មន្ដ្រី​​អាមេរិក​-​ចិន​​អះអាង​​ពី​លទ្ធភាព​​នៃ​ការ​បញ្ចប់​សង្គ្រាម​​ពាណិជ្ជកម្ម​

21-02-2019 3:25 pm 391
  ស្តាប់
រូបភាពមន្ដ្រីអាមេរិកនិងចិនដែលចូលរួមកិច្ចចរចា
ស្តាប់ជាសំឡេង

​ប្រភព​នៅ​ជិត​នឹង​ក្រុម​ចរចា​អាមេរិក​-​ចិន​បានឲ្យដឹងថា ភាគី​ទាំងពីរ​បានចាប់ផ្ដើម​គូសវាស​គ្រោងការណ៍​ដែល​បាន​ប្ដេជ្ញាចិត្ដ សម្រាប់​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​អូសបន្លាយ​រយៈពេល​៧​ខែ​ហើយ​។ នេះ​គឺជា​លទ្ធផល​ដ៏​សំខាន់​មួយ ខណៈ​ប្រទេស​ទាំងពីរ​កំពុង​ស្ថិតក្នុង​ភាពទាល់ច្រក​។ អាមេរិក​និង​ចិន​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ បង្ក​ផលប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​សកលលោក​ផងដែរ​។ 

​ស្របពេល​មន្ដ្រីជាន់ខ្ពស់​តំណាង​ប្រទេស​ទាំងពីរ បានចាប់ផ្ដើម​កិច្ចពិភាក្សា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ក៏ដោយ ក៏​នៅតែ​ទាមទារ​ឲ្យ​រដ្ឋបា​លលោក​ដូណាល់ ត្រាំ ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​មួយចំនួន ដែល​អាមេរិក​បានកំណត់​លើ​សេដ្ឋកិច្ច​ចិន​ដដែល​។ តែ​យ៉ាងណាមិញ​ការចរចា​លើក​នេះ អាច​បង្កើតបាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមមួយ​ស្វែងរក​ដំណោះស្រាយ​។ 

​ក្រុម​ចរចា​កំពុង​បង្កើត​អនុស្សារណៈ​យោគយល់​ចំនួន​៦​ចំណុច ស្ដីពី​បញ្ហា​រចនាសម្ព័ន្ធ ការផ្ទេរ​បច្ចេកវិទ្យា ការ​លួច​បច្ចេកវិទ្យា​តាម​អ៊ី​ន​ធឺ​ណេត កម្មសិទ្ធិបញ្ញា រូបិយប័ណ្ណ សេវាកម្ម កសិកម្ម និង​ឧបសគ្គ​មិនមែនជា​ការដំឡើង​ពន្ធ សម្រាប់​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ប្រភព​ស្និទ្ធ​នឹង​ក្រុម​ចរចា​។  

​គួរ​បញ្ជាក់ថា កាលបរិច្ឆេទ​៩០​ថ្ងៃ​នៃ​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម ដែល​លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង​បាន​ព្រមព្រៀង​តាំងពី​ថ្ងៃទី​០១​ខែធ្នូ​ធ្នាំ​មុន នឹង​ផុត​សុពលភាព​នៅ​ថ្ងៃទី​០១​មីនា​ខាងមុខ​នេះហើយ​។ ពេល​កំណត់​ខិត​កាន់តែ​ជិត ដូច្នេះ​ទើប​មន្ដ្រី​តំណាង​អាមេរិក​និង​ចិន ព្យាយាម​ចរចា​ម្ដង​ហើយ​ម្ដងទៀត រក​ដំណោះស្រាយ​បញ្ចប់វិបត្ដិ​ពាណិជ្ជកម្ម​។ បើ​រក​ច្រកចេញ​មិនឃើញ អាមេរិក​នឹង​ចាប់ផ្ដើម​ដំឡើង​ពន្ធ​ជាថ្មី​លើ​ទំនិញ​នាំចូល​ពី​ចិន មានតម្លៃ​ច្រើនជាង​មុន​ទ្វេដង​។ តែ​លោក​ត្រាំ​ថ្មីៗ​នេះ​បាន​និយាយថា លោក​អាច​នឹង​ពន្យារពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​៦០​ថ្ងៃ​៕

ព័ត៌មានផ្សេងទៀត