នី​ហ្សេ​រី​យ៉ា​​ប្រកាស​​លើក​ពេល​​បោះឆ្នោត​​មុន​ចាប់ផ្ដើម​​ដំណើរការ​​តែ​៥​ម៉ោង​ប៉ុណ្ណោះ​

16-02-2019 9:43 am 686
រូបភាព​រថយន្ដដឹកសម្ភារបោះឆ្នោត

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​នី​ហ្សេ​រី​យ៉ា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ស្ដីពី​ការលើក​ពេល​បោះឆ្នោត​មួយ​សប្ដាហ៍​។ ការប្រកាស​នេះ​ធ្វើឡើង​តែ​៥​ម៉ោង​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៦​កុម្ភៈ​នេះ​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​លើកឡើងថា​ព្រោះតែ​បញ្ហា​ភ័ស្ដុភារ ជាហេតុ​បណ្ដាលឲ្យ​ការបោះឆ្នោត​មិនអាច​ដំណើរការតា​ម​គ្រោងទុក​។ ការបោះឆ្នោត​កំណត់​នៅ​ថ្ងៃទី​២៣​កុម្ភៈ​វិញ ដោយ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​។ ការប្រកាស​ដូច្នេះ​បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ស្នាក់ការ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​។ 

​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ ការិយាល័យ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ជាច្រើន ត្រូវបាន​គេ​ដុតបំផ្លាញ​ដោយមាន​កាត​អេឡិចត្រូនិច និង​ប័ណ្ណបោះឆ្នោត​រាប់ពាន់​សន្លឹក​ត្រូវបាន​បំផ្លាញ​។ ក៏មាន​ការអះអាង​ពី​កង្វះខាត​សម្ភារ​បោះឆ្នោត​នៅក្នុង​រដ្ឋ​មួយចំនួន​ដែរ​។ គួររម្លឹកថា ការលើក​ពេល​បោះឆ្នោត​នេះ​មិនមែនជា​រឿង​ថ្មី​ទេ​នៅ​នី​ហ្សេ​រី​យ៉ា​។ ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៥ ក៏ត្រូវ​ពន្យារពេល​ជាច្រើន​ថ្ងៃ​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត