ទូត​អា​មេរិក​​៖«​លោក​​កឹម សុខា​ជា​មនុស្ស​​ស្អាតស្អំ​ដែល​ត្រូវ​​ឃុំខ្លួន​​ដោយ​​អយុត្តិធម៌​​»​

15-02-2019 5:58 pm 5775
លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ រូបថតពី ទូតអាមេរិកប្រចាំនៅកម្ពុជា

​ស្ថាន​ទូក​អាមេរិក​ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃទី​១៥ កុម្ភៈ​នេះ បាន​អះអាងថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត​។​

​បើតាម​ស្ថានទូត​អាមេរិក ​គូសបញ្ជាក់ថា លោក កឹម សុខា បាន​ជាប់​ក្នុងការ​ឃុំឃាំង​រយៈពេល ៥៣០ ថ្ងៃ ក្រោម​ការចោទប្រកាន់​មិន​ពិត​។ មិនមាន​ភស្តុតាង​ណាមួយ​ប្រឆាំងនឹង​លោក​ឡើយ ហើយក៏​មិនទាន់​ការកំណត់​បើកសវនាការ​កាត់ទោស​លោក​ដែរ​។ ​ទូត​អា​មេ​រក​បន្តថា «គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌​»។

​គួរ​បញ្ជាក់ថា​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់ខ្លួន នៅផ្ទះ​របស់លោក ស្ថិតនៅក្នុង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោយ​មាន​ការចុះផ្សាយ និង​ចែង​រំលែក​តៗ​គ្នា នូវ​វី​ឌី​អូ​ខ្លី​របស់ លោក កឹម សុខា ថ្លែង​ទៅកាន់​ពលរដ្ឋ​រស់នៅ​បរទេស​មួយក្រុម​។

​ក្នុង​វី​ឌី​អូ​នោះ លោក កឹម សុខា បានលើកឡើង អំពី​យុទ្ធសាស្ដ្រ​នយោបាយ​របស់លោក ដែល​លោក​ថា​មាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​។ ជា​ការឆ្លើយតប អ្វីដែល​លោក កឹម សុខា បាន​ថ្លែង​កាលពី​ពេលនោះ រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​លោក កឹម សុខា ថា ជា​ផែនការ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។​

​សម្រាប់រដ្ឋាភិបាល​កម្ពុជា បានអះអាងថា ការលើកឡើង​របស់លោក កឹម សុខា បង្ហាញ​ពី​អំពើ​ឃុបឃិត​ជាសម្ងាត់ និង ​អំពើ​ក្បត់ជាតិ ដូច​មានចែង​និង​ផ្តន្ទាទោស​តាម​ញ្ញតិ​នៃ​មាត្រា ៤៤៣ ក្នុង​ផ្នែក​ទី​១ ស្តីពី​អំពើ​ក្បត់ជាតិ និង​អំពើ​ចារ​កម្ម​។ ​មកដល់ពេលនេះ លោក កឹម សុខា កំពុង​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់លោក ដោយ​មានការ​យាមកាម​យ៉ាង​តឹងរឹង​ពី​អាជ្ញាធរ​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត