ក្រសួងបរិស្ថានជំរុញការងារផ្សព្វផ្សាយអប់រំដើម្បីធានានូវការថែរក្សាកេរតំណែលធនធានធម្មជាតិ

21-02-2019 4:07 pm 595
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​កម្ពុជា បាន​ថ្លែង​ជំរុញ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាំបាច់​បង្កើន​ការងារ​ផ្សព្វផ្សាយ អប់រំ​បរិស្ថាន​ឱ្យបាន​ច្រើន ក្នុង​គោលដៅ​រួមចំណែក​ធានា​ឱ្យបាន​នូវ​ការថែរក្សា​កេរតំណែល​ធនធានធម្មជាតិ សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់​ជំនាន់ ។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី «​ការគ្រោង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ​២០២០-២០២២ និង​នីតិវិធី​រៀបចំ​ឯកសារ​ចំណាយ​ថវិកា​ឆ្នាំ​២០១៩» នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ...

​លោកស្រី ងិន លី​ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន ថ្លែងថា យុទ្ធសាស្ត្រ​សម្រាប់​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន បាន​ផ្តោត​លើ​សសរស្តម្ភ​ចំនួន​៥ រួមមាន ៖ ការអភិវឌ្ឍ​ធនធានមនុស្ស​និង​បរិស្ថាន​, ការពង្រឹង​កម្មវិធី​អប់រំ​បរិស្ថាន​, ការលើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន​, ការគ្រប់គ្រង និង​ស្រាវជ្រាវ​បច្ចេកវិទ្យា​បរិស្ថាន ។ 

​លោកស្រី​បញ្ជាក់​ថា ដើម្បី​សម្រេចបាន​នូវ​សកម្មភាព​ខាងលើ អគ្គនាយកដ្ឋាន​បាន​ខិតខំ​អនុវត្ត​សម្មភាព​លើកកម្ពស់​ការយល់ដឹង​លើ​វិស័យ​បរិស្ថាន​ដល់​មហាជន ឱ្យ​កាន់តែ​ប្រសើរឡើង និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​លើកឡើង​ថា ស្ថិត​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​របស់​ខ្លួន ឆ្នាំ​២០១៨-២០២៣ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រសួង​បាន​កំណត់​ចក្ខុវិស័យ​របស់​ខ្លួន​ថា នៅ​ឆ្នាំ​២០២៣ គុណភាព និង​និរន្តរភាព​បរិស្ថាន ត្រូវបាន​ធានា ហើយ​កេរតំណែល​ធនធានធម្មជាតិ​កម្ពុជា ត្រូវបាន​ការពារ និង​អភិរក្ស​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​ច្រើន​ជំនាន់​ត​ទៅ​មុខ​ទៀត ។​

​គាត់​បន្ត​ថា ទន្ទឹមនឹងនេះ ក្រសួង​ក៏​បាន​កំណត់​បេសកកម្ម​សំខាន់ៗ គឺ​ដឹកនាំ និង​គ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន​, ការអភិរក្ស​ជីវៈចម្រុះ​, ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យបាន​សមស្រប​និង​មាន​និរន្តរភាព និង​ការរស់នៅ​ដោយ​ចីរភាព សម្រាប់​ជា​ឧត្តម​ប្រយោជន៍​យូរអង្វែង​របស់​ពលរ​ដ្ឋ​កម្ពុជា​គ្រប់​ជំនាន់ ។ 

​លោក​ថា ដូច្នេះហើយ វា​ទាមទារ​នូវ​ការផ្សព្វផ្សាយ​ឱ្យបាន​ច្រើន និង​បង្កើន​ការចូលរួម​ក្នុង​ការលើកកម្ពស់ វិស័យ​បរិស្ថាន​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ៕

ព័ត៌មានផ្សេងទៀត