ភាព​តានតឹង​កើនឡើង ក្រោយ​ឥណ្ឌា​ចូល​វាយប្រហារ ដល់​ក្នុងផ្ទះ​ប៉ា​គី​ស្ថាន​

26-02-2019 4:48 pm 723
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​កំពូល​ឥណ្ឌា​មួយរូប​និយាយថា ឥណ្ឌា​បានកំណត់​គោលដៅ និង​វាយប្រហារ​តាម​អាកាស លើ​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម Jaish-e-Mohammad (JeM)​នៅ Balakot​នៅ​ថ្ងៃ​អង្គារ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​លោក Vijay Gokhale និយាយ​នៅក្នុង​សន្និសីទកាសែត​ថា ការវាយប្រហារ​តាម​អាកាស បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន រួមមាន​ទាំង​មេបញ្ជាការ​ម្នាក់​ផង តែ​មិន​បណ្តាលឲ្យ​ជន​ស៊ីវិលណា​ម្នាក់​ស្លាប់ឬ​របួស​ទេ​។​

​ការវាយប្រហារ​នេះ ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ដំណឹង​មក​ថា ក្រុម JeM មាន​គម្រោង​បើក​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​បន្ថែមទៀត នៅក្នុង​ប្រទេស​ឥណ្ឌា​។ នៅក្នុង​ការប្រឈមមុខ​នឹង​គ្រោះថ្នាក់​ជិត​នឹង​កើតមាន ទើប​ឥណ្ឌា​វាយប្រហារ​បំបែក​ផែនការ​នេះ​មុន​។ នេះ​បើតាម​ការអះអាង​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​កងទ័ព​ប៉ា​គី​ស្ថាន​លោក Asif Ghafoor​បញ្ជាក់ថា ពុំមាន​នរណាម្នាក់​ស្លាប់​ឬ​របួស​នោះទេ​។ លោក​បាន​សរសេ​រលើ​tweeted ថា នៅពេលដែល​ឃើញ​យន្តហោះ​ឥណ្ឌា​ចូលលុកលុយ​ពី​តំបន់ Muzafarabad  កងទ័ពអាកាស​ប៉ា​គី​ស្ថាន ក៏បាន​បញ្ជា​យន្តហោះ ទៅ​បណ្តេញ​យន្តហោះ​ឥណ្ឌា​ឲ្យ​បកត្រ​ឡប់​ទៅវិញ​ភ្លាមៗ​។​

​ការកើនឡើង​នូវ​ភាព​តានតឹង រវាង​ប្រទេស​មាន​នុយក្លេអ៊ែរ​ទាំងពីរ បាន​កើតឡើង​ក្រោយពី​មាន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រប់​បែក​អត្ថ​ឃាត សម្លាប់​ប៉ូលិស​ប៉ា​រ៉ា​ឥណ្ឌា​៤៦​នាក់ កាលពី​ថ្ងៃទី​១៤​កុម្ភៈ​។ ជា​ការវាយប្រហារ​សម្លាប់​កងកម្លាំង​ឥណ្ឌា​ច្រើន​បំផុត​មិន​ធ្លាប់មាន នៅក្នុង​តំបន់​កា​ស្មៀ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។ ឥណ្ឌា​ចោទ​ប៉ា​គី​ស្ថាន​ថា បាន​អនុញ្ញាតឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ជ្រកកោន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន និង​ធ្វើ​សកម្មភាព​វាយប្រហារ​នៅ​ថ្ងៃទី​១៤​កម្ភៈ​កន្លងទៅ​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​Imran Khan បាន​បដិសេធ និង​យល់ព្រម​សហការ​ក្នុង​ការស៊ើបអង្កេត​ករណីនេះ បើ​ឥណ្ឌា​ចង់​។​

​គួរ​ជម្រាបជូន​ថា ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គារ គឺជា​ការវាយប្រហា​រលើ​ក​ដំបូង នៅលើ​បន្ទាត់​ខណ្ឌ​ចែក​ដែនដី​កា​ស្មៀ ដែល​ម្ខាង​គ្រប់គ្រង​ដោយ​ឥណ្ឌា និង​ម្ខាង​ទៀត​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន ចាប់តាំងពី​សង្គ្រាម រវាង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ ១៩៧១​មក​៕

 ពាក្យគន្លឹះ  ឥណ្ឌាប៉ាគីស្ថាន

ព័ត៌មានផ្សេងទៀត