លោក​ត្រាំ​​សរសើរ​​សេដ្ឋកិច្ច​វៀតណាម​​ដែលជា​មេរៀន​​មួយ​​សម្រាប់​​កូរ៉េខាងជើង​

27-02-2019 4:32 pm 772
  ស្តាប់
លោកដូណាល់ ត្រាំ(ឆ្វេង)​និងនាយករដ្ឋមន្ដ្រីវៀតណាម​លោកង្វៀន សានភួក
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម សម្រាប់​កិច្ច​ជំនួប​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​ថ្ងៃទី​២៧-២៨​កុម្ភៈ​នេះ លោក​ដូណាល់ ត្រាំ​បាន​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​មេដឹកនាំ​វៀតណាម ក្នុងនោះ​មាន​ជួប​ជាមួយ​ប្រធានាធិបតី​វៀតណាម និង​នាយករដ្ឋមន្ដ្រី​វៀតណាម​ផងដែរ​។ ក្នុង​កិច្ច​ជំនួប​ដ៏​ពិសេស​នេះ លោក​ដូណាល់ ត្រាំ​បាន​អរគុណ​ជាខ្លាំង​ដល់​វៀតណាម សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​បាន​យ៉ាង​ល្អ​។​

​អ្វីដែល​សំខាន់​មួយទៀត លោក​ត្រាំ​បាន​កោតសរសើរ​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​វៀតណាម ដែល​ខុសប្លែក​ពី​ឆ្នាំ​២០១៧ គ្រា​លោក​មក​វៀតណាម​ចូលរួម​កិច្ចប្រជុំ​APEC ហើយ​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហាណូយ​។ លោក​ត្រាំ​បញ្ជាក់ថា វៀតណាម​និង​អាមេរិក​ក៏​ចាប់ផ្ដើម​សហការ​ផ្នែក​សេដ្ឋកិច្ច​ជាមួយគ្នា​កាន់តែខ្លាំង​តាំងពី​ពេល​នោះមក​។​

​ក្នុង​កិច្ច​ជំនួប​ជាមួយ​មេដឹកនាំ​វៀតណាម មាន​កិច្ចព្រមព្រៀង​មួយចំនួន​ត្រូវបាន​ចុះ ក្នុងនោះ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​Bamboo Airways បាន​ព្រមព្រៀង​ទិញ​យន្ដហោះ​787 Dreamliners​ចំនួន​១០​គ្រឿង ពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង​របស់​អាមេរិក ហើយ​ក្រុមហ៊ុន​Vietjet​ក៏​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ​បូ​អ៊ីង​ប្រភេទ​ថ្មី​ចំនួន​១០០​គ្រឿង មានតម្លៃ​១២.៧​ពាន់​លាន​ដុល្លារ​។ វៀតណាម​និង​អាមេរិក​ក៏​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ ស្ដីពី​ការផ្ដល់​ដំណោះស្រាយ​បច្ចេកវិទ្យា​បន្ថែមទៀត​។​

​ស្របពេល​ដែល​វៀតណាម​បាន​ផ្លាស់ប្ដូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ដូច្នេះ លោក​ដូណាល់ ត្រាំ​ក៏​ឆ្លៀតឱកាស​ផ្ញើ​សារ​ទៅ​មេដឹកនាំ​កូរ៉េខាងជើង​ថា អាច​រៀនសូត្រ​បាន​ពី​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​វៀតណាម ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​។ អ្វីដែល​រឹតតែ​សំខាន់​ជាងនេះទៅទៀត បើសិន​កូរ៉េខាងជើង​ព្រម​បោះបង់ចោល​នុយក្លេអ៊ែ​រ កូរ៉េខាងជើង​នឹង​រីកចម្រើន​ដូចជា​វៀតណាម​។ កូរ៉េខាងជើង​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​យ៉ាង​ឆាប់រហ័ស​។ សូមបញ្ជាក់ថា របៀបវារៈ​សំខាន់បំផុត​មួយ​ក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ របស់លោក​ត្រាំ​និង​លោក​គីម គឺ​ការជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត