លោក​ដូណាល់ ត្រាំ​​ទទូច​ឲ្យ​​អឺរ៉ុប​​ទទួលយក​​សមាជិក​​ក្រុម​IS​​ទៅ​កាត់ទោស​​តាមច្បាប់​

18-02-2019 9:19 am 542
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ចែករំលែក​បន្ទុក​គ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម តាមរយៈ​ការនាំយក​សមាជិក​ក្រុម​នេះ ដែល​ចាប់ខ្លួនបាន​នៅ​ស៊ី​រី​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ លោក​ត្រាំ​តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​បានឲ្យដឹងថា លោក​កំពុង​ស្នើសុំ​ទៅ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ប្រទេស​សម្ព័ន្ធមិត្ដ​នៅ​អឺរ៉ុប​ផ្សេងទៀត ឲ្យទទួល​យក​អ្នក​ប្រយុទ្ធ​គាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រមាណ​៨០០​នាក់ កំពុង​ជាប់ឃុំ​នៅ​ស៊ី​រី​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ហើយ​កាត់ទោស​ពួកគេ​តាមច្បាប់​។​

​លោក​បន្ថែមថា អាមេរិក​បាន​អន្ដរាគមន៍​លើ​រឿងនេះ​ច្រើនណាស់​ហើយ ដូច្នេះ​ដល់​ពេលដែល​អ្នកដទៃ​ត្រូវ​បង្កើន​ការងារ​ដែល​ពួកគេ​អាច​ធ្វើបាន​ម្ដង​។ អាមេរិក​កំពុង​ចាត់វិធានការ​ដកខ្លួន​ចេញពី​ស៊ី​រី​ក្រោយ​ទទួលជោគជ័យ​។ យ៉ាងណាមិញ​ផែនការ​ដកទ័ព​ចេញពី​ស៊ី​រី​របស់​អាមេរិក អធិការបតី​អាល្លឺម៉ង់​លោកស្រី​អែន​ជេឡា មឺ​គែល បាន​ព្រមាន​ថា​អាមេរិក​ធ្វើ​ដូច្នេះ​ជា​រឿង​ឆាប់រហ័ស​ពេក​។ ម្យ៉ាង​ដូច​ផ្ដល់ឱកាស​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់​ពង្រឹង​តួនាទី​នៅ​តំបន់​មជ្ឈិមបូព៌ា​អ៊ីចឹង​ដែរ​។ ប្រទេស​នៅ​អឺរ៉ុប​នៅតែ​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​ការពារ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​មិនឲ្យ​ពង្រីក​អំណាច​ម្ដងទៀត​៕

ព័ត៌មានផ្សេងទៀត