លោក​ត្រាំ​​​​អាច​ទុកពេល​​បន្ថែម​​សម្រាប់​​កិច្ចចរចា​​ដោះស្រាយ​​សង្គ្រាម​​ពាណិជ្ជកម្ម​

13-02-2019 8:57 am 813
​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ស្នើថា លោក​អាច​ពន្យារពេល​កំណត់​លើ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ កាលបរិច្ឆេទ​កំណត់​នឹង​មកដល់​នៅ​ថ្ងៃទី​០១​មីនា​ខាងមុខ​នេះហើយ ជា​រយៈពេល​៩០​ថ្ងៃ​លោក​ត្រាំ​និង​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​បាន​ព្រមព្រៀង ទុក​ផ្លូវ​ឲ្យ​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​ស្វែងរក​ដំណោះស្រាយ​។ កាលពី​ថ្ងៃ​អង្គារ​លោក​ត្រាំ​បាន​និយាយថា ប្រសិនបើ​ខិត​កាន់តែ​កៀក​កិច្ចព្រមព្រៀង លោក​អាច​បន្ថែម​ពេល​ចរចា មិន​កំណត់​បញ្ចប់​ត្រឹម​ថ្ងៃទី​០១​មីនា​ទេ ដើម្បី​សម្រេច​ឲ្យបាន​កិច្ចការ​នេះ​ទាំងស្រុង​។​

​ប៉ុន្ដែ​តាមពិតទៅ​លោក​ត្រាំ​សង្កត់ធ្ងន់ថា លោក​ក៏​មិន​ចង់​ធ្វើបែបនេះ​ដែរ​។ បច្ចុប្បន្ន​លោក​គ្មាន​ផែនការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ទេ​។ លោក​នឹង​រង់ចាំ​មើល​លទ្ធផល​នៃ​កិច្ចចរចា​ថ្នាក់​រដ្ឋមន្ដ្រី ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី​១៤​កុម្ភៈ​នេះ​ជាមុនសិន​។ គួរ​បញ្ជាក់ថា ប្រសិនបើ​កាលបរិច្ឆេទ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវផុត​សុពលភាព នោះ​អាមេរិក​នឹង​ចាប់ផ្ដើម​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​ជាថ្មី បើ​ប្រៀបធៀប​លើក​មុន​មានតម្លៃ​ច្រើនជាង​ទ្វេដង​៕

ព័ត៌មានផ្សេងទៀត