អាល្លឺម៉ង់ ផ្តល់ជំនួយ​​ជិត​៦​លាន​ដុល្លារ​ សម្រាប់​គម្រោង​​សហប្រតិបត្តិការ​​រវាង​សង្គម​ស៊ីវិល​ និង​រដ្ឋាភិបាល​​

26-02-2019 2:43 pm 743
  ស្តាប់
លោក Norbert Barthle សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ស្តាប់ជាសំឡេង

​បើតាម​ការផ្សព្វផ្សាយរ​បស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា រដ្ឋាភិបាល​អាល្លឺម៉ង់ បានសម្រេច​ផ្តល់ជំនួយ ៥​លាន​អឺរ៉ូ ឬ​ប្រហែល ៥,៦​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម (I-SAF) សម្រាប់​គម្រោង​សហប្រតិបត្តិការ​រវាង​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា​។ 

​នេះ​ជា​គម្រោង​មួយ ដែល​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​ធ្វើការ​រួមគ្នា​។ គម្រោង​ថ្មី​នេះ បាន​ប្រកាសឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច របស់លោក Norbert Barthle សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​។​

​លោក Norbert Barthle បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា កំណើន​សេដ្ឋកិច្ចជាតិ ជា​រឿង​សំខាន់ ប៉ុន្តែ​វា​មិនទាន់​គ្រប់គ្រាន់​ទេ​។ លោក​ថា សង្គម ស៊ីវិល​ដ៏​រស់​រវើក គឺជា​កម្លាំងចលករ ដែល​រុញច្រាន​ឲ្យមាន​ការផ្លាស់ប្តូរ និង​ការវិវត្ត​ទៅមុខ​បន្ថែមទៀត​។ លោក​បន្តថា គម្រោង​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម I-SAF ជា​ច្រក​មួយ​ដែល​នឹង​ជួយ​រដ្ឋាភិបាល និង​សង្គម​ស៊ី​ល បង្កើត​កិច្ចសហប្រតិបត្តិការ និង​រួមគ្នា​បង្កើន​ដំណោះស្រាយ  ក្នុងន័យ​ជា​យន្តការ ដែល​ទទួលស្គាល់​ដោយ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល វា​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការសន្ទនា​គ្នា​។​

​តាមរយៈ​លោក Norbert Barthle គឺ​អាល្លឺម៉ង់ គាំទ្រ​កម្ពុជា ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង នៃ​វិស័យ​សុខភាព​សាធារណៈ ជំរុញ​ការអភិវឌ្ឍ​ជនបទ និង​ជួយ​កម្ពុជា​ក្នុង​ដំណើរ​វិមជ្ឈការ​។ ក្នុងនោះ ក៏​រួមមាន គម្រោង​ជា​លក្ខណៈ​តំបន់ ដែល​ផ្តោតទៅលើ​សមាហរណកម្ម​ពាណិជ្ជកម្ម និង​លើកកម្ពស់​បទដ្ឋាន​ការងារ​ឲ្យ​ល្អប្រសើរ​។ ក្នុង​ក្របខ័ណ្ឌ​មនុស្សធម៌ អាល្លឺម៉ង់ បាន​ប្តេជ្ញា​ថា នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន ក្នុងការ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​បន្តទៀត​ផងដែរ​៕

ព័ត៌មានផ្សេងទៀត