ស្វែងយល់ពី​បញ្ហា​​ប្រឈម​ខ្លះៗ​​នៃ​កិច្ច​ជំនួប​លើក​ទី​ពីរ​​រវាង​លោក​ត្រាំ​​និង​លោក​គីម​

12-02-2019 3:10 pm 2951
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំពេលជួបគ្នា​នៅសិង្ហបុរី

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានបញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់កា​រថា លោក​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ជា​លើក​ទី​ពីរ នៅ​ថ្ងៃទី​២៧-២៨​ខែកុម្ភៈ​នេះហើយ នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ក្នុង​កិច្ច​ជំនួប​លើក​នេះ​មេដឹកនាំ​ទាំងពីរ​អាច​ប្រឈម​បញ្ហា​មួយចំនួន ខណៈ​កំពុងមាន​ការរៀបចំ​កិច្ចប្រជុំ​។ តើ​បញ្ហា​ប្រឈម​ទាំងនោះ​មាន​អ្វីខ្លះ​?
​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​ទីមួយ​៖ ធ្វើយ៉ាងណា​សម្រេច​ឲ្យបាន​ជោគជ័យ​ល្អប្រសើរ​ជាងជំនួប​លើកមុន​

​ទាំង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាងច្រើន​បំផុត​ជុំវិញ​ការផ្សះផ្សារ​ទំនាក់ទំនង​ឡើងវិញ នៅក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ខែមិថុនា​ឆ្នាំមុន​។ ដូច្នេះ​ប្រហែល​មេដឹកនាំ​ទាំងពីរ​អាច​បំបែក​ភាពជាប់គាំង​បាន តាមរយៈ​កិច្ចប្រជុំ​លើក​ទី​ពីរ​។ ប៉ុន្ដែ​មិនត្រូវ​ភ្លេច​ទេ​ថា សេចក្ដីថ្លែងការណ៍​មិន​ច្បាស់លាស់​ចេញ​កន្លងមក មិនបាន​ដឹកនាំ​ឆ្ពោះទៅរក​សកម្មភាព​អាមេរិក​ចង់បាន​ជាក់ស្ដែង គឺ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ​។ ទីក្រុង​ព្យុងយ៉ាង​ក៏​សម្ដែង​ការ​ខកចិត្ដ​យ៉ាងខ្លាំង ដែល​ទីក្រុង​វ៉ាស៊ីនតោន​បដិសេធ​មិន​ព្រម​បន្ធូរបន្ថយ​ទណ្ឌកម្ម​។ ហេតុនេះ​សម្ពាធ​សម្រាប់​មេដឹកនាំ​ទាំងពីរ គឺ​ការសម្រេច​ឲ្យបាន​អ្វីមួយ​ជា​ដុំកំភួន​។​

​បញ្ហាលំបាក​នៅពេលនេះ​គឺថា មេដឹកនាំ​ទាំងពីរ​បានធ្វើ​បដិវត្ដ​ន៍នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​ផ្ទាល់ តែ​មេដឹកនាំ​ទាំងពីរ​ក៏​ចង់​ដោះស្រាយ​ជាមួយគ្នា​ដោយផ្ទាល់ បានធ្វើ​តាមរយៈ​ការផ្លាស់ប្ដូរ​លិខិត​និង​ពាក្យសម្ដី​យ៉ាង​កក់ក្ដៅ​រួចមកហើយ​។ អ្វីដែល​ការព្រួយបារម្ភ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន កិច្ចប្រជុំ​លើក​ទី​ពីរ​អាចមាន​ផលចំណេញ​សម្រាប់​លោក​គីម​ច្រើនជាង​លោក​ត្រាំ​។ ចំពោះ​ដំណោះស្រាយ​គឺ​ត្រូវមាន​កិច្ចចរចា​កម្រិត​ខ្ពស់​មួយ រៀបចំ​ព័ត៌មាន​លម្អិត​មុន​កិច្ចប្រជុំ​កំពូល​ចាប់ផ្ដើម​។ សមិទ្ធផល​ពិតប្រាកដ​អាចជា​កិច្ចព្រមព្រៀង​សម្រាប់​គ្រោងការ​មួយ ដើម្បី​រក្សា​ភាគី​ទាំងពីរ​ស្ថិតក្នុង​កម្រិត​ជំនាញ​។​

​ទី​ពីរ​៖ អាច​ទទួលបាន​លទ្ធផល​ដូច​លើក​មុន​ទៀត​

​ក្នុង​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨ អាមេរិក​និង​កូរ៉េខាងជើង​បាន​ព្រមព្រៀង​នឹង​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។ ប៉ុន្ដែ​មិន​បានបញ្ជាក់​ពី​មធ្យោបាយ​ច្បាស់លាស់ សម្រាប់​រំលាយ​នុយក្លេអ៊ែរ​ទេ ធ្វើឲ្យ​មានមន្ទិលថា​ដំណើរការ​នេះ​ពិតជា​អាចទៅរួ​ចឬក៏​អត់​។ ចំពោះ​អាមេរិក​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ពាក់ព័ន្ធ​តែ​កូរ៉េខាងជើង​មួយគត់​។ កូរ៉េខាងជើង​ត្រូវ​រំលាយ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី ហើយ​អនុញ្ញាតឲ្យ​ក្រុម​ស៊ើបអង្កេត​អន្ដរជាតិ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​។ តែ​កូរ៉េខាងជើង​ថា​ការទាមទារ​របស់​អាមេរិក បញ្ច្រាស​ពី​អ្វីដែល​ខ្លួន​ចង់បាន និង​ថា​អាមេរិក​កំពុង​ទាញ​លទ្ធភាព​គំរាមកំហែង​ទីក្រុង​ព្យុងយ៉ាង ជាមួយ​កម្លាំងប្រដាប់អាវុធ​ក្នុង​តំបន់​។​

​កន្លងមក​លោក​ត្រាំ​ធ្លាប់​និយាយប្រាប់​ឧត្ដមសេនីយ៍​របស់លោក ពី​បំណង​ចង់​ដកទ័ព​អាមេរិក​ពី​កូរ៉េខាងត្បូង ទោះបី​លោក​មិន​បានបញ្ជាក់​ពី​ផែនការ​គ្រោង​ធ្វើ​នៅពេលនេះ ក៏​លោក​ចង់​ធ្វើ​នៅពេល​ក្រោយ​។ តែ​ទោះជា​លោក​ត្រាំ​ប្រកាស​អ្វី​ក៏ដោយ លោក​គីម ជុង​អ៊ុន​មិនបាន​ប្ដេជ្ញាចិត្ដ​ជា​ផ្លូវការ​ទៅនឹង​ការលុបបំបាត់​អាវុធនុ​យ​ក្លេ​អ៊ែរ​ទេ បើ​អាមេរិក​មិន​ចាត់វិធានការ​ជាក់ស្ដែង​នឹង​ភ្នែក​។ អ្នកជំនាញ​និយាយថា គួរតែ​ជំរុញ​លោក​គីម​ក្នុង​ដំណើរការ​នេះ ហើយ​ត្រូវតែ​ឯកភាព​លើ​ផែនទី​គូស​បង្ហាញ​ដើម្បី​សម្រេច​ជោគជ័យ​។ នោះ​គឺជា​បញ្ហា​ប្រឈម​ពិតប្រាកដ​។ កាលពី​សប្ដាហ៍​មុន​មន្ដ្រីជាន់ខ្ពស់​អាមេរិក​ទ​ទួល​បន្ទុក​កិច្ចការ​ជាមួយ​កូរ៉េខាងជើង ក៏​ទទួលស្គាល់​ពី​ការ​ដាច់​ទំនាក់ទំនង​លើ​គោលដៅ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​នេះដែរ​។ តែ​លោក​នៅ​សង្ឃឹមថា​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងជើង នឹង​កើតឡើង​ក្នុងពេល​មួយ​មិន​ខាន​។​

​ទី​បី​៖​ការចាត់វិធានការ​លុបបំបាត់​នុយក្លេអ៊ែ​រ​

​សញ្ញា​ទទួលបាន​ពី​ភាគី​ទាំងសងខាង ធ្វើឲ្យមាន​ក្ដីរំពឹងទុក​ពី​សកម្ម​ភាព​មួយចំនួន​នៅក្នុង​កិច្ចប្រជុំ​កំពូល​។ យោងតាម​មន្ដ្រី​អាមេរិក​លោក​Biegun​បានឲ្យដឹងថា ទីក្រុង​ព្យុងយ៉ាង​យល់ព្រម​នឹង​បំផ្លាញ​រាល់​ឧបករណ៍​គាំទ្រ​ដល់​ការផលិត​គ្រាប់បែក​និង​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ឆ្លើយតប​ដោយ​ការទទួលខុសត្រូវ​។ លោក​គីម ជុង​អ៊ុន​ធ្លាប់​និយាយ​កន្លងមក​ដែរថា ការដោះដូរ​លុះត្រាតែ​សមស្រប​គ្នា ជាក់ស្ដែង​ដូចជា​ការបន្ធូរបន្ថយ​ទណ្ឌកម្ម រួមទាំង​ការធានា​ពី​សន្ដិសុខ និង​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ​ជាដើម​។​

​មាន​សេចក្ដីរាយការណ៍​អំពី​កិច្ចព្រមព្រៀង​មួយ ពាក់ព័ន្ធ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម ដោះដូរ​សម្រាប់​បង្កក​ការផលិត​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង ព្រោះ​កន្លងមក​កូរ៉េខាងជើង​ឈប់​ធ្វើតេស្ដ​នុយក្លេអ៊ែ​រ តែ​មិនបាន​ឈប់​ផលិត​ឡើយ​។ បញ្ហា​ប្រឈម​ទាំងនេះ​គួរតែ​ត្រូវបាន​ធានាថា អាច​ឈានទៅរក​ជំហាន​ជាក់ស្ដែង​សម្រាប់​ការរុះរើ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​បាន​ព្រមព្រៀង​រួចមកហើយ​។ ការព្រួយបារម្ភ​នៅពេលនេះ គឺ​លោក​ត្រាំ​ទំនង​នឹងរ​កាំចិត្ដ​លើ​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន ដោយ​គ្មាន​វិធីសាស្ដ្រ​ច្បាស់លាស់​ណាមួយ​អាចរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទាំងស្រុង​។​

​ទី​បួន​៖​តើ​អាច​ទទួលបាន​ភាពប្រាក​ដ​ប្រជា​ឬទេ​?

​នៅ​ទីក្រុង​វ៉ាស៊ីនតោន​អ្នក​ដែល​ដឹង​រឿងរ៉ាវ​នេះ ស្ទើរតែ​គ្រប់គ្នា​ទៅហើយ​យល់ថា​លោក​គីម ជុង​អ៊ុន នឹងមិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ​។ លោក​Dan Coat​នាយក​ក្រុម​ស៊ើបការណ៍​សម្ងាត់​អាមេរិក បាន​ប្រាប់​ទៅ​គណៈកម្មាធិការ​សភា​អាមេរិក​កាលពី​សប្ដាហ៍​មុន​ថា ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការបង្អាក់​សកម្មភាព​នេះ​។ លោក​ថា​មេដឹកនាំ​កូរ៉េខាងជើង​ចាត់ទុក​អាវុធ​នុយក្លេអ៊ែរ​ជា​កត្ដា​សំខាន់បំផុត ចំពោះ​ការរស់រានមានជីវិត​នៃ​របប​ដឹកនាំ ពិសេស​គឺ​ប្រឆាំង​ការប៉ុនប៉ង​ផ្ដួលរំលំ​របស់​អាមេរិក​។ អ្នកជំនាញ​ជឿជាក់ថា លោក​គីម​កំពុង​ព្យាយាម​បង្កើត​បរិយាកាស​ការទូត​ចាំបាច់​សម្រាប់​កូរ៉េខាងជើង ឲ្យគេ​ទទួលស្គាល់​កូរ៉េខាងជើ​ង​ជា​រដ្ឋ​នុយក្លេអ៊ែរ​។​

​ក្នុង​សារ​ស្វាគមន៍​ឆ្នាំ​ថ្មី លោក​គីម​បាន​និយាយ​គួរឲ្យភ្ញាក់ផ្អើ​លថា ទីក្រុង​ព្យុងយ៉ាង​នឹងមិន​បោះបង់​ឬ​ដកហូត​អាវុធ​នុយក្លេអ៊ែរ តាម​អ្វីដែល​បាន​ប្ដេជ្ញាចិត្ដ​ទេ​។ អតីតមន្ដ្រី​មន្ទីរ​បញ្ច​កោណ​អាមេរិក​មួយចំនួន ទទូច​ឲ្យ​បន្ដ​ចរចា​លើ​ការគ្រប់គ្រង​អាវុធ ជាជាង​ការរំលាយ​អាវុធ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​ជាច្រើន​បាន​សន្និដ្ឋានថា ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មិន​អាចទៅរួច​ឡើយ លុះត្រាតែ​របប​ដឹកនាំ​របស់លោក​គីម​យល់ថា​ខ្លួន​មាន​សុវត្ថិភាព​ជាមុនសិន ហើយ​លោក​គីម​អាច​ជឿជាក់​បាន​ថា លោក​ឈប់​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ក្ដោប​ក្ដាប់​អំណាច​តទៅទៀត​៕

ព័ត៌មានផ្សេងទៀត