ភូមិ​មួយ​នៅ​ប្រទេស​ជប៉ុន ស្ទើរតែ​គ្មាន​សំរាម​បន្តិច​សោះ​

13-02-2019 11:21 am 773

​ភូមិ Kamikatsu ស្ថិត​នៅ​ព័ទ្ធជុំវិញ​ដោយ​វាលស្រែ និង​ព្រៃភ្នំ ភាគ​ខាងលិច​កោះ Shikoku នៃ​ប្រទេស​ជប៉ុន ។ វា​ជា​ភូមិតូច​មួយ​ដែល​មាន​ប្រជាជន​រស់នៅ​មិន​ដល់ ១.៧00 នាក់​ឡើយ ។ កាលពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ ភូមិ​នេះ​ក៏​មាន​ការកែច្នៃ​សំរាម​ដែរ ដោយ​ដុត​វា​នៅក្នុង​វាលលំហ ឬ​កប់​ក្នុង​ដី ។ ប៉ុន្តែ គម្រោង​បំពាក់​ឡ​ដុត​សំរាម​ថ្មី ត្រូវ​បរាជ័យ ធ្វើ​ឱ្យ​អ្នកភូមិ​រិះរក​វិធី​សាស្ត្រ​ថ្មី ដើម្បី​ប្រែក្លាយ​ភូមិ​របស់​ខ្លួន​ឱ្យ​ទៅជា​ភូមិ​ដែល​គ្មាន​សំរាម នៅមុន និង​ត្រឹម​ឆ្នាំ​២0២0 ។ បច្ចុប្បន្ន ជាង ៨0​ភាគរយ​នៃ​សំរាម​នៅ​ក្នុង​ភូមិ​នេះ មិន​ត្រូវបាន​យក​ទៅ​ដុត​ក្នុង​ឡ​ដុត​សំរាម ឬ​ចាក់​នៅ​ទីលាន​ចាក់សំរាម​ឡើយ ។​

​គម្រោង​ប្រែក្លាយ​ភូមិ​នេះ​ឱ្យទៅ​ជា​ភូមិ​ដែល​គ្មាន​សំរាម គឺ​បាន​ចាប់ផ្តើម​ជាង ២​ទសវត្សរ៍​មក​ហើយ ។ ឡ​ដុត​សំរាម​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ភូមិ​នេះ ប៉ុន្តែ ដោយសារ​តែ​ការព្រួយបារម្ភ​អំពី​ហានិភ័យ​ដែល​បង្កឡើង​ដោយ​ឧស្ម័ន​ពុល​ដែល​ភាយ​ចេញពី​សំរាម អាជ្ញាធរ​នៅ​តំបន់​នេះ ក៏​បាន​រិះរក​មធ្យោបាយ​ថ្មី ដើម្បី​កាត់បន្ថយ​សំរាម ដោយ​ញែក​វា​ជា​ប្រភេទ​ផ្សេងៗ​គ្នា គឺ​សំរាម​ដែល​អាច​ប្រើប្រាស់​ឡើងវិញ សំរាម​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន និង​សំរាម​ដែល​អាច​កាត់បន្ថយ​បាន ។ សំរាម​ទាំងនេះ​ត្រូវបាន​បែងចែក​ជា ៤៥​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​ក្នុងចំណោម ៤៥​ប្រភេទ​នេះ គេ​បែងចែក​ជា​ប្រភេទ​ធំៗ ៖ សំណល់​ម្ហូបអាហារ លោ​ហៈ ក្រដាស ប្លា​ស្ទិក ដប​កែវ ថាស​ដាក់​ម្ហូបអាហារ គ្រឿងសង្ហារិម គ្រឿង​ម៉ាស៊ីន ហើយ​ប្រភេទ​ធំៗ​ទាំងនេះ ត្រូវ​បែងចែក​ជា​ប្រភេទ​តូចៗ​ទៀត គឺ​លោហៈ ត្រូវ​បែងចែក​ជា អាលុយមីញ៉ូម និង​ដែកថែប ក្រដាស​ត្រូវ​បែងចែក​ជា កាសែត ក្រដាស​រឹង ក្រដាស​កេស ក្រដាស​កេស​ដែល​មាន​ស្រោម​អាលុយមីញ៉ូម កែវ​ក្រដាស ក្រដាស​ស៊ីឡាំង​រឹង និង​ក្រដាស​កាត់​ជា​បំណែក​តូចៗ ។​

​ការបែងចែក​បែបនេះ ធ្វើឱ្យ​សំរាម​ទាំងនេះ ក្លាយទៅជា​ធនធាន​ដែល​មាន​គុណភាព​ខ្ពស់ អាច​យក​ទៅ​កែច្នៃ​ធ្វើ​អ្វី​ផ្សេងទៀត​បាន ។ លោកស្រី Sakano សហប្រធាន​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅ​ទីក្រុង Davos ឆ្នាំនេះ បាន​លើកឡើង​ថា កាលពី​ដំបូង យើង​ត្រូវការ​ពេលវេលា​ខ្លះ ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឱ្យ​បែងចែក​សំរាម ប៉ុន្តែ ក្រោយមក ប្រជាជន​ទាំងនោះ មិន​ត្រឹមតែ​សម្អាត និង​បែងចែក​សំរាម​នៅ​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុវត្ត​វា​នៅ​កន្លែង​ប្រមូល​សំរាម​ទៀតផង ។​

​លោកស្រី​បន្ថែមថា បច្ចុប្បន្ន លោក​-​អ្នក​នឹង​អាច​មើលឃើញ​ប្រជាជន​បែងចែក​សំរាម​ជា ៥ ទៅ ១0​ប្រភេទ​នៅ​តាម​ផ្ទះ និង​កន្លែង​រក្សាទុក​សំរាម ។ គម្រោង​នេះ ដំណើរការ​ទៅ​ដោយ​ផ្អែកលើ​គោលការណ៍ ៤ Ls គឺ ធ្វើ​តាម​តំបន់ (Local) ចំណាយ​អស់​តិច (Low cost) ប៉ះពាល់​តិចតួច (Low impact) និង​ប្រើ​បច្ចេកវិទ្យា​ទាប (Low tech) ៕

​ប្រភពព័ត៌មាន​ សូមចុចទីនេះ

​អត្ថបទ​ដោយ ក្រសួង​បរិស្ថាន​កម្ពុជា ។​

ព័ត៌មានផ្សេងទៀត