កម្ពុជា ហៅ​ទង្វើ​​របស់​ទូត​អាមេរិក​​ដែល​លើក​​ករណី​លោក​កឹម សុខា​ ជា​ទង្វើ​​ខ្វះ​ការទូត​​

17-02-2019 10:13 am 2411
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​តាមរយៈ Facebook កាលពី​ថ្ងៃទី​១៥ កុម្ភៈ បាន​បង្ហោះ​សារ​មួយ​រំលឹក​ពី​ការជាប់​ឃុំ​របស់លោក​កឹម សុខា​។ អាមេរិក បាន​អះអាងថា លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌​រយៈពេល ៥៣០ ថ្ងៃ ក្រោម​ការចោទប្រកាន់​មិន​ពិត​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៦ កុម្ភៈ តប​នឹង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ក្រសួងការបរទេស និង​សហ​ប្រតិ​បត្ដិកា​រ​អន្ដរជាតិ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការ​បង្ហោះ​សារ​នេះ​។ ក្រសួងការបរទេស​ចាត់ទុ​កសារអត្ថាធិប្បា​យ​តែមួយ​ជ្រុង​លើ​រឿងក្តី​របស់លោកកឹម សុខា​នេះ បង្ហាញ​នូវ​ចេតនា​យ៉ាងច្បាស់​ដើម្បី​បំភាន់​សាធារណៈមតិ មិនមាន​លក្ខណៈ​ការទូត និង​មិន​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​កម្ពុជា​។​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បាន​រំលឹក​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ អំពី​មាត្រា​៤១​នៃ​អនុសញ្ញា​ទីក្រុង​វី​យែន​ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត ដែល​ជាពិសេស​តម្រូវឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក គោរព​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា និង​មិនត្រូវ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។ 

​ក្រសួងការបរទេស កម្ពុជា ប្រាប់​អាមេរិក​ថា «​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ ហើយ​មិនដែល​ធ្វើ​អត្ថាធិប្បាយ​លើ​រឿងអាស្រូវ​គួរឱ្យ​ខ្មាស់អៀន របស់​មន្ដ្រីជាន់ខ្ពស់ និង​អ្នកនយោបាយ​របស់​ប្រទេស​ណាមួយ​ឡើយ​។ ទង្វើ​ក្នុងទិសដៅ​លំអៀង​បែបនេះ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក គឺ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​របស់​ប្រទេស​ទាំងពីរ ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី ដែល​បម្រើ​ដល់​ប្រយោជន៍​រួម​របស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ​»​។​

​កម្ពុជា ទាមទារ​ឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ដែលមាន​ហេតុផល​នយោបាយ និង​គ្មាន​ការទូត​នេះ​។​

​សូមបញ្ជាក់ថា ប្រតិកម្ម​របស់​កម្ពុជា ចំពោះ​ស្ថាន​ទូក​អាមេរិក​ប្រចាំ​កម្ពុជា ពេលនេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​មហាអំណាច ដែល​គេ​មើលឃើញថា មាន​ទំនាកទំនង​ជិតស្និទ្ធ​នឹង​អតីត គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​គួរឲ្យភ្ញាក់ផ្អើល​មួយ ដែល​អះអាងថា លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មកដល់ពេលនេះ លោក​កឹម សុខា កំពុង​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់លោក ដោយ​មានការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត