ឥណ្ឌា​​គំរាម​​នឹង​កាត់ផ្ដាច់​​ប៉ា​គី​ស្ថាន​​ចេញពី​​សហគមន៍​​អន្ដរជាតិ​

16-02-2019 3:09 pm 916
  ស្តាប់
រូបភាពនាយករដ្ឋមន្ដ្រីឥណ្ឌា និងទីតាំងរងគ្រោះដោយការបំផ្ទុះគ្រាប់បែក
ស្តាប់ជាសំឡេង

​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​តំបន់​កា​ស្មៀ​កាន់កាប់​ដោយ​ឥណ្ឌា ដែល​បាន​ឆក់យក​ជីវិត​កងទ័ព​ប៉ា​រ៉ា​ឥណ្ឌា​ចំនួន​៤៦​នាក់​ផង​នោះ ធ្វើឲ្យ​ឥណ្ឌា​កាន់តែ​ក្ដៅក្រហាជា​មួយ​ប៉ាគី​ស្ថានជា​គូស​ត្រូវចាស់​។ តាមពិត​តំបន់​កា​ស្មៀ​ជា​តំបន់​ជម្លោះ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​រាប់សិប​ឆ្នាំ​មកហើយ គ្រាន់តែ​ថា​បច្ចុប្បន្ន​តំបន់​នេះ​ត្រូវ​បែងចែក​កាន់កាប់​ដោយ​ប្រទេស​ទាំងពីរ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅ​តំបន់​កា​ស្មៀ​ពុំមាន​ចលាចល​កើតឡើង​ធ្ងន់ធ្ងរ​ទេ ហើយក៏​ស្ងប់ស្ងាត់​ពី​ការប្រយុទ្ធ​ដែរ​។ ប៉ុន្ដែ​ទើបតែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលមាន​ការវាយប្រហា​រ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត លើ​ក្បួន​រថយន្ដ​កងទ័ព​ឥណ្ឌា ជា​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុងពេល​ជាច្រើន​ទសវត្ស​កន្លងមក​។​

​ទោះបីជា​ត្រូវ​ប៉ា​គី​ស្ថាន​បដិសេធថា​មិនបាន​នៅ​ពីក្រោយ ប៉ុន្ដែ​ភាគី​ឥណ្ឌា​ប្ដេជ្ញា​នឹង​ចាត់វិធានការ ដើម្បី​កាត់ផ្ដាច់​ប៉ា​គី​ស្ថាន​ចេញពី​សហគមន៍​អន្ដរជាតិ​។ ឥណ្ឌា​បាន​អះអាង​មាន​ភស្ដុតាង​បង្ហាញថា​ប៉ា​គី​ស្ថាន​ពិតជា​បាន​ពាក់ព័ន្ធ តែ​មិនទាន់​បញ្ចេញឲ្យឃើញ​ទេ​។ រដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​ម្នាក់​បាន​ស្នើឲ្យ​ឥណ្ឌា​បង្ហាញ​ភស្ដុតាង ហើយ​សន្យា​នឹង​ជួយ​ស៊ើបអង្កេត​ករណីនេះ​។ ប៉ា​គី​ស្ថាន​ថា​ការវាយប្រហារ​គឺជា​ទង្វើ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​Jaish-e-Mohammad មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​។ បន្ទាប់ពី​មាន​ការវាយប្រហារ អាជ្ញាធរ​បានប្រកាស​ដាក់បម្រាម​គោចរ ក្នុង​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​រងគ្រោះ​។​

​បើតាម​ភាគី​ឥណ្ឌា​បានឲ្យដឹងថា ប៉ា​គី​ស្ថាន​បានផ្ដល់​សុវត្ថិភាព​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​Jaish-e-Mohammad​យូរណាស់​មកហើយ ដូច្នេះ​ប៉ា​គី​ស្ថាន​គឺជា​អ្នកបញ្ជា​ឲ្យ​ក្រុម​នេះ​ធ្វើ​សកម្មភាព​ដោយផ្ទាល់​។ ឥណ្ឌា​នឹង​អំពាវនាវ​ឲ្យ​អន្ដរជាតិ​ដាក់ទណ្ឌកម្ម ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ក៏ដូចជា​មេដឹកនាំ​របស់​ពួកគេ​។ ក្រៅពីនេះ​ឥណ្ឌា​នឹង​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ ចារ​ឈ្មោះ​មេដឹកនាំ​ពួកគេ​ក្នុង​បញ្ជី​ភេរវកម្ម​។ តាមពិតទៅ​ឥណ្ឌា​បាន​ព្យាយាម​ធ្វើបែបនេះ​ជាច្រើនលើក​មកហើយ ប៉ុន្ដែ​ត្រូវ​ចិន​ជា​សម្ព័ន្ធមិត្ដ​ប៉ាគី​ស្ថានរារាំ​ង​។ ជាការ​សងសឹក​ឥណ្ឌា​នឹង​ដកចេញ​នូវ​ឯកសិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម​ពិសេស​ពី​ប៉ា​គី​ស្ថាន​ផងដែរ ដែល​ឥណ្ឌា​បាន​ផ្ដល់ឲ្យ​ក្នុង​ឆ្នាំ​១៩៩៦៕

ព័ត៌មានផ្សេងទៀត