JICA ផ្តល់​ហិរញ្ញប្បទាន​​ជាង​៤៥​ លាន​ដុល្លារ​​សម្រាប់​គម្រោង​​ចំនួន​២​​នៅ​កម្ពុជា​​

27-02-2019 11:12 am 704
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក​អូន ព័ន្ធមុនីរ័ត្ន និង លោក​Yuichi SUGANO ប្រធាន JICA ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់ គម្រោង​ចំនួន ២ ក្នុង​ទំហំ​ទឹកប្រាក់​ហិរញ្ញប្បទាន​សរុប​ចំនួន​៤៩៣៩ លាន​យ៉េន ឬ​ប្រមាណ ៤៥,៣០ លាន​ដុល្លារ​អាមេរិក​។​

​គម្រោង​ទី​១ មាន​ទំហំ​ទឹកប្រាក់​១៣៤០​លាន​យ៉េន ស្នើ​នឹង​១១,៨​លាន​ដុល្លារ គឺ​សម្រាប់​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី នៅ​កំពង់ផែ ដើម្បី​ទំនើបកម្ម​កំពង់ផែ ដោយមាន​ទិសដៅ​ធ្វើ​បច្ចុប្បន្នភាព និង​ទំនើបកម្ម​លើ​ប្រព័ន្ធ​ចាំបាច់​នានា សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ ជី​ឌី​ថ​ល លើ​ការស្នើសុំ និង​ការ​ផ្តល់ព័ត៌មាន​ជាដើម ទៅកាន់​អ្នកគ្រប់គ្រង​កំពង់ផែ ដែល​គ្រោង​នឹង​រៀបចំ​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។​

​គម្រោង​ទី​២ មាន​ទំហំ​ទឹកប្រាក់ ៣៥៩៩​លាន​យ៉េន​ស្នើ​នឹង ៣៣,៥​លាន​ដុល្លារ គឺ​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ខាងលិច​ទន្លេសាប ដែលមាន​ទិសដៅ​សាងសង់ និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ ដែល​អាច​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម សរុប​ប្រមាណ​១២៧៦០​ហិកតា​។​តាមរយៈ​គម្រោង​នេះ នឹង​រៀបចំ​បង្កើត និង​ពង្រឹង​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក និង​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​កសិកម្ម នៅតាម​តំបន់​ជនបទ​ចំនួន​៦ នៃ​ខេត្ត​ចំនួន​៣ ខាងកើត​បឹង​ទន្លេសាប រួមមាន​អនុ​គម្រោង​លំ​ហាច ខេត្ត​កំពង់ឆ្នាំង អនុ​គម្រោង ដ​ណាក់​អំពិល អនុ​គម្រោង​វត្ត​ហ្លួង និង​អនុ​គម្រោង​វត្ត​ជ្រៃ នៃ​ខេត្តពោធិ៍សាត់ និង​អនុ​គម្រោង​រៀម​តុ​ន និង​អនុ​គម្រោង​ប្រឡាយ​ពោធិ៍ ខេត្ត​បាត់ដំបង​។​

​លោក​អូន ព័ន្ធមុនីរ័ត្ន ចាត់ទុក​ការផ្តល់​ហិរញ្ញប្បទាន លើ​គម្រោង​ទាំងពីរ​នេះ ថា​ជា​ការឆ្លើយតប​ទាន់ពេលវេលា ទៅនឹង​សេចក្តីត្រូវការ​អាទិភាព ក្នុង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន និង​វិស័យ​ធារាសាស្ត្រ​កសិកម្ម នៅ​កម្ពុជា​។​

​បើតាម​លោក​អូន ព័ន្ធមុនីរ័ត្ន រំលឹកថា រាប់ទាំង​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ ក្នុង​សារពើពន្ធ​ជប៉ុន ឆ្នាំ​២០១៨ រដ្ឋាភិបាល​ជប៉ុន តាមរយៈ JICA បាន​ចុះហត្ថលេខា លើ​ឯកសារ​ស្តីពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ចំនួន​១៤ ៤៩៧ លាន​យ៉េន ស្មើនឹង​១៣២,២៧ លាន​ដុល្លារ អាមេរិក ក្នុងនោះ​ជំនួយឥតសំណង​ប្រមាណ​១៤,៩១ លាន​ដុល្លារ និង​ឥណទាន​សម្បទាន​១១៧,៣៦​លាន​ដុល្លារ​៕ 


 ពាក្យគន្លឹះ  JICAជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត