លោក​ឃួង ស្រេង បញ្ជា​មិនឲ្យ​មាន​ការ​ចត​យានយន្ត​លើចិ​ញ្ចើម​មហាវិថី​ព្រះ​នរោត្ត​ម

19-02-2019 4:05 pm 1868

​លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​មិនឲ្យ​មាន​ការចត​រថយន្ដ នៅលើ​ចិញ្ចើម​ផ្លូវ​ថ្មើជើង និង​ការ៉ូឡា​ទាំង​សងខាង​ផ្លូវ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ដើម្បី​សម្រួល ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​ជា​ផ្លូវ​សម្រាប់​ជនពិការ​។

​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​ក្រោយ​ឱវាទ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ចិញ្ចើមផ្លូវ មហាវិថី​ព្រះ​នរោត្តម ដើម្បី​ស្របទៅតាម​បទបញ្ជា​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​។

​លោក សុខ ពេញវុ​ធ បានបញ្ជាក់​ថា ការហាមឃាត់ យានយន្ដ​គ្រប់​ប្រភេទ មិនឲ្យ​មាន​ការឈប់​ចត នៅលើ​ចិញ្ចើម​ផ្លូវ​ថ្មើជើង និង​ការ៉ូឡា​ទាំង​សងខាង​ផ្លូវ ខាងលើនេះ ដើម្បី​សម្រួល ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​ជា​ផ្លូវ​សម្រាប់​ជនពិការ​។​

​ឈរ​លើ​ស្មារតី​នេះ រដ្ឋបាល​ខណ្ឌដូនពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និង​ឯកជន ឬ​សាធារណៈជន​ទូទៅ ដែល​បាន​ប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ ខាងលើនេះ ក្នុង​ការឈប់​ចត យានយន្ត​គ្រប់​ប្រភេទ ជ្រាប​ជា​ព័ត៌មាន​។​

​រដ្ឋបាល​ខណ្ឌ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័ន​ពាក់ព័ន្ធ អាជីវករ​លក់​រថយន្ត ក្រុមហ៊ុន​ឯកជន ចូលរួម​អនុវត្ត​តាម​ការណែនាំ​ខាងលើ ជាពិសេស​ដើម្បី​ចូល​រួមចំណែក​ធ្វើ ឲ្យ​ដងផ្លូវ​សាធារណៈ មាន​សោភ័ណភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា ការរំដោះ​ចិញ្ចើមផ្លូវ ជា​គោលដៅ​អាទិភាព​ទី​២ របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ព្រោះ​ដោយ​សង្កេតឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​យក​ចំណីផ្លូវ នៅ​ខាង​មុខ​ផ្ទះ ធ្វើ​អាជីវកម្ម ជា​ចំណតរថយន្ត ម៉ូតូ ដែល​ទង្វើ​ទាំងនេះ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​ជាដើម​៕

ព័ត៌មានផ្សេងទៀត