ចិញ្ចឹមសត្វ​បែបណា​ទើប​មាន​សុវត្ថិភាព គ្មាន​ជំងឺ​ឆ្កែ​ឆ្កួត​?

22-02-2019 5:57 pm 1635
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​រយៈកាល​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ ចែករំលែក​ព័ត៌មាន​អំពី​ករណី​មនុស្ស​ស្លាប់ ដោយសារ​តែ​ជំងឺ​ឆ្កែឆ្កួត​នៅលើ​បណ្តា​យ​ទំនាក់ទំនង​សង្គម ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ត្រូវបាន​សត្វ​ខាំ បានចាប់ផ្តើម ផ្អើល​សម្រុក​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។ បើ​តាម​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ប្រាប់​វិទ្យុ​វាយោ​ថា ក្នុង​មួយ​ឆ្នាំៗ មាន​អ្នក​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចន្លោះ​ពី​៥០០-៧០០​នាក់ ។ លោក​ថា ចំនួន​នេះ​អាច​នឹង​បន្ត​កើនឡើង ដោយសារ​ការ​ចិញ្ចឹមសត្វ​បាន​កើនឡើង ។ បើ​តាម​លោក នាក់ គា ប្រធាន​ពេទ្យ នៃ​គ្លីនិក​អង្គការ​សង្គ្រោះ​សត្វ​ចិញ្ចឹម​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​វាយោ​ថា ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត ដែល​អាច​ចម្លង​ពី​សត្វ​ចិញ្ចឹម​មក​ម្ចាស់ ឬ​ចម្លង​ពី​សត្វ​ដទៃ​មក​សត្វ​របស់​យើង លោក​បាន​ផ្តល់​នូវ​វិធានការ​សំខាន់ៗ ចំនួន​៣​ចំណុច...

​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា តាម​តួលេខ​ប៉ាន់ស្មាន ក្នុង​មួយ​ឆ្នាំៗ ពលរដ្ឋ​ខ្មែរ​ដែល​ឈឺ និង​ស្លាប់​ដោយសារ​សត្វ​ឆ្កែឆ្កួត​ខាំ មាន​ចន្លោះ​ពី​៥០០​នាក់ ទៅ​៧០០​នាក់ ។ 

​លោក​ថា ត​ទៅ​ថ្ងៃមុខ​ទៀត អ្នក​ឈឺ និង​ស្លាប់ ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ខាំ អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​នេះ ដោយសារ​តែ​ទំនោរ​នៃ​ការ​ចិញ្ចឹមសត្វ​ឆ្កែ និង​ឆ្មា បាន​កើនឡើង ហើយ​ក្រសួង​មិនទាន់​មាន​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​លើ​សត្វ​ឆ្កែ និង​ឆ្មា​នៅឡើយ …
​សំឡេង​លោក លី សូ​វ៉ាន់ ៖  

​ក្នុង​ហេតុផល​ទាំងនេះ លោក​វេជ្ជបណ្ឌិត បាន​ស្នើ​ដល់​ពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ កុំ​ប៉ះពាល់​សត្វ​ដែល​យើង​សង្ស័យថា​មាន​បញ្ហា​សុខភាព ពិសេស​សត្វ​ដែល​ប្រែ​អត្តចរិត​ទៅ​ជា​កាច​សាហាវ  ។​

​បើ​តាម​លោក នាក់ គា ប្រធាន​ពេទ្យ នៃ​គ្លីនិក​អង្គការ​សង្គ្រោះ​សត្វ​ចិញ្ចឹម​រាជធានី​ភ្នំពេញ ហៅ​កាត់​ថា PPAWS ដែល​មាន​ទីតាំង​នៅ​ខាងក្រោយ​វត្ត​សន្សំ​កុសល បាន​ប្រាប់​វិទ្យុ​វាយោ​ថា ដើម្បី​ការពារ​សត្វ​ចិញ្ចឹម​របស់​យើង កុំឱ្យ​មាន​ជំងឺ​ឆ្កែ​ឆ្កួត លោក​បាន​ផ្តល់​នូវ​វិធានការ​ចំនួន​៣​ចំណុច ក្នុងនោះ រួមមាន ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដល់​សត្វ​ចិញ្ចឹម​, ការផ្តល់​ចំណីអាហារ ថែទាំ បាន​ដិតដល់​ទៅដល់​សត្វ​ចិញ្ចឹម និង​ការគ្រៀវ ដែល​នេះ ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការគ្រប់គ្រង​ចំនួន​សត្វ​ឆ្កែ និង​ឆ្មា …
​សំឡេង​លោក នាក់ គា ៖

