ក្រសួង​សុខាភិបាល​នឹង​ពង្រីក​មណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មួយទៀត​នៅ​ខេត្ត​កំពង់ចាម​ឆាប់ៗ​នេះ​

24-02-2019 11:42 am 1339
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់​ពី​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជាច្រើន​បាន​សម្រុក​នាំគ្នា​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ជាហេតុ​នាំឲ្យ​មាន​ការរង់ចាំ​យូរ​នោះ នៅពេលនេះ​ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​តែ​រិះរក​លទ្ធភាព​ក្នុងការ​បង្ខិត​សេវា​ឲ្យ​កាន់តែ​កៀក​នឹង​ប្រជាពលរដ្ឋ ដោយ​ក្រសួង​នឹង​ពង្រីក​មណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មួយកន្លែង​ទៀត​នៅ​ខេត្ត​កំពង់ចាម ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ ។​ក្រសួង​បញ្ជាក់បន្ថែម​ថា នឹង​ដាក់​ចេញ​នូវ​កន្លែង​ផ្តល់​ថ្នាំ​បង្ការ​នេះ នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅពេល​ក្រោយ​។​

​បើ​យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក​ម៉ម ប៊ុនហេង បាន​គិតគូរ​មុន​ទៅហើយ ដោយ​បាន​ពង្រីក​កន្លែង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ បាន​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​បាត់ដំបង ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​សម្រាប់​សេវា​ឯកជន​ដែល​មាន​អ​ជ្ញាប​ណ្ណ​ត្រឹមត្រូវ ក៏​មាន​ការផ្តល់​សេវា​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះដែរ នៅតាម​បណ្តា​រាជធានី ខេត្ត ដែល​អាច​មាន​ជម្រើស​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្វែងរក​ការចាក់​ថ្នាំ​បង្ការ​នេះ​។​

​នៅ​ក្នុង​សេចក្តីណែនាំ ក៏​បានឲ្យ​ដឹង​បន្ថែមថា ជំងឺ​ឆ្កែឆ្កួត​នេះ ជា​ជំងឺ​មួយ ដែល​មាន​ជា​យូរណាស់​មកហើយៗ ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ក៏មាន​យូរ​មក​ហើយ​ដែរ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ ដែល​ការចាក់​ថ្នាំ​បង្ការ​នេះ គឺ​បន្ត​ធ្វើ​ជា​រៀងរាល់ថ្ងៃ ហើយ​ក្រសួង ក៏​បាន​បន្ថែម​ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ ចុះជួយ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្នុង​ការផ្តល់​សេវា​នេះ​។​ទាក់ទង​នឹង​ជំងឺ​នេះ​ដែរ បើ​តាម​លោក​វេជ្ជបណ្ឌិត​លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ប្រាប់​វិទ្យុ​វាយោ​ថា ក្នុង​មួយ​ឆ្នាំៗ មាន​អ្នក​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចន្លោះ​ពី​៥០០-៧០០​នាក់ ។​

​ក្រសួង​សុខាភិបាល​កម្ពុ​ជា សូម​ណែនាំ​សារជាថ្មី សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់ ដូចជា​អ្នក​ដែល​ត្រូវ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​មាន​រោគសញ្ញា​ហានិភ័យ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​ត្រូវ​ចាក់​ទៅ​តាម​កាលវិភាគ​នៃ​ដូស​វ៉ាក់សាំង នឹង​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង តាម​ការណែនាំ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​ចំណែក​អ្នក​ដែល​មិន​ត្រូវ​បាន​សត្វ​ឆ្កែ ឬ​ឆ្មា​ខាំ ឬ​មាន​សត្វ​ឆ្កែ​-​ឆ្មា​ខាំ ដែរ តែ​យូរថ្ងៃ​មកហើយ ដែល​មិន​មាន​រោគសញ្ញា​ហានិភ័យ​អ្វី​នោះ ឬ​គ្រាន់តែ​ឆ្កែ​រត់​បុក មិន​មាន​របួស​ស្នាម គឺ​គួរតែ​រង់ចាំ​បន្តិច​សិន ដើម្បី​ចៀសវាង​កុំឲ្យ​មាន​ការមក​រង់ចាំ​កកកុ​ញ នៅ​វិទ្យាស្ថាន​យូរពេក​។​

​ក្រសួង​ក៏​បាន​ណែនាំ នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​ចៀសវាង​ពី​ជំងឺ​ឆ្កែឆ្កួត​នេះ ដោយ​មិន​ត្រូវ លេង​ជាមួយ​សត្វ ការពារ​កុំឲ្យ​សត្វ​ខាំ ថែទាំ​ឆ្កែ ឆ្មា​ឲ្យបាន​ល្អ​កុំឲ្យ​វា​ដើរ​ពាសវាល​ពាសកាល ត្រូវ​ចាក់​ថ្នាំ​ការពារ​សត្វ​ចិញ្ចឹម​របស់​យើង ដែល​នេះ​គឺជា​វិធានការ​ការពារ​ជា​មុន​ទើប​ល្អប្រសើរ​។​
​សូម​បញ្ជាក់​ដែរ​ថា ក្រោយ​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​តែ​ជំងឺ​ឆ្កែ​ឆ្កួត ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម រួចមក ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ត្រូវបាន​សត្វ​ឆ្កែ រឺ​ឆ្មា​ខាំ បានចាប់ផ្តើម សម្រុក​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ៕


ព័ត៌មានផ្សេងទៀត