អឺរ៉ុប​បដិសេធ​ទទួលយក​សមាជិក​ក្រុម​IS តាម​ការអំពាវនាវរ​បស់​លោក​ត្រាំ​

19-02-2019 1:21 pm 743
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម

​មន្ត្រី​នៃ​ប្រទេស​នៅ​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ ទី​១៨​ខែ​កុម្ភៈ បាន​បដិសេធ​សំណើ​របស់លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ដែល​អំពាវនាវ​ឲ្យទទួល​យក​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) ពី​ប្រទេស​ស៊ី​រី ទៅ​កាត់ទោស​នៅ​ប្រទេស​កំណើត​របស់​ពួកគេ​រៀងៗ​ខ្លួន​។ អឺរ៉ុប​ថា សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​ព្រមទាំង​គ្រួសារ​របស់​ពួកគេ គួរតែ​កាត់ទោស​នៅក្នុង​ប្រទេស​ដែល​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​។​

​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​និយាយថា សមាជិក​អ្នក​ប្រយុទ្ធ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម ត្រូវតែ​នាំខ្លួន​មក​កាត់ទោស​ស្រប​តាមច្បាប់ ហើយ​គួរតែ​កាត់ក្តី​នៅ​កន្លែង​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ ចំណែក​ក្រសួងការបរទេស​អាល្លឺម៉ង់​វិញ បាន​ត្អូញត្អែរ​ពី​ការលំបាក នៅក្នុង​ការនាំ​ខ្លួន​សមាជិក​រដ្ឋ​អ៊ីស្លាម​ដែលជា​ជនជាតិ​អាល្លឺម៉ង់ មក​ទទួលទោស​ក្នុងប្រទេស​របស់គេ​។ ចំពោះ​បារាំង ដែលមាន​ប្រជាជន​មក​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ច្រើនជាងគេ បានប្រកែក​មិន​ទទួលយក​ជា​យូរ​មក​ក​ហើយ​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ថ្មីៗ​នេះ បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ចែករំលែក​បន្ទុក​គ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម តាមរយៈ​ការនាំយក​សមាជិក​ក្រុម​នេះ ដែល​ចាប់ខ្លួនបាន​នៅ​ស៊ី​រី​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ លោក​ត្រាំ​តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​បានឲ្យដឹងថា លោក​ស្នើសុំ​ទៅ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ប្រទេស​សម្ព័ន្ធមិត្ដ​នៅ​អឺរ៉ុប​ផ្សេងទៀត ឲ្យទទួល​យក​អ្នក​ប្រយុទ្ធ​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រមាណ​៨០០​នាក់ កំពុង​ជាប់ឃុំ​នៅ​ស៊ី​រី​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ហើយ​កាត់ទោស​ពួកគេ​តាមច្បាប់​៕


ព័ត៌មានផ្សេងទៀត