ក្រសួង​កិច្ចការនារី​​បង្កើត​​កម្មវិធី​​ផ្ដល់​ឱវាទ​ ដល់​យុវជន​ សម្រាប់​​ទិវា​បុណ្យ​​នៃ​ក្ដី​ស្រឡាញ់​​

12-02-2019 10:53 am 814
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​កិច្ចការនារី​បាន​ត្រៀម​សារ​អប់រំ​មួយចំនួន និង​បង្កើត​កម្មវិធី​អប់រំ​បែប​ព្រះពុទ្ធសាសនា តាមរយៈ​ព្រះសង្ឃ​ក្នុង​ការផ្ដល់​ឱវាទ ឬ​ដំបូន្មាន​ដល់​យុវជន យុវនារី​ឱ្យ​ស្គាល់​ពី​តម្លៃ និង​សេចក្ដី ថ្លៃថ្នូរ ក្នុង​ការប្រតិបត្តិ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃ ណី​របស់​ខ្មែរ នា​ទិវា​បុណ្យ​នៃ​សេចក្ដី ស្រឡាញ់ ១៤ កុម្ភៈ​។ 

​បើតាម​លោកស្រី​ឃឹម ចំរើន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បានឲ្យដឹងថា ក្រសួង​នឹង​រៀបចំ សារ​អប់រំ​ខ្លីៗ ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​យុវជន យុវនារី​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​ទិវា​បុណ្យ នៃ​ក្ដី​ស្រឡាញ់​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ខាងមុខនេះ ក្នុង​ការចូលរួម​លើកកម្ពស់​តម្លៃ​ស្ដ្រី សីលធម៌​សង្គម និង​គ្រួសារ​ខ្មែរ ជាពិសេស​បញ្ជ្រាប​ចំណេះដឹង​ដល់​សិស្សានុសិស្ស យុវជន យុវនារី អំពី​អត្ថន័យ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ​។ លោកស្រី​ថា ការផ្ញើ​សារ​អប់រំ​នេះ គឺ​ដើម្បី​ជួយ​ពញ្ញាក់​អារម្មណ៍​ដល់​សិស្ស និស្សិត យុវជន យុវនារី​នៅតាម​សាលារៀន និង​តាម​គ្រឹះស្ថានសិក្សា នានា ដែល​កន្លងមក បាន​យក​ថ្ងៃ​១៤​កុម្ភៈ​នេះ ទៅ​ប្រព្រឹត្ដ​អំពើ​មិន​គប្បី ឬ​ធ្វើ​ខុសឆ្គង​នឹង​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​។ 

​គណៈកម្មាធិការ​ជាតិ លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ដ្រី និង​គ្រួសារ​ខ្មែរ ដែលមាន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១៦ ដែល​ក្រសួង ស្ថាប័ន​នីមួយៗ នឹង​រៀបចំ​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ជាពិសេស​ក្រសួង ស្ថាប័ន​ទាំងអស់ នឹង​រៀបចំ​កម្មវិធី​ទិវា​នារី​អន្ដរជាតិ​៨​មីនា នៅ​ចំ​ថ្ងៃទី​១៤ កុម្ភៈ​ខាងមុខ ដែលជា​ឱកាស​មួយ​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​អប់រំ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ផងដែរ​។​

​ដោយឡែក​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ចេញ​សេចក្តីណែនាំ​ថ្មី ដោយ​ដាក់ចេញ​នូវ​វិធានការ​៤​ចំណុច ដើម្បី​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ ១៤ កុម្ភៈ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ផងដែរ​។​

​វិធានកា​រទាំង​៤​ចំណុច​នោះ​រួមមាន ទី​១ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស តាម​គ្រប់​មធ្យោបាយ អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​។ ទី​២ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។ ទី​៣ ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​»​។ និង​ទី​៤ ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា​អប់រំ​ណែនាំ​កែ​ល​ម្ផ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា ការដាក់ចេញ​សេចក្តីណែនាំ​នេះ​ធ្វើឡើង បន្ទាប់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ដែលជា​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine's Day) ជា​ឱកាស​មួយ​ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា បុណ្យ​នេះ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។​

​ទិវា​នេះ​ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិខ្មែរ​ទេ ប៉ុន្តែ​ឥទ្ធិពល​នៃ ទិវា​នេះ កាន់តែ​ធំ​ឡើងៗ ធ្វើឱ្យ​យុវវ័យ ភ្លេច​ការសិក្សា​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណ៌ជាតិដ៏​ផូរផង់​របស់​ខ្មែរ​ទៅវិញ​។​

​យ៉ាងណា​បើតាម​លទ្ធផល របស់​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​សុខភាព​សាធារណៈ លោក​តុង សុ​ប្រាជ្ញ បាន​រកឃើញថា​ក្នុង​រយៈពេល​១០​ឆ្នាំ ចុងក្រោយ​នេះ យុវវ័យ​មាន​ការចាប់អារម្មណ៍​តិចជាង​មុន​ជិត​ពាក់កណ្តាល​ចំពោះ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​នេះ ថា ពោល​កាលពី​ឆ្នាំ​២០០៩​ការចាប់អារម្មណ៍​របស់​យុវវ័យ ចំពោះ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​នេះ មាន​ដល់​៦១,២% តែ​មកដល់​ឆ្នាំ​២០១៩ មានតែ ៣៣,៨%​ប៉ុណ្ណោះ​។ ឯ​ការទិញ​វត្ថុ​អនុស្សាវរីយ៍ ជូន​គ្នា​ទៅវិញទៅមក​ក៏មាន​ការធ្លាក់ចុះ​ជាង ២ ភាគ ៣ ផងដែរ​។ ជាពិសេស​ការជូន​ផ្កា​គ្នា មាន​ការធ្លាក់ចុះ​ច្រើនជាងគេ​៕ 

ព័ត៌មានផ្សេងទៀត