ដក​EBA! ​គួរ​នាំ​គ្នា​និយាយ​​តែ​ពី​បញ្ហា​ រឺ​គួរ​និយាយ​​ពី​ការ​ត្រៀមខ្លួន​​?

13-02-2019 9:44 am 1155
ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការ​អឺរ៉ុប នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក REUTERS/Yves Herman

​នៅ​រយៈពេល​ចុងក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ចាប់អារម្មណ៍ និង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ  «​គ្រប់​មុខទំនិញ​លើកលែង​សព្វាវុធ (EBA)»​។ ជា​ការចាប់អារម្មណ៍​ធ្វើឡើង ខណៈពេលដែល​គណៈកម្មកា​រ​អឺរ៉ុប​សម្រេច បានចាប់ផ្តើម​ដំណើរការ​នីតិវិធី ដែល​អាច​ឈានទៅដល់​ការដក​ការអនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប (EBA) រដ្ឋាភិបាល​កម្ពុជា​។ តើ​អ្វី​ទៅជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA? ប្រសិនបើ EBA ត្រូវ​ព្យួរ តើ​គួរ​នាំគ្នា​និយាយ​ពី​បញ្ហា រឺ​គួរ​និយាយ​ពី​ការត្រៀមខ្លួន​?

«​គ្រប់​មុខទំនិញ​លើកលែង​សព្វាវុធ​(EBA)» គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​អនុម័ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០០១​។ ជាគោលការណ៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ផ្តល់ជូន​ដល់​ប្រទេស​អភិវឌ្ឍ​តិចតួច​ដែល​អនុញ្ញាតឱ្យ​មានការ​នាំចូល​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។​

​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មាន​ជាអាទិ៍ ជា​ប្រទេស​កំពុង​អភិវឌ្ឍ​យោងតាម​ចំណាត់ថ្នាក់​របស់​គណៈកម្មាធិកា​រគោល​នយោបាយ​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​ប្រទេស​ក្រីក្រ មិនបាន​គោរព​ទៅតាម​លក្ខខណ្ឌ រួម​មានដូចជា ការគោរព​សិទ្ធិ​កម្មករ ប្រជាធិបតេយ្យ ឬ​គោលការណ៍​ជា​មូលដ្ឋាន​ផ្សេងទៀត ដែល​មានចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​ព្យួរ​ជា​បណ្តោះអាសន្ន​។​

​បច្ចុប្បន្ន​ប្រទេស​ទទួលបាន​EBA មាន​ចំនួន​៤៩ ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។​និយាយ​ជារួម ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​៣ គឺ​ឡាវ កម្ពុជា និង ភូមា​។ របាយការណ៍​ពី​ធនាគារជាតិ បាន​បង្ហាញថា នៅ​ឆ្នាំ​២០១៨​នេះ ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អឺរ៉ុប មាន ២៩​ភាគរយ នៃ​ចំណែក​ទីផ្សារ​នាំចេញ​សរុប ខណៈ​អាមេរិក​មាន​២៤​ភាគរយ អង់គ្លេស​មាន ៩​ភាគរយ និង​ជប៉ុន មាន​៨​ភាគរយ​។

​ប៉ុន្តែ​បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយសារតែ​គណៈកម្មកា​រ​អឺរ៉ុប សម្រេច​ចាប់ផ្តើម​ដំណើរការ​នីតិវិធី ដើម្បី​ឈានទៅដល់​ការដក​ការអនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា ដោយ​នៅសល់​១៨​ខែ​ទៀត មុន​ចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ​។​

ជាទូទៅ​តាម​នីតិវិធី​មុន​អឺរ៉ុប​សម្រេច​ផ្លូវការ គណៈកម្មការ​អឺរ៉ុប ត្រូវ​ចេញ​សេចក្តីសម្រេច​មួយ ជូនដំណឹង​អំពី​ការចាប់ផ្តើម​នីតិវិធី​នេះ ទៅកាន់​សភា និង ក្រុមប្រឹក្សា​អឺរ៉ុប ព្រមទាំង​ទៅកាន់​ប្រទេស​ដែល​គេ​ចង់​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ (​ក្នុងករណីនេះ គឺ​កម្ពុជា​)​។ ដំណើរការ​នីតិវិធី​នេះ​ត្រូវ​ចំណាយពេល​សរុប ១២​ខែ​។​

​រយៈពេល​១២​ខែ​នេះ សហភាព​អឺរ៉ុប​ទុកពេល​ឱ្យ​ប្រទេស​ដែល​គេ​ចង់​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ត្រួតពិនិត្យ និង ចរចារ​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការកែលម្អ​ពី​ស្ថាភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដែល​មានចែង​ក្នុង​លក្ខខណ្ឌ​របស់​អឺរ៉ុប ការសរសេរ​របាយការណ៍ និង ការសម្រេច​ព្យួរ ឬ​មិន​ព្យួរ​EBA​។ បន្ទាប់មក​រយៈពេល​៦​ខែ​ចុងក្រោយ គឺ​ការអនុវត្ត​សេចក្តីសម្រេចចិត្ត​ព្យួរ​។ ជា​សេចក្តីសម្រេច ធ្វើឡើង​ដោយ​សំឡេង​ភាគច្រើន ក្នុងចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈកម្មការ​អឺរ៉ុប និង គ្មាន​ការជំទាស់​ពី​សំណាក់​សភា ឬ ក្រុមប្រឹក្សា​អឺរ៉ុប​។​

​ករណី​កម្ពុជា​សព្វថ្ងៃ​កំពុង​នៅ​រយៈពេល​មួយ ដើម្បី​ត្រួតពិនិត្យ និង ចរចារ​។ ជា​ដំណាក់កាល​ដែល​អាចឈាន​ទៅដល់​ការដក​ការអនុគ្រោះ​ពន្ធ​។ មតិ​ខ្លះ​គិតថា EBA ជា​វិញ្ញាសារ​សំខាន់​មួយ ដើម្បី​តេស្ត​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការដឹកនាំ​ប្រទេស​។ ព្រោះថា ប្រសិនបើ​សហភាព​អឺរ៉ុប​ព្យួរ EBA ពលរដ្ឋ​សាមញ្ញ កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់ នឹង​ទទួលរង​ផលប៉ះពាល់​មុនគេ​។ ឧស្សាហកម្ម​នេះ មាន​មនុស្ស​ជាង​៧០​ម៉ឺន​នាក់ ហើយ ៨៥​ភាគរយ​ជា​ស្ត្រី ហើយ​ម្ចាស់​រោងចក្រ​មួយចំនួន​អាច​នឹង​ចាកចេញ​ពី​កម្ពុជា ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​។​

​ដូច្នេះ​វា​ជា​បរិបទ​មួយ​ដ៏​សែន​ស្មុកស្មាញ សម្រាប់​វាសនា​កម្ពុជា​នាពេលខាងមុខ​។ ខណៈដែល​កម្ពុជា​កំពុង​ឋិត​ក្នុង​បរិបទ​បាត់​បង់ប្រយោជន៍​ពី EBA គេ​ឃើញ​មាន​ដែល​ការជជែក​ដេញដោល និង ចំអក​ដាក់គ្នា​ក្នុងសង្គម​ខ្មែរ អំពី​បញ្ហា និង ផលវិបាក​ពេល​កម្ពុជា​អត់​ប្រព័ន្ធ​អនុគ្រោះ​ពី​អឺរ៉ុប​។ កាល​នេះ​គេ​មើលឃើញថា មិនមែនជា​ចលករ​ល្អ​សម្រាប់​ជោគវាសនា​ប្រទេស​កម្ពុជា​ទេ​។ ផ្ទុយទៅវិញ​វា​ថែមទាំង​បង្ក​ជា អរិភាព​ក្នុងសង្គម​បន្ថែម​។​

​ជារួម​ក្នុង​កាលៈទេសៈ​កម្ពុជា​បច្ចុប្បន្ន តាម​គំនិត​របស់​អ្នកស្រាវជ្រាវ​មួយចំនួន បានផ្តល់​ជា​យោបល់​ថា  កម្ពុជា​គួរតែ​ចាប់ផ្តើម​រៀបចំ​យ៉ាង​ប្រញ៉ាប់ប្រញាល់ ដើម្បី​ងើបឈរ​ដោយ​ខ្លួនឯង​។ កម្ពុជា​មិនអាច​យក​ឧស្សាហកម្ម​អតិពលកម្ម ជា​មូលដ្ឋាន​បាន​រហូត​ទេ ព្រោះថា​ឧស្សាហកម្ម​នេះ​មិនអាច​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​រឹងមាំ​បានយូរ​នោះឡើយ​។ កម្ពុជា​គួរ​ផ្លាស់ប្តូរ​ពី​ឧស្សាហកម្ម​ស្រាល​ទៅជា​ឧស្សាហកម្ម​ធុន​ធ្ងន់​ដែល​គេ​នាំគ្នា​និយាយ​ដល់​ការ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ហើយ​ដើម្បី​សម្រេចបាន​គោលដៅ​នេះ កម្ពុជា​ត្រូវមាន​កម្លាំង​ពលកម្ម​មាន​ជំនាញ​ឱ្យ​គ្រប់គ្រាន់ និង ចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​វិស័យ​អទិភាព​៕

 ពាក្យគន្លឹះ  EBA

ព័ត៌មានផ្សេងទៀត