​ត្រង់​ចំណុច​នេះ លោក​បាន​គូសបញ្ជាក់ថា សម្រាប់​គ្លីនិក​អង្គការ​សង្គ្រោះ​សត្វ​ចិញ្ចឹម​រាជធានី​ភ្នំពេញ ដែល​ហៅ​កាត់​ថា PPAWS របស់លោក ក៏​មាន​កម្មវិធី​ផ្តល់​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ​ដល់​សត្វ​ចិញ្ចឹម​ដូចជា ឆ្កែ និង​ឆ្មា​ជាដើម ដោយ​ឥតគិតថ្លៃ រៀងរាល់​ថ្ងៃ​ចន្ទ​ដែរ ។​

​យ៉ាងណាក៏ដោយ លោក​គា​បាន​បន្តថា ក្រៅ​ពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ទៅដល់​សត្វ​ចិញ្ចឹម ម្ចាស់​សត្វ​ចិញ្ចឹម​ខ្លួនឯង ក៏​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ដែរ ដែល​វ៉ាក់សាំង​នោះ គឺ​ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ រួមមាន វ៉ាក់សាំង​ការពារ​មុន​ឆ្កែ​ខាំ និង​ក្រោយ​ឆ្កែ​ខាំ …
​សំឡេង​លោក នាក់ គា ៖

​បើ​តាម​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​ដែល​អាច​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ប៉ុន្តែ​អាច​បង្ការ​បាន​១០០​ភាគរយ បើសិន​ជា​មនុស្ស​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់ តែ ផ្ទុយទៅវិញ បើសិនជា​យើង​ត្រូវបាន​សត្វ​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត​ខាំ នោះ​គឺ​១០០​ភាគរយ មិន​អាច​ព្យាបាល​បានទេ​…
​សំឡេង​លោក លី សូ​វ៉ាន់ ៖

​ដោយឡែក បើ​យើង​និយាយ​អំពី​ការសង្គ្រោះ​បឋម ក្រោយ​ត្រូវ​បាន​សត្វ​ឆ្កែ​ដែលមាន​ជំងឺ​ឆ្កែឆ្កួត​ខាំ លោក នាក់ គា ប្រធាន​ពេទ្យ នៃ​គ្លីនិក​អង្គការ​សង្គ្រោះ​សត្វ​ចិញ្ចឹម​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ជាដំបូង​អ្វីដែល​ត្រូវធ្វើ គឺ​ត្រូវ​លាង​សម្អាត​មុខរបួស​ថ្នមៗ ដោយ​ទឹកស្អាត ជាមួយនឹង​សាប៊ូ​, រម្ងាត់​មេរោគ​លើ​មុខរបួ​សដោយ​អាល់​កុល ឬ​ថ្នាំលាប និង​ប្រឹក្សា​ជា​បន្ទាន់​ជាមួយ​គ្រូពេទ្យ …
​សំឡេង​លោក នាក់ គា ៖

​ប្រធាន​ពេទ្យ នៃ​គ្លីនិក​អង្គការ​សង្គ្រោះ​សត្វ​ចិញ្ចឹម​រាជធានី​ភ្នំពេញ​រូបនេះ បាន​ប្រាប់ថា ជំងឺ​ឆ្កែឆ្កួត ត្រូវ​បាន​កើតឡើង​ដោយសារតែ​ភ្នាក់ងារ​បង្ក​ជំងឺ​, បរិស្ថាន និង​ភ្នាក់ងារ​ចម្លង​ជំងឺ ។ ចំពោះ​ការអង្កេត ថា​តើ​សត្វ​ចិញ្ចឹម​របស់​យើង​ឆ្លង ឬ​មាន​ជំងឺ​ឆ្កែឆ្កួត​ឬ​អត់ គឺ​ត្រូវ​សង្កេត​រោគសញ្ញា​ជំងឺ​នេះ តាមរយៈ ការ​ប្រែ​អត្តចរិត​ទៅ​ជា​កាច​ខុសធម្មតា​, ភ្នែក​ក្រហម​, ខ្លាច​ទឹក​, រឹង​ថ្គាម និង​មិន​នឹកនា​ស៊ី​ចំណី​ជាដើម ។ ម្យ៉ាងទៀត ឆ្កែ​ដែលមាន​ជំងឺ​ឆ្កែឆ្កួត អាច​នឹង​ស្លាប់ ក្នុង​រយៈពេល​មួយ​សប្តាហ៍ ទៅ​១៤​ថ្ងៃ​…
​សំឡេង​លោក នាក់ គា ៖

ព័ត៌មានផ្សេងទៀត