ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បាននិយាយថា លោកមិនប្រញាប់ប្រញាល់នោះទេ ចំពោះការរំលាយនុយក្លេអ៊ែរកូរ៉េខាងជើង។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោកត្រាំរំពឹងថាកិច្ចប្រជុំជាមួយលោកគីម ជុងអ៊ុនសប្ដាហ៍ក្រោយ នឹងក្លាយជាកិច្ចប្រជុំដ៏រីករាយមួយ។ រឿងជាច្រើននឹងសម្រេចចេញពីកិច្ចប្រជុំនេះ។ លោកបន្ថែមថា លោកចង់ឃើញការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ប៉ុន្ដែលោកគ្មានកំណត់ពីពេលវេលាទេ។ ដរាបណាមិនមានការធ្វើតេស្ដនុយក្លេអ៊ែរ លោកក៏មិនប្រញាប់ប្រញាល់ដែរ។ សូមបញ្ជាក់ថា លោកត្រាំនឹងជួបលោកគីមនៅទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី២៧-២៨កុម្ភៈនេះ៕