វៀតណាម​​ពង្រាយ​​កងសន្ដិសុខ​​ជិត​១០០​ក្រុម​​ការពារ​សុវត្ថិភាព​​ជំនួប​លោក​ត្រាំ​-​លោក​គីម​

18-02-2019 4:18 pm 1560
  ស្តាប់
កងកម្លាំងសន្ដិសុខវៀតណាមកំពុងហ្វឹកហាត់
ស្តាប់ជាសំឡេង

​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​និង​អាមេរិក បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ស្របពេល​ប្រទេស​ទាំងបី​កំពុង​រៀបចំ​សម្រាប់​កិច្ច​ជំនួប​កំពូល រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​។ មន្ដ្រី​ប្រទេស​ទាំងពីរ​រំពឹង​នឹង​ពិភាក្សា​ពី​ការសម្របសម្រួល​សម្រាប់​កិច្ចប្រជុំ ដើម្បីឲ្យ​ដំណើរការដោយ​រលូន​។ នេះ​បើតាម​សេចក្ដីរាយការណ៍​ពី​កាសែត​វៀតណាម VnExpress​។​

​ប៉ូលិស​ទីក្រុង​ហាណូយ​បាន​និយាយ​ដែរថា ពួកគេ​នឹង​បែងចែក​គ្នា​ជា​៩៦​ក្រុម ល្បាត​ក្នុង​ទីតាំង​ផ្សេងៗ​ក្នុង​ក្រុង​ហាណូយ ដើម្បី​បង្ក្រាប​បទឧក្រិដ្ឋ​រយៈពេល​១០​ថ្ងៃមុន​កិច្ចប្រជុំ​ចាប់ផ្ដើម​។ ទីប្រជុំជន​ក្នុង​ទីក្រុង​នឹង​ត្រូវដាក់​ក្រោម​ការឃ្លាំមើល​គ្រប់​វិនាទី​ពី​ប៉ូលិស​ល្បាត ហើយ​សន្ដិសុខសម្រាប់​កិច្ចប្រជុំ​កំពូល​នេះ​នឹងត្រូវ​រឹតបន្ដឹង​ខ្លាំង​បំផុត​។ ដ្បិតថា​បទឧក្រិដ្ឋ​នានា​កម្រ​នឹង​កើតឡើង​បំផុត​ក្នុងប្រទេស​វៀតណាម ប៉ុន្ដែ​ដោយសារ​ទីក្រុង​ហាណូយ​ជា​ទីប្រជុំជន​ធំ មាន​មនុស្ស​ច្រើន​កុះករ ជាហេតុ​បង្ក​ការលំបាក​ដល់​អង្គរក្ស​ផ្ទាល់ខ្លួន​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ក្នុង​ការថែរក្សា​សុវត្ថិភាព​មេដឹកនាំ​ទាំងពីរ​។​

​គួរ​បញ្ជាក់ថា លោក​ត្រាំ​និង​លោក​គីម​ធ្លាប់បាន​ជួបគ្នា​ម្ដងមកហើយ​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំមុន​។ កិច្ច​ជំនួប​កាលនោះ​សម្រេចបាន​លទ្ធផល​គួរឲ្យកត់សម្គាល់ ពិសេស​គឺ​ព្រមព្រៀង​លើ​ការរំលាយ​នុយក្លេអ៊ែ​រ​។ ប៉ុន្ដែ​គិត​មកដល់​បច្ចុប្បន្ន ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង បោះជំហាន​ទៅមុខ​យឺតយ៉ាវ​បំផុត ជាហេតុ​ជំរុញ​ឲ្យ​មេដឹកនាំ​ទាំងពីរ​ត្រូវ​ជួបគ្នា​ម្ដងទៀត​នៅ​ថ្ងៃទី​២៧​និង​២៨​កុម្ភៈ​នេះ ដើម្បី​ពន្លឿន​ការងារ​ទៅមុខ​។​

​សម្រាប់​វៀតណាម​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បាន​ស្នើឲ្យ​អាមេរិកនិង​កូរ៉េខាងជើង​ត្រូវ​បង្ហាញ​ភាព​អត់ធ្មត់​។ អ្វីដែល​គេ​សំលឹង​ឃើញ​ក្រៅ​ការរៀបចំ​កន្លែង​ប្រជុំ វៀតណាម​ជា​ប្រទេសមួយ​កាន់​របប​កុម្មុយនីស្ដ ដូច​ប្រទេស​កូរ៉េខាងជើង​ដែរ​។ តែ​វៀតណាម​បាន​ទទួលយក​ការធ្វើ​កំណែទម្រង់សេដ្ឋកិច្ច និង​អភិវឌ្ឍ​ទំនាក់ទំនង​ការទូត​យ៉ាង​ជិតស្និទ្ធ ជាមួយ​អតីត​គូសត្រូវ​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​។ ដូច្នេះ​វៀតណាម​ត្រូវគេ​មើលឃើញថា អាចឲ្យ​កូរ៉េខាងជើង​យក​ធ្វើជា​គំរូ នៃ​ការធ្វើកំណែទម្រង់​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់គេ​។ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​លោក​គីម ត្រូវបំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​វៀតណាម​២​ថ្ងៃ មុននឹង​ចូលរួម​តុ​ចរចា​ជាមួយ​លោក​ត្រាំ ដើម្បី​សិក្សា​ស្វែងយល់​ពី​ភាពខុសប្លែក​គ្នា​រវាង​ប្រទេស​វៀតណាម​និង​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត