ល្ខោន​បាមោជ្ជ​ទ័យ កើត​និង​រស់​ក្នុង​សង្គម​ខ្មែរ​បាន​២០​ឆ្នាំ និង​បាត់​ទៅ​វិញ​ក្រោយ​វត្ត​មាន​ល្ខោនបាសាក់​

15-02-2019 5:11 pm 1108
  ស្តាប់
ស្តាប់ជាសំឡេង

​ល្ខោន​បាមោជ្ជ​ទ័យ ជា​ទម្រង់​ល្ខោន​ច្រៀង​បែប​ទំនើប​មួយ​ប្រភេទ ដែល​កើតឡើង​ក្នុង​សង្គម​ខ្មែរ ក្នុងអំឡុងពេល​ក្រោយ​សង្គ្រាមលោកលើកទី​១ ។ ទម្រង់​ល្ខោន​នេះ គឺ​យក​លំនាំ​ទាំងស្រុង​ពី​ល្ខោន​ច្រៀង​អូ​ប៉េ​រ៉េត ពិសេស​ពី​ប្រទេស​បារាំង ដែល​ធ្វើ​អាណានិគម​មកលើ​ប្រទេស​ខ្មែរ​ផ្ទាល់​តែម្តង ។ នេះ​បើ​តាម​សៀវភៅ​ទស្សនីយភាព​ខ្មែរ របស់​ក្រសួង​វិចិត្រសិល្បៈ បោះពុម្ព​ឆ្នាំ​២០០៣ ត្រង់​ទំព័រ​២០៧ ។ ឯកសារ​ដដែល​បញ្ជាក់​ថា សម្រាប់​ឧបករណ៍​ភ្លេង គឺ​ប្រើប្រាស់​វង់​តន្ត្រី​សម័យ តែ​ក្រោយមក ខ្មែរ​យើង​ក៏​បាន​បញ្ចូល​តន្ត្រីបុរាណ​ខ្មែរ និពន្ធ​សាច់​បទ​និង​ទំនុកច្រៀង​បែប​ខ្មែរ​ថ្មី​មក​បញ្ចូល​ផងដែរ ។ យ៉ាងណាក៏ដោយ ទម្រង់​លោ្ខ​ន​នេះ មាន​អាយុកាល​ប្រមាណ​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​សង្គម​ខ្មែរ ពោល​គឺ ចាប់កំណើត​ក្នុងអំឡុង​ឆ្នាំ​១៩២០ និង​រលត់ទៅវិញ ក្នុង​អំឡុង​ឆ្នាំ​១៩៤០ ក្រោយ​លេច​វត្តមាន​ល្ខោនបាសាក់ ដែល​មាន​ប្រភព​មក​ពី​ស្រុក​បាសាក់ កម្ពុជា​ក្រោម...

​ល្ខោន​បាមោជ្ជ​ទ័យ ឬ​ប្រាមោទ្យ​ទ័យ គឺជា​ទម្រង់​ល្ខោន​ច្រៀង​បែប​ទំនើប​មួយ ដែល​បាន​កើតឡើង​នៅ​ដើម​សតវត្ស​ទី​២០ ពិសេស​ក្នុង​រយៈពេល ក្រោយ​សង្គ្រាមលោកលើកទី​១ ចន្លោះ​ឆ្នាំ ១៩១៤-១៩១៨ ហើយ​អ្នកខ្លះ​ហៅ​ទម្រង់​ល្ខោន​នេះ​ថា ល្ខោន​ប៉ា​មោ​ថ័យ តាម​សំនៀង​ថៃ​ក៏​មាន ។ តាមពិត ពាក្យ​បាមោជ្ជ ជា​ភាសាបាលី និង​ប្រាមោទ្យ ជា​ភាសាសំស្ក្រឹត មានន័យ​ថា គួរ​រីករាយ ឬ​រំជួលចិត្ត ។​

​ល្ខោន​បាមោជ្ជ​ទ័យ ឬ​ល្ខោន​ដែល​ធ្វើឱ្យ​រំ​ជូ​ល​ចិត្ត​នេះ ពិតជា​បាន​ឧប្បត្តិ​ក ក​កើតឡើង​នៅ​កម្ពុជា​នេះ ដោយ​យក​លំនាំ​ទាំងស្រុង​ពី​ល្ខោន​ច្រៀង បែប​បស្ចឹម​ប្រទេស​អូ​ប៉េ​រ៉ែត (Operette) ពិសេស គឺ​ពី​ប្រទេស​បារាំង ដែល​ជា​ប្រទេស​ធ្វើ​អាណានិគមនិយម​លើ​ប្រទេស​ខ្មែរ​ផ្ទាល់​តែម្តង ។​

