ក្រសួង​ទេសចរណ៍​ដាក់ចេញ​សេចក្តីណែនាំ​៧​ចំណុច​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​អនុវត្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​

24-02-2019 6:23 pm 512
  ស្តាប់
ស្តាប់ជាសំឡេង

ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ក្នុង​គោលដៅ​ធានាបាន​នូវ​សុខមាលភាព និង​ភាព​ពេញចិត្ត​ជូន​ភ្ញៀវទេសចរ និង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ក្រោម​ប្រធានបទ​៖«​ទន្លេ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ខាងមុខនេះ ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ​នូវ​ការណែនាំ​ចំនួន ៧​ចំណុច ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​សេចក្តីណែនាំ​ទាំង ៧​ចំណុច​ដែល​ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នោះ​រួមមាន​៖

១.​អំពី​សោភ័ណភាព​ទូទៅ សណ្តាប់ធ្នាប់ និង​អនាម័យ​៖ គ្រប់​ទីតាំង​អាជីវកម្ម​ទាំងអស់​ត្រូវ​រៀបចំ​តុបតែង​លម្អ និង​បង្ហាញ​ពី​លក្ខណៈ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​មាន​បំពាក់​ភ្លើង​នៅពេល​យប់ ហើយ​ត្រូវ​មាន​ការ​លើ​ស្លាក​យីហោ​ធំៗ​ជា​ភាសា​ខ្មែរ នៅ​ខ្លោងទ្វារ​ចូល​ខាងមុខ ត្រូវ​មាន​ស្លាក ឬ​បដា​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​

២.​គុណភាព​សេវាកម្ម និង​បដិសណ្ឋារកិច្ច​៖​ផលិតផល និង​សេវាកម្ម​ផ្តល់ជូន​ដល់​ភ្ញៀវ​ត្រូវ​មាន​គុណភាព ផាសុខភាព អនាម័យ និង​សុវត្ថិភាព​។​ចំពោះ​បុគ្គលិក​ផ្នែក​ផ្តល់​សេវាកម្ម ត្រូវមាន​ឯកសណ្ឋាន​លក្ខណៈ​ប្រពៃណី​ខ្មែរ ឬ​បង្ហាញ​ពី​លក្ខណៈពិសេស​របស់​តំបន់​ឬ​ពិធីបុណ្យ​ទន្លេ ហើយ​ត្រូវ​រក្សា​ឲ្យបាន​នូវអ​នាម័យ​ខ្លួនប្រាណ មាន​ភាពរួស​សាយ និង​រហ័សរហួន​

៣៖​បញ្ជី​នាម​សេវាកម្ម និង​តម្លៃ​៖​ត្រូវ​ដាក់​តាំង​បញ្ជីរាយនាម​សេវាកម្ម​បង្ហាញ​នៅ​បរិវេណ​ខាង​មុខ​អាជីវកម្ម ឬ​កន្លែង​ទទួលភ្ញៀវ​។​បញ្ជីរាយនាម​ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ ហើយ​ការ​រាយ​នាម​សេវាកម្ម ត្រូវ​បញ្ជាក់​ពី​ប្រភេទ​ផ្សេងៗ​នូវ​សេវាកម្ម​ដែល​ភ្ជាប់​ជាមួយ និង​ព័ត៌មាន​ផ្សេងៗ ។​មិនតែប៉ុណ្ណោះ​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ ត្រូវ​រក្សា​តម្លៃ​សេវាកម្ម​របស់ខ្លយណ​មិនឲ្យ​លើស​ពី​ថ្ងៃ​ធម្មតា​ហួសហេតុ ហើយ​ត្រូវ​រក្សា​គុណភាព បរិមាណ​ផលិតផល និង​សេវាកម្ម​អោយ​កាន់តែ​ល្អ​

៤.​ការគ្រប់គ្រង​សំណល់​៖​មាន​ការបែងចែក​សំណល់​កែច្នៃ​បាន សំណល់​ផ្ទះបាយ និង​សំណល់​ផ្សេងៗ ។​ត្រូវ​មាន​ការផ្សព្វផ្សាយ និង​ណែនាំ​ពី​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក មាន​ការប្រើប្រាស់​នូវ​ឧបករណ៍ ឬ​សម្ភារៈ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ ហើយ​ត្រូវមាន​ធុងសំរាម​នៅ​គ្រប់​តុ​អាហារ និង​មាន​បុគ្គលិក​ប្រចាំការ​សម្អាត​

