លោក​សម រង្ស៊ី​ ជា​ផ្គរ​​មុន​​ភ្លៀង រឺ ​ផ្គរ​គ្មា​ន​​ភ្លៀង​​?​

22-02-2019 11:58 am 2706
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ។

​ចាប់តាំងពី​ដើមឆ្នាំ​២០១៩ លោក សម រង្ស៊ី បានប្រកាស​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុងឆ្នាំនេះ​។ កាលបរិច្ឆេទ​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នៅ​មិនទាន់​បង្ហាញ​ឱ្យដឹង​ច្បាស់​ទេ ខណៈដែល​រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមកម្លាំង​រួចជាស្រេច សម្រាប់​ចាប់ខ្លួន​លោក សម រង្ស៊ី ពេលមកដល់​ទឹកដី​កម្ពុជា​។​តើ​លោក សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​ឬទេ​? តើ​ការប្រកាស​នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ បំភ័យ​ការដឹកនាំ​របស់លោក ហ៊ុន សែន ឬ​យ៉ាងណា​?

​ការប្រកាស​វិល​ចូល​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា បាននិងកំពុង​ក្លាយ​ប្រជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​នយោបាយ​នៃ​ប្រទេស​កម្ពុជា​។​មតិ​អ្នកមាន​ទំនោ​គាំទ្រ​រដ្ឋាភិបាល បាន​អះអាងថា លោក សម រង្ស៊ី មិន​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ទេ ពិ​ព្រោះថា ការប្រកាស​របស់​មេក្រុម​ប្រឆាំង​រូបនេះ មិនមែនជា​រឿង​ថ្មី និង ចាត់ទុក​គម្រោង​វិល​ចូល​ស្រុក​របស់លោក សម រង្ស៊ី គ្រាន់តែ​ជា​យុទ្ធសាស្ត្រ ដើម្បីឱ្យ​លោក ហ៊ុន សែន ប្រតិកម្ម​តបត​តែប៉ុណ្ណោះ​។​

​ចំណែក​មតិ​ខ្លះទៀត​គិតថា លោក សម រង្ស៊ី អាច​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​បាន តាម​ការគ្រោងទុក​ហើយ​ឱកាសល្អ​សម្រាប់​មេបក្ស​ប្រឆាំង​រូបនេះ​អាច​ចូល​បាន គឺ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ចូល​មកដល់​នាពេលខាងមុខ​។​គេ​បាន​លើក​សំណួរ​ជាច្រើន​ថា តើ​រដ្ឋាភិបាល​ហ៊ាន​ចាប់​លោក សម រង្ស៊ី​ដែល​ទេ​? បើ​ចាប់​តើ អាមេរិក និង អឺរ៉ុប នៅ​ស្ងៀម​ដែល​ឬ​អត់​? តើ​កម្ពុជា​អាច​ដូច​ប្រទេស​វ៉េណេស៊ុយ​ឡា​ដែរឬទេ​?

​តាម​កត់សម្គាល់​ឃើញថា ចាប់តាំងពី​លោក សម រង្ស៊ី ប្រកាស​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅក្នុង​ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា ជាពិសេស លោក​នាយករដ្ឋមន្ត្រី បានចេញ​បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ថា អាច​ចាប់ខ្លួន​លោក សម រង្ស៊ី បាន​គ្រប់ពេលវេលា និង នៅ​គ្រប់​ទីកន្លែង ដោយ​មិនចាំបាច់​សួរ​យោបល់​ពី​រូបលោក​នោះទេ​។ លោក​ថា អាជ្ញាធរ​ទទួលបាន​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី​ពី​តុលាការ​រួចរាល់​ហើយៗ លោក​ក៏បាន​ព្រមាន​ដែរ​ទៅកាន់​អ្នកគាំទ្រ​លោក សម រង្ស៊ី កុំឱ្យ​ចង់​មក​ជាប់ពន្ធនាគារ​ជាមួយ​មេបក្ស​របស់ខ្លួន​។​

​បរិបទ​នយោបាយ​កម្ពុជា​សព្វថ្ងៃ គេ​នៅ​មិនទាន់​ឃើញ​អ្នកនយោបាយ​រក​ច្រកចេញ​បាន​នៅឡើយ​ទេ​។​ការប្រកាស​ចូល​ស្រុក​វិញ​របស់​មេ​អតីត​គណបក្សប្រឆាំង ជារ​បត​ថ្មី​មួយ​នៃ​ឆាកនយោបាយ​ខ្មែរ​។​អ្នកតាមដាន​មួយចំនួន​ប៉ាន់ប្រមាណ​ថា ទំនងជា​យុទ្ធសាស្ត្រ​បំភ័យ​របប​ដឹកនាំ​របស់លោក ហ៊ុន សែន​។ ជា​យុទ្ធសាស្ត្រ​ដោយ​គេ​ពន្យល់ថា តាម​ប្រវត្តិ​នយោបាយ​របស់លោក សម រង្ស៊ី គេ​មិនដែល​ឃើញថា លោក​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ដោយ​គ្មាន​ការចរចា ឬ​ព្រមព្រៀង​នយោបាយ​គ្នា​ពី​ខាងក្នុង​នោះឡើយ​។ ការប្រកាស​ថ្មីៗ​នេះ អាច​គ្រាន់តែ​ដើម្បី​តេស្ត​កម្លាំង​អ្នកគាំទ្រ​ផង ដើម្បី​ប្រជាប្រិយភាព​ផង និង ក្នុង​ចេតនា​ឱ្យដៃ​គូប្រកួត​របស់ខ្លួន​មានប្រតិកម្ម​តបត​ផង​។​

