លំ​ហាត់​នាគ​មាស ជា​សមយុទ្ធ​ដ៏​ធំ​រវាង​កងទ័ព​កម្ពុជា​-​ចិន​រយៈពេល១៤ថ្ងៃ

27-02-2019 6:32 pm 877
  ស្តាប់
ស្តាប់ជាសំឡេង

​បើ​តាម​ការបញ្ជាក់​ពី​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២៧ កុម្ភៈ​នេះ​ថា លំ​ហាត់​នាគ​មាស​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ធ្វើ​លំ​ហាត់​រួមគ្នា លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ការប្រឆាំង​ភេ​វរ​កម្ម ការរក្សា​សន្តិភាព​ជាដើម​។​

​កម្ពុជា​-​ចិន បាន​រៀបចំ​លំ​ហាត់​នាគ​មាស ចំនួន​២​ដង​រួច​ទៅ​ហើយ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៨​។ លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨ មាន​ចំនួន​ជិត​២​សប្តាហ៍ ប៉ុន្តែ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​កាន់តែច្រើន និង​ធំ​ជាង​ឆ្នាំ​២០១៨​ថែម​ទៀត​។​

សំឡេង​

​លោក ឈុំ សុជាតិ បាន​បញ្ជាក់បន្ថែម​ថា លំ​ហាត់​ហ្វឹកហ្វឺន​នេះ មាន​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២៥៤២​នាក់ ក្នុងនោះ​មាន​ការហ្វឹកហាត់​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយចំនួន ដូច​ជា​ការប្រឆាំង​ភេ​វរ​កម្ម​, ការរំដោះ​ចំណាប់ខ្មាំង​, ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​, ការបំពេញ​ភារកិច្ច​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម​។ អាវុធ​យុទ្ធភ័ណ្ឌ សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ រួមមាន​ដូចជា​៖ រថពាសដែក​, រថក្រោះ​, កាំភ្លើង​ធំ​, កាំភ្លើង​ត្បាល់​, ឧទ្ធម្ភាចក្រ និង អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម​។​

សំឡេង​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រូបនេះ បាន​បញ្ជាក់បន្ថែម​ថា សម្រាប់​ការចំណាយ​លើ​លំ​ហាត់​សមយុទ្ធ​នេះ ភាគី​ចិន​ជា​អ្នកចំណាយ ដោយ​កម្ពុជា​គ្រាន់តែ​ធ្វើជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ក្រសួង​ក៏​នឹង​ជូនដំណឹង​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ជុំវិញ​ការធ្វើ​លំ​ហាត់​នាគ​មាស​នេះ​ផង​ដែរ​។​

សំឡេង​

​សូមបញ្ជាក់​ថា លំ​ហាត់​សមយុទ្ធ​នាគ​មាស ធ្វើឡើង ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល ជាពិសេស​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការអនុវត្ត​នយោបាយ​ការពារជាតិ រវាង​ប្រទេស​កម្ពុជា​-​ចិន លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការជួយ​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​លោក​ឈុំ សុជាតិ​៕


ព័ត៌មានផ្សេងទៀត