៥.​បង្គន់​អនាម័យ​៖ ត្រូវ​រៀបចំ​ឲ្យបាន​ល្អ​ស្របតាម​ស្តង់ដារ​បង្គន់​អនាម័យ​សាធារណៈ ហើយ​ត្រូវមាន​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ និង​ត្រូវមាន​បុគ្គលិក​លាង​សម្អាត​ជាប្រចាំ​

៦.​ការណែនាំ​បន្ថែម​ពី​មធ្យោបាយ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​៖​យានយន្ត​ដឹក​ភ្ញៀវទេសចរ​ត្រូវ​មាន​គុណភាព​ស្អាត និង​មិន​អនុញ្ញាត​ឲ្យ​ដឹក​ភ្ញៀវ​លើស​ចំនួន​កំណត់​ទេ​។​នៅក្នុង​រថយន្ត​ត្រូវ​មាន​ការណែនាំ​អំពី​អនាម័យ ថែទាំ​បរិស្ថាន សុវត្ថិភាព និង​វិធី​បង្ការ​គ្រោះថ្នាក់​។​អ្នកបើកបរ​ត្រូវ​មាន​សម្លៀកបំពាក់​សម​រ​ម្យ អាកប្បកិរិយា​ថ្លៃថ្នូរ មាន​សុជីវធម៌ ។​ត្រូវមាន​ផែនទី​បង្ហាញផ្លូវ តារាង​តម្លៃ ធុងសំរាម​លេខ​ទំនាក់ទំនង​និង​សញ្ញា​សម្គាល់ ។​មិន​ត្រូវ​ពិសា​រគ្រឿង​ស្រវឹង ឬ​ពាក់​ព័ន្ធ​គ្រឿងញៀន និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ។​ត្រូវមាន​បណ្ណ​បើកបរ វិញ្ញាបនបត្រ​បច្ចេកទេស​យានយន្ត  គោរព​លក្ខណៈ​បច្ចេកទេស​យានយន្ត ។​ម្ចាស់​មធ្យាបាយ​ដឹកជញ្ជូន​ត្រូវ​មាន​អាជ្ញាបណ្ណ​ទេសច​រណ៍ ។​ចំពោះ​ម៉ូតូ​ឌុប​ទេសចរ ត្រូវមាន​អាវកាក់​ដែល​មាន​លេខ​សម្គាល់ និង​គ្រប់គ្រង​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ត្រូវមាន​មួកសុវត្ថិភាព​សម្រាប់​ភ្ញៀវ​។​ចំណែក​អ្នក​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ត្រូវមាន​ពោង​សង្គ្រោះ ហើយ​កាណូត​និង​ទូក ត្រូវ​មាន​លេខ​ឬ​សញ្ញា​សម្គាល់ ត្រូវមាន​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​មាន​ការបែងចែក​វេន​ដឹកជញ្ជូន​

៧.​ការណែនាំ​បន្ថែម​ចំពោះ​រមណីយដ្ឋាន​ទេសចរណ៍​៖​ត្រូវ​បំពាក់​សញ្ញា​សម្គាល់​នៅ​រាល់កន្លែង​កម្សាន្ត ឬ​កន្លែង​ផ្តល់​សេវាម្ម​ផ្សេងៗ​។​ត្រូវមាន​ផែនទី​បង្ហាញ​អំពី​ផ្នែក​ផ្សេងៗ​របស់​រមណីយដ្ឋាន​ទេសចរណ៍ ដែល​នៅ​ច្រកចេញចូល និង​តាម​ផ្លូវបំបែក​នីមួយៗ ហើយ​ត្រូវ​មាន​ការណែនាំ​អំពី​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​ចំពោះ​រមណីយដ្ឋាន​ទេសចរណ៍ ដែល​មាន​កន្លែង​លេង​ទឹក ជ្រោះ​ជ្រលង តំបន់ភ្នំ តំបន់​ព្រៃ​៕

ព័ត៌មានផ្សេងទៀត