​ប៉ុន្តែ​បើ​លោក សម រង្ស៊ី ចិត្តសឿង​ហ៊ាន​ដើរចូល​វិញ​មែន សម្ពាធ​អាច​ធ្លាប់​មកលើ​រដ្ឋាភិបាល​។ បើ​គេ​មើល​ឱ្យ​ជ្រៅ​ទៅ អ្នក​នៅ​ក្នុងផ្ទះ​ក៏មាន​ការបារម្ភ​ខ្លះ​ពី​ការប្រកាស​របស់លោក សម រង្ស៊ី​។ បារម្ភ​ដោយហេតុថា ចង់​មិន​ចង់ បើ​មេ​ក្រុមប្រឆាំង​ហ៊ាន​វិល​ចូល​កម្ពុជា​មែន ស្ថានការណ៍​នយោបាយ​កម្ពុជា អាច​កាន់តែ​ឡើង​កម្តៅ​ជាង​មុន និង បង្ក​ឱ្យ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើងលើ​ឆាក​អន្តរជាតិ​។ បច្ចុប្បន្ន​លោក កឹម សុខា កំពុង​ជាប់ឃុំ​ក្នុងផ្ទះ វា​ជា​រឿង​ពិបាក​មួយ​សម្រាប់​រដ្ឋាភិបាល ចុះ​ទម្រាំ​មាន​លោក សម រង្ស៊ី មួយទៀត តើ​រដ្ឋាភិបាល​អាច​ទប់​បាន​ដែល​ទេ​?

​តាមរយៈ​បទពិសោធន៍​គេ​មើលឃើញថា បន្ទុក​អាច​នឹង​បន្ត​ធ្លាប់​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ត្រូវ​ត​ទប់​ជាមួយ​ក្រុមប្រឆាំង ត្រូវ​ត​ទប់​ការរិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង អន្តរជាតិ រួមទាំង​សម្ពាធ​ពី​ក្រុម​ប្រទេស​លោក​សេរី​មួយចំនួន​មាន​ជាអាទិ៍ អាមេរិក និង អឺរ៉ុប ដែល​ថ្មីៗ​នេះ​កំពុង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជាដើម​។ នេះ​គេ​នៅ​មិនទាន់​គិតដល់​ដំណើរ​ការអភិវឌ្ឍ​ប្រទេស និង វិធានការ​កំណែទម្រង់​ស៊ីជម្រៅ​មួយចំនួន​ផ្សេង​ទៀតផង​។​

​សរុប​មកវិញ គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី អាច​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​បំភ័យ​ដៃ​គូប្រកួត​តែប៉ុណ្ណោះ វា​ព្រៀប​ដូច​មេឃ​ផ្គ​រហើយ តែ​មិន​ព្រម​ភ្លៀង​អ៊ីចឹង​ដែល​។ និយាយ​យ៉ាង​ដូច្នេះ តាម​ឥរិយាបថ​នយោបាយ​រប​ស់លោក​កន្លងមក មេក្រុម​ប្រឆាំង​ចាស់វស្សា​រូបនេះ មិនដែល​ហ៊ាន​ដើរចូល​ស្រុក​ដោយ គ្មាន​ការចរចា​សំងាត់​ផ្នែក​នយោបាយ​នោះឡើយ​។​
​គេ​ទាយ​ថា បច្ចុប្បន្ន​ក្រឡា​អុក​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ  សម្រេច​ឱ្យ​ស្តេច​ចេញ​ដើរតួ ដើម្បី​សម្រេច​គោលដៅ​ចុងក្រោយ​របស់ខ្លួន ខណៈដែល​កូនអុក​របស់​បក្ស​នេះ ត្រូវបាន​បក្ស​កាន់អំណាច​ស៊ីស្ទើតែ​អស់រលីង​ទៅហើយ​។ ប៉ុន្តែ​ស្តេច​អុក​របស់​បក្ស​សង្គ្រោះ​ជាតិ ហ៊ាន​ចេញ​ដើរ ឬ​មិន​ចេញ​ដើរ វា​អាស្រ័យ​នៅលើ​ស្តេច​។

​ជំហរ​រដ្ឋាភិបាល បើ​លោក សម រង្ស៊ី ហ៊ាន​ដើរចូល​ស្រុក​វិញ​មែន ច្បាស់​ណាស់​នឹងមាន​វិធានការ​ឆ្លើយតប​ដោយ​សំអាង​លើ​ច្បាប់​ដែល​តុលាការ​កាត់ទោស​កន្លង​មក​។ ប៉ុន្តែ​ការសម្រេច​ចាប់ខ្លួន​លោក សម រង្ស៊ី លទ្ធផល​ស្មើ​និង​រដ្ឋាភិបាល ព្រម​តតាំង​និង​សម្ពាធ​កាន់តែខ្លាំង​ពី​សំណាក់​អន្តរជាតិ ហើយ​វា​ក៏​អាចធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការអភិវឌ្ឍ​ប្រទេស​ផងដែរ​។ ដូច្នេះ រឿងនេះអាច​ជា​យុទ្ធសាស្ត្រ​ប្រថុយប្រថាន​របស់​អ្នកនយោបាយ​ទាំងពីរ​៕

ព័ត៌មានផ្សេងទៀត