អាមេរិកបានបញ្ជូនកងទ័ពទៅកាន់ប្រទេសស៊ីរីចំនួន២ពាន់នាក់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ អាមេរិកមិនបានសហការជាមួយរដ្ឋាភិបាលស៊ីរីទេ ប៉ុន្ដែអាមេរិកគាំទ្រក្រុមជីវពលឃឺដ។ រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីបានបំពេញបេសកកម្មក្នុងប្រទេសស៊ីរី លោកដូណាល់ ត្រាំកាលពីខែធ្នូឆ្នាំមុនបានប្រកាសថា លោកនឹងបញ្ជាឲ្យដកទ័ពអាមេរិកទាំងអស់ចេញពីស៊ីរី។ ប៉ុន្ដែការជូនដំណឹងរបស់លោកត្រាំ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សូម្បីមន្ដ្រីរបស់លោកផ្ទាល់ក៏ស្ទើរមិនជឿ។
ការរិះគន់លើការដកទ័ពអាមេរិកចេញពីស៊ីរីរបស់លោកត្រាំ ដោយបារម្ភថាអាចផ្ដល់ឱកាសសម្រាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ពង្រឹងកម្លាំងឡើងវិញសាជាថ្មីបង្កអសន្ដិសុខទៀត។ ក៏មានសំណើសុំឲ្យលោកត្រាំពិចារណាឡើងវិញ ចំពោះការដកទ័ពចេញពីស៊ីរីដែរ។ ប៉ុន្ដែលោកត្រាំធ្លាប់និយាយថា កងទ័ពអាមេរិកទទួលជោគជ័យ ក្រុមរដ្ឋអ៊ីស្លាមក៏រងបរាជ័យ ដូច្នេះដល់ពេលកងទ័ពអាមេរិកត្រូវត្រឡប់មកផ្ទះវិញហើយ។
យ៉ាងណាមិញអ្នកនាំពាក្យសេតវិមាន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរក្សាសន្ដិភាពមួយក្រុមមានគ្នា២០០នាក់ នឹងបន្ដស្ថិតក្នុងប្រទេសស៊ីរីដដែល។ ការសម្រេចចិត្ដដូច្នេះបន្ទាប់ពីលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគីលោកអេដូហ្គេន។ មេដឹកនាំទាំងពីរបានឯកភាពបន្ដកិច្ចសហប្រតិបត្ដិការ បង្កើតតំបន់សុវត្ថិភាពពិសេសមួយនៅស៊ីរី។ ចំពោះរយៈពេលថាតើទ័ពអាមេរិកទាំង២០០នាក់ ត្រូវបន្ដរក្សាទុកក្នុងប្រទេសស៊ីរីយូរប៉ុនណានោះ មិនទាន់មានការបញ្ជាក់ពីសេតវិមានទេ៕