ដើមឆ្នាំ​២០១៩​នេះ​​កម្ពុជា​នាំចេញ​បន្លែស្រស់​​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ជាង​៣៣​តោន​​

26-02-2019 3:03 pm 1332
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ កម្ពុជា​ផលិត​ស្រូវ​បាន ១០,៨​លាន​តោន ហើយ​បានធ្វើ​ការនាំចេញ​អង្ករ ៦២៦​ពាន់​តោន ចេកអំបូង​លឿង​ជាង​១​ម៉ឺន​តោន ស្វាយ​កែ​រមៀត​ប្រមាណ​ជាង​១​ម៉ឺន​តោន ហើយ​ថ្មីៗ​នេះ​កម្ពុជា បាន​នាំចេញ​បន្លែ​ស្រស់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជាង​៣៣​តោន​ផងដែរ​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ​របស់លោក វេង សាខុន ធ្វើឡើង​ក្នុង​វេទិកាសាធារណៈ ស្តីពី​វិស័យ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ រៀបចំឡើង​នៅ​ទីស្តីការក្រសួង នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ​។​

​លោក វេង សាខុន បាន​គូសបញ្ជាក់ថា ក្រសួង​បាននិងកំពុង​បន្ត​ផ្សព្វផ្សាយ​ពូជ​ដំណាំ​មាន​ផលិតភាព​ខ្ពស់ ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ព្រមទាំង​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ការអនុវត្ត​កសិកម្ម​ល្អ (GAP) ការអនុវត្ត​ចិញ្ចឹមសត្វ​ល្អ ការ​បង្កាត់​ពូជ​សិប្បនិម្មិត ការអនុវត្ត​វារីវប្បកម្ម​ល្អ នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ដែលជា​ធាតុ​ចូល​ប្រកបដោយ​សក្ដានុពល​សម្រាប់​លើកកម្ពស់​ការនាំចេញ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​រូបនេះ បាន​លើកយក​បញ្ហា​ដែល​វិស័យនេះ​កំពុង​ជួបប្រទះ​ដូចជា​៖ ផលិតភាព​នៅមានកម្រិត​ទាប​ទាំង​បរិមាណ និង​គុណភាព ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិផល​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ យន្តការ​សម្រួល​ការនាំ​ចេញ​នៅ​មិនទាន់មាន​ភាព​ប្រទាក់ក្រឡា ការផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ​ទៅដល់​កសិករ និង​សហគមន៍​ដែល​នៅ​ឆ្ងាយ​នៅមានកម្រិត កង្វះ​យន្តការ​ផ្សារភ្ជាប់​ទីផ្សារ​ជាមួយនឹង​ផែន​ការដាំដុះ និង​ប្រមូល​ផល ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ​នៅ​មិនទាន់​រឹងមាំ កង្វះ​យន្តការ​ផ្តល់ព័ត៌មាន​ទី​ផ្សារ កង្វះ​ផែន​ការដាំដុះ ការកំណត់​តំបន់​ដាំ​ដុះ​ឱ្យ​ត្រូវ​តាម​សក្តានុពល​ដី កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​អគ្គិសនី ប្រព័ន្ធ​ស្រោចស្រព​នៅ​ពុំទាន់​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ ការដាំដុះ​នៅ​មានការ​ពឹងពាក់​លើទឹក​ភ្លៀង​ជាដើម​។​

​យ៉ាណា​មិញ​បើតាម​លោក វេង សាខុន ថា រាជរដ្ឋាភិបាល នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព ព្រោះ​វិស័យនេះ​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ធានា​សមធម៌ ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ពិសេស​ផ្ដល់នូវ​ប្រភព​ស្បៀងអាហារ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុដើម​ចម្បង​សម្រាប់​ការអភិវឌ្ឍ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម និង​ជា​ប្រភព​ចំណូល​ជាតិ​ដ៏​សំខាន់ ដែល​ទទួលបាន​ពី​ការធ្វើ​ពិពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ការនាំចេញ​ផលិតផល​កសិកម្ម​ចូលទៅក្នុង​ទីផ្សារ​ជាតិ និង​អន្ដរជាតិ​៕ 

 ពាក្យគន្លឹះ  ក្រសួងកសិកម្មបន្លែ

ព័ត៌មានផ្សេងទៀត