​បើ​តាម​ឯកសារ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​បាន​បញ្ជាក់​ឱ្យដឹងថា អ្នក​សម្តែង​ដែល​គេ​និយម​ហៅថា «​តួ​កូន​រាំ​» ទាំងអស់ សុទ្ធតែ​ស្រីៗ សូម្បី​តែ​តួអង្គ​ក្នុង​រឿង​នោះ ជា​តួ​ប្រុស​ក៏ដោយ ។ ចំណែក​ខាង​ប្រុសៗ មាន​មុខងារ​ជា​អ្នករៀបចំ​ឆាក លេង​ភ្លេង និង​ដើរតួ​ជា​ត្លុក​កំប្លែង​ប៉ុណ្ណោះ ។​

​សម្រាប់​ការប្រគំ​តន្ត្រី​ជូន​វង់​ល្ខោន​នេះ​វិញ គឺ​វង់​តន្ត្រី​សម័យ ដែល​ពី​មុន​នោះ​ខ្មែរ​និយម​ហៅថា ភ្លេង​អ័រ​កេស្រ (Orchestre) ឬ​ភ្លេង​ម៉ានីល​នោះឯង ។ ក្រោម​មក គេ​មាន​បញ្ចូល​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​ខ្លះ​ផង ដូចជា រនា​ត ឃឹម តា​ខេ ខ្លុយ ជាដើម ។ សាច់​បទ និង​ទំនុកច្រៀង គេ​និពន្ធ​ថ្មី​នេះ និង​យក​បទ​មហោរី​មក​ប្រើ​ខ្លះ ដូចជា បទ​ទោច​យំ បទ​ដួង​ចំ​ប៉ា បទ​ឡាវ​ឡឹ​ក បទ​សែន​ស្រណោះ បទ​ចៅ​ដក ជាដើម ដែល​អ្នក​ច្រៀង​ត្រូវ​ច្រៀង​មួយ​ចប់​សាច់​បទ ទើប​ភ្លេង​ប្រគំ​សាច់​បទ​នោះ​ជា​ក្រោយ ។ 

​ចំណែកឯ​ខាង​សំលៀក​បំពាក់​វិញ ច្រើន​ប្រើ​សំលៀក​បំពាក់​សម័យ​ទំនើប គឺ​ខោឡេវ អាវ​សឺ​មិ ឬ​អាវធំ ស្រី​សំពត់​ហូល ឬ​ស្លៀក​បែប​អឺរ៉ុប ឬ​បុរាណ​តាម​សាច់រឿង​នី​មួយៗ ។ ចំណែក​ខាង​ការតុបតែង​លម្អ​ឆាក​វិញ ក៏​មាន​លក្ខណៈ​ទំនើប​ណាស់ដែរ គឺ​មាន​ផ្ទាំងគំនូរ​តា​ប្លូ (Tableaux) ចង​ព្យួរ​ដូច​ល្ខោនបាសាក់​ផង ហើយ​មាន​បន្ថែម​ផ្ទាំងគំនូរ​កាត់​ជា​រូប​ផ្ទះ រូប​ក្លោងទ្វារ រូប​ថ្មភ្នំ និង​សម្ភារៈ តុ ទូ គ្រែ ទាំងនេះ​ស្របទៅតាម​ដំណើរ​នៃ​សាច់រឿង ដែល​ភាគច្រើន ច្រើនតែ​ជា​រឿង​សម័យ​ផង ហើយ​ជួនកាល​ជា​រឿង​របស់​បរទេស ដូច​ជា​រឿង អ៊ី​ណាវ​បុស្បា ឬ​រឿង​មួយ​ពាន់​មួយ​យប់ របស់​អារ៉ាប់ ពិសេស គឺ​រឿង​បារាំង​តែម្តង ។​

