កិច្ចជំនួបលើកទីពីររវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៧-២៨កុម្ភៈនេះហើយ នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។ មេដឹកនាំទាំងពីរបានត្រៀមខ្លួនរួចជាស្រេច ហើយវៀតណាមដែលជាម្ចាស់ផ្ទះក៏បានរៀបចំសណ្ដាប់ធ្នាប់ សន្ដិសុខ និងទីតាំងយ៉ាងល្អបំផុតរង់ចាំទទួលលោកគីមនិងលោកត្រាំ។ លោកគីមធ្វើដំណើរមកកាន់ប្រទេសវៀតណាមដោយជិះរថភ្លើង ចំណែកលោកដូណាល់ ត្រាំធ្វើដំណើរតាមយន្ដហោះ។ តាមការគ្រោងទុកក្រោយពីមកដល់ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី២៧មេដឹកនាំទាំងពីរនឹងជួបគ្នាមួយទល់មួយ ក្រោយមកចូលរួមពិសាអាហារជាមួយគ្នា។ កិច្ចប្រជុំផ្សេងទៀតនឹងរៀបចំឡើងនៅថ្ងៃទី២៧កុម្ភៈ។ ក្រោយទទួលបានសិទ្ធិធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូលនេះ តើវៀតណាមនឹងទទួលបានប្រយោជន៍អ្វីខ្លះ?
ដើម្បីច្បាស់ព័ត៌មានបន្ថែមសូមស្ដាប់នាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិ រៀបចំជូនដោយពេញ ផេងដូចតទៅ៖
សំឡេង៖
ចំពោះរបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃទី២៧-២៨កុម្ភៈនេះ មិនត្រូវបានបង្ហាញឲ្យដឹងទេ ប៉ុន្ដែអ្វីដែលសំខាន់បំផុតមួយគឺមេដឹកនាំទាំងពីរនឹងពិភាក្សាពីដំណើរការរំលាយនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ដែលជាប់គាំងតាំងពីបានព្រមព្រៀងក្នុងកិច្ចប្រជុំលើកទីមួយនៅសិង្ហបុរី។ ក៏មានក្ដីរំពឹងថាមេដឹកនាំទាំងពីរ នឹងពិភាក្សាឈានទៅដល់ការប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ជាផ្លូវការផងដែរ។ យ៉ាងណាមិញលទ្ធផលជាក់ស្ដែងត្រូវរង់ចាំមើលសិនមិនអាចសន្និដ្ឋានទុកមុនទេ ព្រោះអ្នកជំនាញមួយចំនួនមើលឃើញថាកិច្ចប្រជុំនេះមិនងាយស្រួលប៉ុន្មានឡើយ។
ហេតុអ្វីវៀតណាមត្រូវបានជ្រើសរើសយកធ្វើជាទីតាំងសម្រាប់កិច្ចប្រជុំ?
ងាកចេញពីព័ត៌មានមួយចំនួនទាក់ទងនឹងកិច្ចប្រជុំ យើងមកចាប់អារម្មណ៍ពីមូលហេតុសំខាន់ៗដែលវៀតណាមត្រូវបានជ្រើសរើស ជាទីតាំងសម្រាប់កិច្ចជំនួបលើកទីពីររបស់លោកត្រាំនិងលោកគីមវិញម្ដង។ អ្វីដែលមើលឃើញជាក់ស្ដែងគឺថា វៀតណាមគឺជាប្រទេសដែលមានទំនាក់ទំនងល្អប្រសើរ ទាំងជាមួយអាមេរិកនិងកូរ៉េខាងជើង។ ប្រទេសទាំងពីរក៏សុទ្ធតែមានស្ថានទូតនៅវៀតណាមដូចគ្នា ហេតុនេះការពិភាក្សានិងជូនដំណឹងពីការរៀបចំកិច្ចប្រជុំមានភាពងាយស្រួល ហើយក៏កក់ក្ដៅទាំងសងខាង។
ចំណុចមួយទៀត វៀតណាមក៏ជាប្រទេសកុម្មុយនីស្ដ កូរ៉េខាងជើងក៏ជាប្រទេសកុម្មុយនីស្ដ ហើយថែមទាំងមានសេដ្ឋកិច្ចរីកច្រើនទៀត អាចជាគំរូមួយសម្រាប់កូរ៉េខាងជើងរៀនសូត្រតាម។ តាមការគ្រោងទុកលោកគីម ជុងអ៊ុនត្រូវធ្វើទស្សនកិច្ចទៅកាន់ខេត្ដចំនួនពីររបស់វៀតណាម ដើម្បីពិនិត្យមើលការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចក្រោយបញ្ចប់សង្គ្រាម។ លោកនឹងកត់សម្គាល់យុទ្ធសាស្ដ្រសំខាន់ៗ សម្រាប់ជាបទពិសោធន៍និងចំណេះដឹងដើម្បីអភិវឌ្ឍប្រទេសរបស់លោក។ ជាប្រទេសមានបរិបទនយោបាយតាមបែបកុម្មុយនីស្ដដូចគ្នា ហេតុនេះមិនជាពិបាកខ្លាំងទេសម្រាប់កូរ៉េខាងជើង ក្នុងការរៀនសូត្រពីវៀតណាម។
ម្យ៉ាងវិញទៀត វៀតណាមជាទីតាំងដែលលោកគីម ជុងអ៊ុនអាចធ្វើដំណើរតាមរថភ្លើងបានមិនចាំបាច់ជិះយន្ដហោះ។ ដូចបានដឹងហើយថាលោកគីម ជុងអ៊ុនមិនចូលចិត្ដធ្វើដំណើរតាមយន្ដហោះទេ ព្រោះលោកយល់ថារថភ្លើងរបស់លោកមានសុវត្ថិភាពខ្ពស់បំផុត។ ជាក់ស្ដែងពេលទៅវៀតណាមលោកគីមសុខចិត្ដជិះរថភ្លើងក្នុងចម្ងាយផ្លូវ៤ពាន់គីឡូម៉ែត្រ ចំណាយពេលប្រមាណ៦០ម៉ោង ជាជាងធ្វើដំណើរតាមយន្ដហោះ។
ក្រៅពីនេះរឿងដែលវៀតណាមត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំលោកត្រាំនិងលោកគីម វាជាការព្យាយាមខ្នះខ្នែងរបស់វៀតណាម បង្ហាញភាពខ្លាំងអន្ទងចិត្ដអាមេរិកនិងកូរ៉េខាងជើង រហូតមេដឹកនាំទាំងពីរសម្រេចទៅជួបគ្នានៅវៀតណាម។ វាក៏បង្ហាញឲ្យឃើញពីភាពខ្លាំងនៃនយោបាយការបរទេសវៀតណាមផងដែរ។ និយាយពីបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព អំពើឧក្រិដ្ឋកម្មឬករណីហិង្សានានាមានតិចតួចបំផុតនៅវៀតណាម អាចនិយាយបានថាវៀតណាមជាប្រទេសមានសុវត្ថិភាពខ្ពស់។
វៀតណាមអាចទទួលផលចំណេញអ្វីខ្លះពីកិច្ចប្រជុំនេះ?
គិតពីផលប្រយោជន៍ដែលវៀតណាមអាចទទួលបាន ពីកិច្ចប្រជុំលោកត្រាំនិងលោកគីមគឺមានច្រើន។ ដំបូងនិយាយពីផលប្រយោជន៍នៃទំនាក់ទំនងទ្វេភាគី ក្នុងនាមជាប្រទេសរៀបចំកិច្ចប្រជុំជំរុញស្វែងរកសន្ដិភាពនៅលើឧបទ្វីបកូរ៉េ វៀតណាមនឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង។ ភាពជាដៃគូជាមួយបណ្ដាប្រទេសទាំងបីនេះនឹងរឹតតែស្អិតល្មួតជាងមុន។ ដូច្នេះនៅពេលវៀតណាមត្រូវការដៃគូប្រកបដោយភាពវាងវៃនិងការប្ដេជ្ញាចិត្ដខ្ពស់ ឲ្យជួយគាំទ្រគោលនយោបាយការបរទេសរបស់ខ្លួន ពិសេសជួយដោះស្រាយវិបត្ដិធំៗដែលវៀតណាមជួបប្រទះ ជាក់ស្ដែងមានជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម ទំនាក់ទំនងល្អប្រសើរជាមួយអាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងធ្វើឲ្យវៀតណាមរឹតតែមានទំនុកចិត្ដខ្ពស់។ វៀតណាមកាន់តែរឹងមាំក្នុងការរៀបចំផែនការសេដ្ឋកិច្ច សន្ដិសុខ និងរកដំណោះស្រាយបញ្ចប់ជម្លោះ។
ពាក់ព័ន្ធទំនាក់ទំនងពហុភាគីវិញ ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០ វៀតណាមបានប្រកាសរក្សាគោលការណ៍ជាមិត្ដ និងភាពជាដៃគូអាចទុកចិត្ដបានជាមួយប្រទេសទាំងអស់ក្នុងសហគមន៍អន្ដរជាតិ ដោយវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការកិច្ចសហប្រតិបត្ដិការក្នុងតំបន់និងអន្ដរជាតិ។ វៀតណាមបានព្យាយាមលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងកិច្ចការតំបន់និងអន្ដរជាតិ តាមរយៈការរៀបចំកិច្ចប្រជុំកំពូល និងធ្វើយុទ្ធនាការនានាសម្រាប់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ ហេតុនេះនៅថ្ងៃណាមួយបើវៀតណាមចង់ក្លាយជាប្រទេសមហាអំណាចកណ្ដាល វត្ដមានរបស់គេនៅក្នុងកិច្ចការអន្ដរជាតិអាចផ្ដល់ភាពងាយស្រួលក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីដៃគូអន្ដរជាតិ ព្រោះពួកគេនឹងមិនស្ទាក់ស្ទើរច្រើនទេ។
នៅពេលដែលមានទំនាក់ទំនងជាមួយអន្ដរជាតិល្អប្រសើរ គោលនយោបាយការបរទេសវៀតណានឹងកាន់តែខ្លាំងជាងមុន មានទឹកមាត់ប្រៃជាងមុនក្នុងការជជែកជាមួយភាគីអន្ដរជាតិ។ ចង់ឬមិនចង់បានក្លាយជាប្រទេសរៀបចំកិច្ចប្រជុំរបស់លោកត្រាំនិងលោកគីមទៅហើយ នរណាមិនសរសើរវៀតណាម។ ពីមុនធ្លាប់ជាប្រទេសកុម្មុយនីស្ដឯកោដូចកូរ៉េខាងជើងបច្ចុប្បន្ន ប៉ុន្ដែមិនបានប៉ុន្មានឆ្នាំបានផ្លាស់ប្ដូរមុខមាត់យ៉ាងឆាប់រហ័ស ច្បាស់ណាស់នឹងមានប្រទេសជាច្រើនចង់រៀនសូត្រតាម ដោយសូម្បីលោកគីម ជុងអ៊ុន ក៏ចង់បានយុទ្ធសាស្ដ្រពន្លឿនសេដ្ឋកិច្ចពីវៀតណាមដែរនោះ។
មួយវិញទៀត សូមរម្លឹកបន្ដិចកាលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះកិច្ចជំនួបលើកទីមួយឆ្នាំមុន ដែលព្រឹត្ដិការណ៍កាលនោះទទួលបានជោគជ័យអស្ចារ្យបំផុត។ រូបភាពនៃប្រទេសសិង្ហបុរីត្រូវបានផ្សព្វផ្សាយលើបណ្ដាទូរទស្សន៍ធំៗ រួមទាំងបណ្ដាញសង្គមផងដែរដូចជាហ្វេសប៊ុកនិងធ្វីតទ័រជាដើម ពីព្រឹត្ដិការណ៍មុន ក្នុងអំឡុងពេល និងក្រោយកិច្ចប្រជុំបញ្ចប់។ ដូច្នេះជំនួសឲ្យការចំណាយប្រាក់រាប់លានដុល្លារទិញម៉ោងផ្សាយនៅទូរទស្សន៍CNN ប្រទេសវៀតណាមនឹងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃ នៅលើកញ្ចក់ទូរទស្សន៍CNN BBC និងទូរទស្សន៍ជាច្រើនទៀត នៅពេលដែលវៀតណាមរៀបចំបានល្អ និងផ្ដល់ភាពងាយស្រួលសម្រាប់ការតាមដានកិច្ចប្រជុំ។ វៀតណាមបានប្រកាសដែរថា នឹងស្វាគមន៍បណ្ដាញសារព័ត៌មានអន្ដរជាតិដែលមានបំណងចង់តាមដានកិច្ចប្រជុំនេះ។
គិតពីចរន្ដសេដ្ឋកិច្ចក្នុងស្រុកវិញ អាជីវកម្មមួយចំនួនបានផលិតជាសម្ភារ វត្ថុអនុស្សាវរីយមានរូបលោកត្រាំនិងលោកគីម តួយ៉ាងដូចជាអាវយឺតដែលមានរូបភាពលោកត្រាំលោកគីមជាដើម លក់ជូនភ្ញៀវជាតិនិងអន្ដរជាតិ។ ទោះបីជាមួយរយៈពេលខ្លីប៉ុន្ដែក៏ទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ ចំពោះការវិនិយោគពីបរទេស ក៏រំពឹងមានការកើនឡើងដោយសារតែវៀតណាមចាប់ផ្ដើមល្បីឈ្មោះ មានគេស្គាល់កាន់តែច្រើន ដែលធ្វើឲ្យអន្ដរជាតិមានទំនុកចិត្ដកាន់តែខ្លាំង។
ជារួមមកកិច្ចប្រជុំរវាងលោកត្រាំនិងលោកគីម វៀតណាមពិតជាគិតត្រូវដែលអាចដណ្ដើមតំណែងម្ចាស់ផ្ទះបាន ហើយក៏ជាឱកាសមិនគួរខកខានសម្រាប់វៀតណាម។ អ្វីដែលចាំបាច់នៅពេលនេះគឺរង់ចាំមើលលទ្ធផលជាក់ស្ដែងក្រោយបញ្ចប់កិច្ចប្រជុំ ថាតើទទួលបានជោគជ័យដូចនៅសិង្ហបុរីដែរឬយ៉ាងណា៕