កិច្ចពិភាក្សា​​បញ្ចប់​សង្គ្រាម​​ពាណិជ្ជកម្ម​​អាមេរិក​-​ចិន​​បន្ថែម​ពេល​​ពីរ​ថ្ងៃ​ទៀត​

23-02-2019 1:11 pm 406
រូបភាព​ទង់ជាតិ​ចិន​​និងអាមេរិក

​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​មន្ដ្រីជាន់ខ្ពស់​អាមេរិក​និង​ចិន ត្រូវបន្ថែម​ពេល​ពីរ​ថ្ងៃ​ដោយសារតែ​ភាគី​ទាំងពីរ ព្យាយាម​ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​លទ្ធផល​ផ្លែផ្កា​មុន​ថ្ងៃ​០១​មីនា​។ ជា​កាលបរិច្ឆេទ​កំណត់​បញ្ចប់​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម ក្រោយ​លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង បាន​ព្រមព្រៀង​តាំងពី​ថ្ងៃទី​០១​ធ្នូ​ឆ្នាំមុន ទុកពេល​បី​ខែ​ឲ្យ​មន្ដ្រី​ទាំងសងខាង​រក​ដំណោះ​ស្រា​យ​។ បន្ទាប់ពី​កិច្ចពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ​នៅ​វ៉ាស៊ីនតោន លោក​ត្រាំ​នឹង​ជួប​ប្រធាន​ក្រុម​ដឹកនាំ​កិច្ចចរចា​ចិន លោក​ឧបនាយករដ្ឋមន្ដ្រី​លីវ ហេ​(Liu He)​។​

​គួរ​បញ្ជាក់ថា ប្រទេស​ទាំងពីរ​បាន​ធ្លាក់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ប្រមាណ​៧​ខែ​ហើយ ដោយ​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ អាមេរិក​ជា​អ្នក​ចាប់ផ្ដើម​មុន ដោយ​ខឹង​ថា​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​គ្មាន​តុល្យភាព ហើយ​ចិន​បាន​លួច​កម្មសិទ្ធិ​បញ្ញា​អាមេរិក ប៉ុន្ដែ​ចិន​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​។ ក្រោយ​ផ្ទុះ​ភាព​តានតឹង ភាគី​ទាំង​ពីរបាន​បើក​កិច្ចចរចា​ជា​បន្ដបន្ទាប់​តែ​រក​ដំណោះស្រាយ​មិនឃើញ​។ ចំពោះ​ការចរចា​លើក​នេះ​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​អះអាងថា នឹង​ឈានដល់​កិច្ចព្រមព្រៀង​ជាក់លាក់ ដូច្នេះហើយ​ទើបត្រូវ​បន្ថែម​ពេល​ជជែក​គ្នា​ពីរ​ថ្ងៃ​ទៀត​៕

ព័ត៌មានផ្សេងទៀត