាក់​បាន​។ ប៉ុន្ដែ​កិច្ចប្រជុំ​លើក​ទី​ពីរ​នេះ លោក​ត្រាំ​និយាយថា​លោក​មិន​ប្រញាប់ប្រញាល់​ពេក​ទេ ដរាបណា​គ្មាន​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ក៏មាន​ការជឿជាក់​ផងដែ​រថា លោក​គីម​នឹង​ទទូច​សុំឲ្យ​លោកត្រាំ បន្ធូរបន្ថយ​ទណ្ឌកម្មសេដ្ឋកិច្ច​ដាក់​លើ​ទីក្រុង​ព្យុងយ៉ាង​។ លោក​ត្រាំ​បានបញ្ជាក់​ផងដែ​រថា នឹងមាន​សន្និសីទកាសែត​មួយ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​៕

ព័ត៌មានផ្សេងទៀត