អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បង្ហាញ​នីតិវិធី​ច្បាប់​៤​ចំណុច​ក្នុង​សំណុំរឿង​លោក​កឹម សុខា​

19-02-2019 3:11 pm 2832
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បាន​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​មួយ តាមរយៈ​ទំព័រ​ហ្វេ​ស ប៊ុក​ផ្លូវកា​ររបស់​ខ្លួន ដោយ​បញ្ជាក់​អត្ថន័យ​ថា តើ​អ្នក​មាន​ដឹង​ទេ​ថា លោក​កឹម សុខា បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត ១៨​ខែ​មក​ហើយ​?​វា​មាន​រយៈពេល ៥៣០​ថ្ងៃ​នៃ​ការ​ជាប់ឃុំ​។​គាត់​ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។​មិន​មាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​គាត់​ឡើយ ហើយក៏​មិនទាន់​មាន​ការកំណត់​បើកសវនាការ​កាត់ទោស​គាត់​ដែរ​។​គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​។​តើ​អ្នក​កំពុង​មើល​ឃើញ​រូបភាព​រួម​...​។​

​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​របស់​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ក៏​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ចំណុច​សំខាន់​ចំនួន ៤ អំពី​ដំណើរការ​នីតិវិធី​ច្បាប់ ទាក់ទង​នឹង​ករណី​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក​កឹម សុខា ដែល​ជា​អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ចំណុច​សំខាន់ៗ​ទាំង ៤​នោះ​រួមមាន​៖

១.​អំពី​អង្គហេតុ និង​បទចោទប្រកាន់​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​រកឃើញ​ភស្តុតាង​ដ៏​រឹងមាំ​ជាច្រើន និង​គ្រប់គ្រាន់ ដែល​បង្ហាញ​ថា​ឈ្មោះ​កឹម សុខា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​សម្ងាត់ ដោយ​ឃុបឃិត​គ្នា​ជាមួយ​បរទេស ក្នុង​ការផ្តួលរំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា ហើយ​លោក​ក៏​បាន​និយាយ​ដោយ​ផ្ទាល់មាត់​អំពី​ផែនការ​នេះ តាមរយៈ​វីដេអូ​ឃ្លី​បដែល​ត្រូវបាន​ផ្សព្វផ្សា​យ​ដោយ​CBN(Cambodian Broadcast ing  Network)​ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី​។​ផ្អែក​លើ​អង្គ​ហេតុនេះ​ឈ្មោះ​កឹម សុខា ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​កម្ពុជា ដែល​ចែង​ថា បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឲ្យមាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឲ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា ។​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១៥ ឆ្នាំទៅ​៣០​ឆ្នាំ​។​

២.​អំពី​ចំណាត់ការ​នីតិវិធី​របស់​តុលាការ​៖ សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើនេះ កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ចំណាត់ការ​នីតិវិធី​នានា របស់​ចៅក្រម​ស៊ើបសួរ ក្នុងដំណាក់កាល​នេះ ធ្វើឡើង​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន របស់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​មិន​ខុស​គ្នា​ទៅនឹង​ការអនុវត្ត​របស់​បណ្តា​ប្រទេស​នានា ដែល​ប្រកាន់យក​ប្រព័ន្ធ​នីតិវិធី​ព្រហ្មទណ្ឌ ដែល​មាន​ចៅក្រម​ស៊ើបសួរ​នោះដែរ​។​ករណី​ដូច​គ្នា​នេះ ក៏​ត្រូវបាន​អនុវត្ត​នៅក្នុង​អង្គ​ជំនុំ​ជំ​រះ វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ដើម្បី​កាត់ក្តី​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ផងដែរ​។​

៣.​អំពី​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន និង​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​៖​ជន​ត្រូវ​ចោទ​កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧​។​ប៉ុន្តែ​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​ក៏បាន​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​រូបនេះ ឲ្យនៅ​ក្រៅ​ឃុំ​វិញ ដោយ​ជំនួស​មកវិញ​នូវ​វិធានការ​នៃ​ការសម្រេច​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ ដោយ​ភ្ជាប់​នូវ​កាតព្វកិច្ច​មួយ​ចំនួន សម្រាប់​ជន​ត្រូវ​ចោទ​អនុវត្ត ដោយ​អនុលោម​តាម​បទបញ្ញត្តិ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពី​មាត្រា ២២៣ ដល់​មាត្រា ២៣០​។​ដូចនេះ ការណ៍​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ​លើកឡើងថា លោក​កឹម សុខា បាន​ជាប់​ឃុំឃាំង​ជិត ១៨​ខែ​មក​ហើយ គឺជា​ការ​អះអាង​ដោយ​កុហក បំភ័ន្ត​សាធារណជន និង​ខ្វះ​ភាព​យល់ដឹង​លើ​ទិដ្ឋភាព​ច្បាប់​និង​នីតិវិធី​របស់​តុលាការ​កម្ពុជា ដោយហេតុ​ថា​តាម​ផ្លូវច្បាប់ ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្នុង​របប នៃ​ការដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ និង​មិន​ស្ថិត​ក្រោម​របប​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​នោះឡើយ​។​

៤.​អំពី​ចំណាត់ការ​បន្ត​របស់​តុលាការ​៖ យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចៅក្រម​ស៊ើបសួរ​ត្រូវបាន​ផ្តល់​ពេលវេលា​ចាំបាច់​នានា សម្រាប់​ការ​ស៊ើបសួរ និង​ការស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ឲ្យបាន​គ្រប់គ្រាន់ មុន​នឹង​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ និង​ដោយ​ឯករាជ្យ​ក្នុង​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​របស់ខ្លួន ដែល​អាច​ជា​ការសម្រេច​លើកលែង​ចោទប្រកាន់ ឬ​ការសម្រេច​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​នៅក្នុង​ដំណាក់កាល​នីតិវិធី​បន្ទាប់​។​ដូចនេះ​តាមច្បាប់​របស់​កម្ពុជា ស្ថាប័ន​ដែល​មាន​សមត្ថ​កិច្ច​ក្នុង​ការសម្រេច​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ឬ​ពិតជា​មាន​កំហុស​ទាក់ទង​នឹង​ការចោទប្រកាន់​អំពី​ការឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា គឺមាន​តែ​ស្ថាប័ន​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​។​តុលាការ​ត្រូវ​ធ្វើ​ការសម្រេច ដោយ​ឯករាជ្យ ដោយ​ផ្អែក​លើ​អង្គច្បាប់ ព្រមទាំង​អង្គហេតុ និង​ភស្តុតាង ដែល​តុលាការ​ប្រមូលបាន ហើយ​ពុំ​មែន​ផ្អែក​លើ​ការអត្ថាធិប្បាយ​ណាមួយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​។​ទន្ទឹមនឹងនេះ សិទ្ធិ​ការពារ​ខ្លួន​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម សុខា ដោយ​រួមទាំង​សិទ្ធិ​ជ្រើសរើស និង​ពឹងពាក់​មេធាវី​ការពារ​ខ្លួន ក៏​ត្រូវបាន​ទទួលស្គាល់​ដោយ​តុលាការ ស្របតាម​ច្បាប់​ជា​ធរមាន នៃ​កម្ពុជា​។​

​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍ដដែល អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ក៏​បាន​អំពាវនាវ​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ សូម​បញ្ឈប់​ការបកស្រាយ​ដោយ​បំភ័ន្ត និង​លាប​ពណ៌​នយោបាយ​ទៅ​លើ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ​ដោយ​ទុក​កិច្ចការ​នេះ ជូន​ស្ថាប័ន​តុលាការ​កម្ពុជា ចាត់ការ​តាមច្បាប់​របស់​កម្ពុជា ក្នុងឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​។​

​សូម​បញ្ជាក់​ដែរ​ថា លោក​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅផ្ទះ​របស់​លោក ស្ថិតនៅ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​៕


ព័ត៌មានផ្សេងទៀត