សភា​អង់គ្លេស​​អាច​បោះឆ្នោត​​ជាថ្មី​​នៅ​សប្ដាហ៍​ក្រោយ​​លើ​កិច្ចព្រមព្រៀង​​ចេញពី​អឺរ៉ុប​

21-02-2019 4:32 pm 261
  ស្តាប់
រូបភាព​តំណាងឲ្យ​ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​លោក​Philip Hammond បាន​និយាយ​នៅ​ថ្ងៃទី​២១​កុម្ភៈ​នេះ​ថា សមាជិកសភា​អង់គ្លេស​អាច​នឹង​ត្រូវ​ដាក់ឲ្យ​បោះឆ្នោតជាថ្មី​នៅ​សប្ដាហ៍ក្រោយ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ដែល​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​អឺរ៉ុប ខណៈ​កិច្ចចរចា​ជាថ្មី​ជាមួយ​សហភាព​អឺរ៉ុប ទទួលបាន​លទ្ធផល​គាប់ប្រសើរ​។ លុះត្រាតែ​លោកស្រី​នាយករដ្ឋមន្ដ្រី​Theresa May អាច​ទទួលបាន​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប ត្រូវបាន​អនុម័ត​ដោយ​សភា​អង់គ្លេស​សិន បន្ទាប់មក​លោកស្រី​នឹង​សម្រេច​ថា​គួរ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប ឬ​ត្រូវ​ចាកចេញ​ទាំង​ចម្រូងចម្រាសនៅ​ថ្ងៃទី​២៩​ខែមីនា​តាម​ការគ្រោងទុក​។​

​នៅពេល​សាកសួរ​ដោយ​សារព័ត៌មាន​BBC ថា​នឹងមាន​អ្វី​កើតឡើង​នៅ​សប្ដាហ៍​ក្រោយ លោក Hammond​ឆ្លើយថា អាច​នឹងមាន​ការបោះឆ្នោត​ជាថ្មី​នៅក្នុង​សភា​។ ប៉ុន្ដែ​ក៏​អាស្រ័យ​លើ​លទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ កិច្ចចរចា​រវាង​លោកស្រី​May​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក​Jean-Claude Juncker​កាលពី​ថ្ងៃ​ពុធ ដំណើរការ​ដោយ​រលូន​និង​ទទួលបាន​លទ្ធផល​ល្អ​។ ភាគី​ទាំង​ពីរបាន​ជជែក​ពី​ការធានា​មួយចំនួន ទាក់ទង​នឹង​តំបន់​ព្រំដែន​អៀឡង់ ថា​គ្រាន់​ជា​ការរៀបចំ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ ភាគី​ទាំងពីរ​ក៏​ទទួលស្គាល់​ដែរថា គួរតែ​ប្រកាស​បន្ថែម​ពី​គោលនយោបាយ​សំខាន់ៗ សម្រាប់​ដោះស្រាយ​ក្ដីកង្វល់ ជាក់ស្ដែង​ដូចជា​បញ្ហា​សិទ្ធិ​​កម្មករ​ជាដើម​។ 

​គួរ​ជម្រាបជូន​ថា ការបោះឆ្នោត​កន្លងមក​សមាជិកសភា​បាន​ជំទាស់​នឹង​កិច្ចព្រមព្រៀង ដែលោក​ស្រីនាយករដ្ឋមន្ដ្រី​សម្រេ​ចបាន​ជាមួយ​អឺរ៉ុប ក្រោម​ហេតុផល​ថា​កិច្ចព្រមព្រៀង​នេះ មិនអាច​ការពារ​សុវត្ថិភាព​អង់គ្លេស​បានទេ​។ ក៏​មានមតិ​ស្នើសុំ​ឲ្យ​ព្យារ​ពេល​ចាកចេញ​ពី​អឺរ៉ុប និង​ខ្លះ​ស្នើឲ្យ​រៀបចំ​ប្រជាមតិ​ជាថ្មី ប៉ុន្ដែ​រដ្ឋាភិបាល​អង់គ្លេស​ប្រកែក​ដាច់ខាត សុខចិត្ដច​រចាជាមួយ​អឺរ៉ុប​ជាថ្មី​ស្វែងរក​ដំណោះស្រា​យសមស្រប​៕

ព័ត៌មានផ្សេងទៀត