​ឯ​របៀប​សម្តែង​វិញ ក្រៅពី​ចម្រៀង​ដែល​ជូន​ដោយ​វង់​តន្ត្រី​សម័យ ឬ​ចម្រុះ​ឧបករណ៍​ខ្មែរ​ខ្លះ ទាំង​កាយវិការ ទាំង​ពាក្យសម្តី​និយាយ គឺ​មាន​លក្ខណៈ​ប្រាកដនិយម ពោល​គឺ ដូច​សកម្មភាព​ក្នុង​ជីវិត​ធម្មតា​របស់​មនុស្ស​យើង​នេះ​ឯង ។​

​ល្ខោន​ប្រាមោទ្យ​ទ័យ ដែល​ជា​ល្ខោន​ច្រៀង​បែប​ថ្មី ទទួល​ឥទ្ធិពល ឬ​ចម្លង​ផ្ទាល់​ពី​ល្ខោន​ច្រៀង​អូ​ប៉េ​រ៉េត របស់​អឺរ៉ុប​មក​នេះ មាន​អាយុកាល​រស់នៅ​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ​ក្នុង​សង្គម​ខ្មែរ ព្រោះ​ឯកសារ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​បាន​បញ្ជាក់ថា ទម្រង់​នេះ បាន​កើតឡើង​ប្រមាណ​ក្នុង​ឆ្នាំ​១៩២០ នៃ​គ​.​ស ហើយ​ត្រូវ​រលត់រលាយ​អស់​ពី​កម្ពុជា​ទៅវិញ នៅក្នុង​អំឡុង​ឆ្នាំ​១៩៤០ ។ មូលហេតុ គឺ​ដោយសារ​មាន​ល្ខោនបាសាក់ ដែល​កើតឡើង​មក​ពី​ស្រុក​បាសាក់​កម្ពុជា​ក្រោម មក​ប្រណាំងប្រជែង​យក​ជោគជ័យ​បាន ហើយ​ទស្សនិកជន​ខ្មែរ ជាទូទៅ ក៏​បែរជា​ទៅ​ជា​និយម​ទស្សនា ល្ខោនបាសាក់​យ៉ាង​ខ្លាំងក្លា​ទៅវិញ ។​

​រហូតមកដល់​ឆ្នាំ​២០០១ ទើប​គណៈកម្មការ​ស្រាវជ្រាវ​វប្បធម៌​សិល្បៈ​របស់​ក្រសួង​វប្បធម៌ ដែល​មាន​លោក ពេជ្រ ទុំ​ក្រវិល ជា​ប្រធាន និង​ដោយ​មាន​ជំនួយ​អង្គការ UNESCO ទើប​យើង​អាច​ធ្វើឱ្យ​ទម្រង់​ល្ខោន​បាមោជ្ជ​ទ័យ​នេះ​រស់​ឡើងវិញ បាន​ដោយ​លើកយក​រឿង​កេប កេ​បកូន​ល្អ រៀបរៀង​ដោយ​អ្នកស្រី កែវ ណា​រុំ និង​ដឹកនាំ​រឿង​ដោយ ចិន នាគ មក​សម្តែង​ជា​លើក​ដំបូង​ក្នុង​ទិវា​វប្បធម៌ ថ្ងៃទី​៣ ខែ​មេសា នៅ​សាល​មហោស្រព​ចតុមុខ ។​

​ពិតមែន​តែ​ការសម្តែង​ល្ខោន​បាមោជ្ជ​ទ័យ​របស់​យើង បាន​ចំនួន​តិច​ពេល​ក៏ពិតមែន ប៉ុន្តែ វា​ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ជា​មេរៀន​ដ៏​តូច និង​មាន​សារៈសំខាន់ ដែល​គណៈកម្មការ​ស្រាវជ្រាវ និង UNESCO បាន​ខិតខំ​ធ្វើឱ្យ​រស់​ឡើង​វិញ និង​បង្ហាញជូន​ទស្សនិកជន​ជាតិ និង​អន្តរជាតិ ក្នុងឱកាស​នោះ និង​ត្រូវបាន​សិល្បករ​បន្តវេន​ចាប់អារម្មណ៍ ហើយ​ខិតខំ​ការពារ ខិតខំ​ស្វែងយល់ និង​ពង្រីក​ឱ្យ​កាន់តែ​ធំ និង​ល្អប្រសើរ​ឡើង​ក្នុង​កាល​អនាគត​ជាក់​ជាមិនខាន ៕

ព័ត៌មានផ្សេងទៀត