ទោះ​ត្រូវ​​អន្ដរជាតិ​​ថ្កោលទោស មេទ័ព​មី​យ៉ាន់​ម៉ា​​នៅតែ​ប្រឆាំង​​ដាច់ខាត​​ករណី​​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

16-02-2019 9:00 am 3188
  ស្តាប់
​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ាលោក​Min Aung Hlaing​
ស្តាប់ជាសំឡេង

​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា ដែល​កំពុង​ប្រឈម​នឹង​ការអំពាវនាវ​របស់​អន្ដរជាតិ ពិសេស​អង្គការសហប្រជាជាតិ ឲ្យ​កាត់ទោស​ជុំវិញ​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ដ​អំពើ​ប្រល័យពូជសាស​ន៍​ប្រឆាំង​ក្រុម​មូស្លីម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា បាន​ច្រានចោល​ម្ដងទៀត​ចំពោះ​ការចោទប្រកាន់​នេះ​។ លោក​ថា​ការលើកឡើង​ពី​សំណាក់​អន្ដរជាតិ​សំដៅលើ​រូបលោក ជុំវិញ​ការប្រើ​យោធា​សម្លាប់​ជា​ប្រព័ន្ធ​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ពិតជា​ធ្វើឲ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្ដិយស​មី​យ៉ាន់​ម៉ា​។​

​ក្នុង​បទសម្ភាសន៍​លើកដំបូង​ចាប់តាំងពី​យោធា​មី​យ៉ាន់​ម៉ា បើក​ការបង្ក្រាប​លើ​ក្រុម​សកម្មប្រយុទ្ធ​កាលពី​ឆ្នាំ​២០១៧ លោក​Min Aung Hlaing​បានដាក់​ការសង្ស័យ​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ដែល​អង្គការសហប្រជាជាតិ​ប៉ាន់ស្មាន​ថា​មាន​ជាង​៧០​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែស​។ ការ​ភៀសខ្លួន​ត្រូវបាន​គេ​មើលឃើញថា ដោយសារតែ​ប្រតិ​បត្ដិកា​រ​យោធា​របស់​កងទ័ព ហើយ​លោក​សង្ស័យថា​ក្រុម​រ៉ូ​ហ៊ីង​យ៉ា បាន​និយាយ​ពីអ្វី​ដែល​ត្រូវបាន​គេ​បង្គាប់បញ្ជា​ឲ្យ​និយាយ​។ លោក​បន្ថែមថា ការរិះគន់​ដោយ​គ្មាន​ភស្ដុតាង​ច្បាស់លាស់ ពិតជា​ជះឥទ្ធិពល​អាក្រក់​ដល់​សេចក្ដីថ្លៃថ្នូរ​ជាតិ​សាសន៍​របស់លោក​។​

​សូម​រម្លឹកថា កងទ័ព​មី​យ៉ាន់​ម៉ា​បានធ្វើ​ប្រតិ​បត្ដិកា​រ​បង្ក្រាបក្រុម​សកម្មប្រយុទ្ធ​ក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន​ក្នុង​ឆ្នាំ​២០១៧ ឆ្លើយតប​នឹង​ការវាយប្រហារ​ជាច្រើន​ករណី លើ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​សន្ដិសុខ​នៅ​ជិត​ព្រំដែន​បង់​ក្លា​ដែស​។ ការបង្ក្រាប​មាន​សេចក្ដីរាយការណ៍​ថា បានសម្លាប់​មនុស្ស​យ៉ាង​រង្គាល មាន​ការចាប់រំលោភ មាន​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវឃោឃៅ រួមទាំង​ការ​ដុតបំផ្លាញ​ផ្ទះសម្បែង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។​

អង្គការសហប្រជាជាតិ​មើលឃើញថា​ទង្វើ​ទាំងនេះ ជា​ចេតនា​ចង់​សម្លាប់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ផ្ដាច់​ពូជ ហើយ​បាន​ទទូច​ឲ្យ​បញ្ជូន​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក​Min Aung Hlaing និង​មន្ដ្រី​យោធា​ជាន់ខ្ពស់​៥​រូប​ទៀត ទៅឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​កាត់ទោស​ថែមទៀត​ផង​។ ក្រុម​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​Min Aung Hlaing និង​មន្ដ្រី​ពាក់ព័ន្ធ​ផ្សេងទៀត​គួរតែ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ប្រល័យពូជសាសន៍​នេះ​។ ប៉ុន្ដែ​សម្រាប់​យោធា​នៅតែ​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត ថា​មិន​បានធ្វើ​ដូច​ការចោទប្រកាន់​ឡើយ​៕

ព័ត៌មានផ្សេងទៀត