អាមេរិក​គាំទ្រ​នីតិវិធី​ផ្អាក​EBA​ ដោយ​អះអាងថា ​ការការពារ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ ដើរ​ថយក្រោយ​

12-02-2019 1:52 pm 2502
  ស្តាប់
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​នូវ​កង្វល់​ដូចគ្នា​នឹង​សហភាព​អឺរ៉ុប​ដែរ ទាក់ទង​នឹង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​សេរីភាព​ក្នុង​ការបញ្ចេញមតិ សិទ្ធិ​ការងារ​ដែលមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ និង​សេរី​ភាពទាក់ទង​នឹង​អង្គការ​សមាគម​។ សហរដ្ឋអាមេរិក បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ពិតប្រាកដ ដូច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។ ជាពិសេស ត្រូវ​ទម្លាក់ចោល​នូវ​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ការចោទប្រកាន់​តាម​ទំនើងចិត្ត​ទាំងអស់ ប្រឆាំងនឹង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​អនុញ្ញាតឲ្យ​សហជីព អង្គការ​សារព័ត៌មាន​ឯករាជ្យ និង​ក្រុម​ដទៃទៀត​នៃ​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការ​រឹតត្បិត​ដែល​មិន​ត្រឹមត្រូវ​។​

​ចំណែក​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី​ផ្អាក​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​(EBA) ដល់​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក ធ្វើ​ការកត់សម្គាល់ថា ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប គឺ​ដោយសារតែ​មើលឃើញថា កម្ពុជា​កំពុង​ដើរ​ថយក្រោយ​យ៉ាងធ្ងន់ធ្ងរ ក្នុង​ការការពារ​សិទ្ធិមនុស្ស និង​សិទ្ធ​ិការងារ នៅក្នុង​រយៈពេល ១៨​ខែ​កន្លងទៅនេះ​។ 

​ប៉ុន្តែ​យ៉ាងណា នេះ​នៅ​មិនទាន់​សម្រេច​ជា​ស្ថាពរ​នៅឡើយ​ទេ​។ សហរដ្ឋអាមេរិក បញ្ជាក់ថា​រដ្ឋាភិបាល​កម្ពុជា​នៅ​មានឱកាស​នៅឡើយ នៅក្នុង​ការចៀស​ផុតពី​ផលវិបាក​អវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច នៃ​ការដក​ការអនុគ្រោះ​ពន្ធ EBA ។ សហរដ្ឋអាមេរិក បាន​ស្រង់​សម្តី​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប គឺ​លោកស្រី Cecilia Malmström ដែល​បាន​បញ្ជាក់ថា​«​វា​ច្បាស់​ហើយ​ថា ចំណាត់ការ​នៅថ្ងៃនេះ​មិនមែនជា​ការសម្រេចចិត្ត​ចុងក្រោយ ហើយក៏​មិនមែនជា​ទីបញ្ចប់​នៃ​ដំណើរ​នីតិវិធី​ដែរ​។ តែ​នាឡិកា​កំពុងតែ​ដើរទៅ​មុខជា​ផ្លូវកា​រហើយ ហើយ​យើង​ត្រូវការ​ឃើញ​វិធានការ​ពិតប្រាកដ ក្នុងពេល​ឆាប់ៗ​នេះ​»​។ 

​នេះ​ជា​សារ​អំពាវនាវ របស់​សហរដ្ឋអាមេរិក ដែល​ធ្វើឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​ដំណើរការ​នីតិវិធី​របស់​សហភាព​អឺរ៉ុប ក្នុង​ការផ្អាក​ការអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម (EBA) សំរាប់​ប្រទេស​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នា​ថ្ងៃនេះ​។​

​កាលពី​ថ្ងៃទី​១១ កុម្ភៈ សហភាព​អឺរ៉ុប​បានប្រកាស​ផ្ដើម​នីតីវិធី​ដែល​ឈានដល់​ការព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់បែបយ៉ាង​លើកលែងតែ​អាវុធ​ហៅ​កាត់​ថា «EBA» ពី​កម្ពុជា បន្ទាប់ពី​មើលឃើញ​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​នៅក្នុង​រយៈពេល ១៨​ខែ​ចុងក្រោយ​មកនេះ ដែល​សហភាព​អឺរ៉ុប ថា​រដ្ឋាភិបាល​កម្ពុជា មិនបាន​កែលម្អ​៕


 ពាក្យគន្លឹះ  សហរដ្ឋអាមេរិកEBA

ព័ត៌មានផ្សេងទៀត