ក្រោយ​សាកសួរ តុលាការ​បង្គាប់​ឲ្យ​បន្ត​ឃុំខ្លួន ចំប៉ី​ខ្មៅ នៅ​ពន្ធនាគារ​ព្រៃ​ស​

15-02-2019 3:29 pm 1653
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​ការ​ស៊ើបសួរ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ជនសង្ស័យ​ឈ្មោះ យិន ហេង ហៅ «​ចំប៉ី ខ្មៅ​» ត្រូវបាន​មន្ត្រី​ពន្ធនាគារ បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ «​ស​» វិញ​រង់ចាំ​ចាត់ការ​ជំនុំ ជម្រះ​តាម​នីតិវិធី​បន្តទៀត តាម​ការចោទប្រកាន់រ​បស់​ព្រះរាជអាជ្ញា​។​

​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ជនសង្ស័យ យិន ហេង ពីបទ «​ញុះញង់​ឱ្យ​មាន​ការរើសអើង​» តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បទល្មើស​នេះ អាច​មាន​ទោស​ជាប់ពន្ធនាគារ ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​។​

​កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ នគរបាល​ខណ្ឌ​ដូនពេញ បាន​បញ្ជូន​ខ្លួន​ឈ្មោះ យិន ហេង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ក្នុង​សំណុំរឿង​បង្ហោះ​ជា​សាធារណៈ តាម​បណ្តាញ​សង្គម Facebook ដោយបាន​ជេរប្រមាថ​មកលើ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ក្នុងន័យ​មើលងាយមើលថោក សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​ឈ្មោះ «​ចំប៉ី ខ្មៅ​» ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ខណ្ឌ​ដូនពេញ នា​ល្ងាច​ថ្ងៃទី​០៥ ខែ​កុម្ភៈ ក្រោយពេល​បង្ហោះ​វីដេអូ នៅលើ​បណ្ដាញ​សង្គម នៅ​ខាង​មុខ​ព្រះបរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ធ្ងន់ៗ ប្រមាថ​ទៅដល់​ជាតិ​សាសន៍​ខ្មែរ​។ វីដេអូ​នោះ បាន​ធ្វើឱ្យ​មាន​ការខឹង​សម្បារ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និង​ថ្កោលទោស​ឱ្យ​សមត្ថកិច្ច ចាត់ការ​ចំពោះ​បុគ្គល​ភេទ​ទី​៣​នេះ​ផង​ដែរ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​រូបនេះ មូលហេតុ​ដែល​ធ្វើឱ្យ​ខ្លួន​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ដោយសារតែ​មាន​ជនអនាមិក​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្លួន ដោយ​មិន​ដឹង​មូលហេតុ​។ ជន​សង្ស័យថា សកម្មភាព​ខោក​ក្បាល​ពី​ជនអនាមិក បាន​ធ្វើឱ្យ​ខ្លួន​មាន​ការឈឺចាប់​ជាខ្លាំង ក៏បង្ក​ឲ្យ​ខ្លួន​បង្ហោះ​វីដេអូ​ជេរប្រមាថ​ខ្មែរ ព្រោះតែ​កំហឹង​មួយ​ឆាវ​តែម្តង​៕

ព័ត៌មានផ្សេងទៀត